Thursday, May 18, 2023

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជាកំពុងមានសន្ទុះយ៉ាងស្វាហាប់ ឆ្ពោះទៅងើបឡើងវិញពេញទំហឹង ដល់កម្រិត ៥.៥% ក្នុងឆ្នាំនេះ​​

 (ភ្នំពេញ)៖ សេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានសន្ទុះស្វាហាប់ឆ្ពោះ ទៅការស្តារឡើងវិញពេញលេញ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើន ក្នុងផ្នែកសេវាកម្ម និងកសិកម្ម។ ធនាគារពិភពលោកលើកឡើងដូច្នេះ នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពអំពីសេដ្ឋកិច្ចកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។



របាយការណ៍នេះបង្ហាញថា ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងឆ្នាំ ២០២២កន្លងទៅមានសភាពរឹងមាំ ដោយក្នុងនោះសម្រេចបានកំណើនក្នុងកម្រិត ៥.២ភាគរយ។ សន្ទុះងើបឡើងវិញ ក្នុងផ្នែកសេវាកម្ម ជាពិសេសក្នុងផ្នែកពាណិជ្ជកម្ម, ការធ្វើដំណើរ, និងបដិសណ្ឋារកិច្ច បាននាំកម្ពុជាត្រឡប់ ទៅរកកម្រិតកំណើនដែលធ្លាប់មានកាល ពីមុនពេលផ្ទុះជំងឺកូវីដ-១៩ ក្នុងនោះ ការមកដល់នៃភ្ញៀវបរទេស មានការកើនឡើងខ្លាំងស្របពេលដែលកម្ពុជា ធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។

ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជានេះ បានមកក៏ដោយសារថ្លៃទំនិញ ក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការរក្សាបាននូវលំនឹងនៃថ្លៃប្រេងឥន្ធនៈ និងទំនិញ នៅទូទាំងពិភពលោកផងដែរ។ វិស័យកសិកម្មរបស់កម្ពុជា កំពុងរីកវិសាលភាពរបស់ខ្លួន ដោយមានច្រកចូលទៅកាន់ទីផ្សារ ក្នុងតំបន់កាន់តែច្រើន បន្ទាប់ពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នៅក្នុងបរិបទនេះ ធនាគារពិភពលោកព្យាករថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ នឹងស្ទុះឡើងដល់កម្រិត ៥.៥ភាគរយ។

យ៉ាងណាក៏ដោយ ការអូសបន្លាយនៃការធ្លាក់ចុះនៃតម្រូវការនៅបរទេស នឹងអាចធ្វើឲ្យផ្នែកផលិតកម្មសម្រាប់នាំចេញចុះខ្សោយ ហើយការបន្តរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ លើសកលលោក អាចបង្កហានិភ័យមួយ ដល់ផ្នែកហិរញ្ញវត្ថុរបស់កម្ពុជា ដែលមានការពឹងអាស្រ័យខ្លាំង លើទុនមកពីក្រៅសម្រាប់វិនិយោគ។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «ដើម្បីរក្សាឲ្យបាននូវដំណើរងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជា ចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផល និងទីដៅទេសចរណ៍ ឲ្យកាន់តែសម្បូរបែបថែមទៀត។ ជាមួយគ្នានេះ កម្ពុជាក៏ចាំបាច់ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនដែរ តាមរយៈការពង្រីកបណ្តាញផ្លូវគមនាគមន៍, កាត់បន្ថយរបាំងពាណិជ្ជកម្ម និងសម្រួលនីតិវិធីគយ ឲ្យកាន់តែរលូនថែមទៀត»។

សម្រាប់រយៈពេលមធ្យម សេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងកើនដល់៦ភាគរយ ដោយមានការទ្រទ្រង់ពីសំណាក់ សន្ទុះស្វាហាប់នៃការនាំចេញទំនិញ និងសេវាកម្ម និងពីសំណាក់ការកើនឡើង នៃការវិនិយោគ ជាពិសេសក្រោមរូបភាពដៃគូរវាងផ្នែកសាធារណៈ និងផ្នែកឯកជន ទៅលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ មានកំពង់ផែសមុទ្រ និងផ្លូវជាដើម។

របាយការណ៍នេះ និយាយទៀតថា កម្ពុជាអាចជំរុញកំណើននេះបានតាមរយៈការវិនិយោគលើតភ្ជាប់នៃហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស ធានាបាននូវស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងជំរុញការធ្វើពិពិធកម្មការនាំចេញ ដើម្បីពង្រីកភាពធន់របស់សេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ខ្លួន។

របាយការណ៍នេះ មានផ្នែកមួយ ដែលផ្ដោតសំខាន់ទៅលើការពិនិត្យលទ្ធភាព ដែលកម្ពុជាអាចធ្វើបាន ក្នុងការបង្កើនការចំណាយសាធារណៈ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសទៅលើវិស័យសុខាភិបាល និងអប់រំ ប៉ុន្តែរបាយការណ៍ ក៏ធ្វើការកត់សម្គាល់ដែរថា ចាំបាច់ត្រូវបង្កើនការចំណាយនោះថែមទៀត។ ការផ្តោតការយកចិត្តទុកដាក់ទៅលើប្រសិទ្ធផលផ្នែកបែងចែក និងផ្នែកប្រតិបត្តិការរបស់ធនធាន អាចជួយបានក្នុងការឆ្លើយតបចំពោះបញ្ហា នៃការដាក់ពង្រាយមិនស្មើភាពគ្នានៃគ្រូបង្រៀន និងចំពោះបញ្ហានៃកង្វះភាពទុកចិត្តរបស់សាធារណជន ទៅលើសេវាសុខាភិបាលក្នុងស្រុក។

របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ច ផ្ដោតសំខាន់លើការវិវត្តនៃសេដ្ឋកិច្ច ក្នុងរយៈពេលខ្លី និងមធ្យម ហើយចេញផ្សាយពីរដងក្នុងមួយឆ្នាំ៕ Fresh News




No comments:

Post a Comment