Friday, January 13, 2023

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

 (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ស្ថិតនៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នាឱកាសឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សទាំងអស់ ត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសហគមន៍យើងគ្មានគ្រឿងញៀន ខណ:ក្រុមឧក្រិដ្ឋជនគ្រឿងញៀន នៅតែបន្តមានសកម្មភាពខ្លាំងក្លា តាមរយៈធ្វើការផ្លាស់ប្ដូរ គ្រប់រូបភាព វិធីសាស្ត្រថ្មីៗ និងកាន់តែមានឧបាយកប ពិសពុល ក្នុងការលួចលាក ផលិតគ្រឿងញៀនខុសច្បាប់។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា បើទោះបីរយៈពេល៣ឆ្នាំបវិបត្តិកូវីដ១៩នេះ ក៏ដោយនិន្នាការនៃការផលិត ចរាចរ ជួញដូរគ្រឿងញៀននៅក្នុងតំបន់ និងពិភពលោក នៅតែបន្តកើនឡើងឥតឈប់ឈរ ប្រកបដោយហានិភ័យ។

ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រុមឧក្រិដ្ឋជន គ្រឿងញៀន នៅតែបន្តមានសកម្មភាពខ្លាំងក្លា តាមរយៈធ្វើការផ្លាស់ប្ដូរ គ្រប់រូបភាព វិធីសាស្ត្រថ្មីៗ និងកាន់តែមានឧបាយកប ពិសពុល ក្នុងការលួចលាក ផលិតគ្រឿងញៀនខុសច្បាប់ ជាពិរសសការកើនឡើងគួរឱ្យកត់សម្គាល់ឥតឈប់ឈរ នៃការលួចបង់សារធាតុគីមី ទៅជាការផលិត កែច្នៃ គ្រឿងញៀនសំយោគខុសច្បាប់ ដែលមានលក្ខខណ្ឌ ងាយស្រួលក្នុងការផលិត បានកំពុងក្លាយជាការព្រួយ បារម្ភយ៉ាងខ្លាំងសំរាប់ពិភពលោក តំបន់ និងកម្ពុជាយើងផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបង្ហាញការសង្ឃឹមប្រកបដោយភាពជឿជាក់ យ៉ាងមុតមាំថា ជាជនរងគ្រោះដែលកំពុងសម្រាក ព្យាបាលនៅទីនេះ ក៏ដូចជានៅទីកន្លែងដទៃទៀត ត្រូវមានការប្ដេជ្ញាចិត្តកែប្រែខ្លួន ទទួលយកសេវាព្យាបាល និងស្ដារនីតិសម្បទាគោរពតាមបែបទញាផ្ទៃក្នុងរបស់មជ្ឈមណ្ឌល និងការណែនាំផ្សេងៗទៀតរបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិក ដើម្បីបានឆាប់ជាសះ សបើយ និងមានជំនាញបច្ចេកទេសពិតប្រាកដអាចជួបជុំគ្រួសារ និងបម្រើការងារក្នុងសង្គមជាតិវិញ។ ដោយឡែកចំពោះគ្រួសារដែលមានកូន ឬបងប្អូនជាជនរងគ្រោះដោយសារគ្រឿងញៀន គឺហើយពុំទាន់បានទៅរកសេវាព្យាបាល ត្រូវភ្ញាក់រំលឹកខ្លួនមករកសមត្ថកិច្ច ឬមណ្ឌលសេវាសុខភាពដែលនៅជិតដើម្បីទទួលយកការព្យាបាលនេះ។

សូមជម្រាបថា មជ្ឈមណ្ឌលជាតិព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (ក្រាំងធ្នង់) ត្រូវបានផ្លាស់ប្តូរ ទីតាំងថ្មី ដោយរៀបចំសាងសង់នៅលើផ្ទៃដីប្រមាណជិត ២ហិកតា ស្ថិតនៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល រួមមាន៖ អគាររដ្ឋបាល អគារស្នាក់នៅរបស់មន្ត្រី, អគារស្ដារនីតិសម្បទា អគារអាហារដ្ឋាន អគារ ឃ្លាំងរោងជាង តារាងបាល់ និងហេដ្ឋារចនាសម្ព័ន្ធនានា ស្របតាមស្ដង់ដារ និងបានបញ្ចប់ការសាងសង់ចប់សព្វ គ្រប់ជាស្ថាពរ។ មជ្ឈមណ្ឌលនេះនឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការបន្សាប ព្យាបាល អប់រំ ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មអ្នកជាសះស្បើយពីគ្រឿងញៀនចូលទៅសហគមន៍ និងក្រុមគ្រួសារវិញ។

ជាមួយគ្នានេះ មជ្ឈមណ្ឌលថ្មីនេះ ក៏នឹងចាប់ផ្ដើមផ្ទេរជនរងគ្រោះពីទីតាំងចាស់ដែលមានសភាពណែនតាន់តាប់ នាដើមឆ្នាំ២០២៣ និងអាចទទួលយកជនរងគ្រោះបន្ថែមទៀតទៅតាមដំណាក់កាល រហូតដល់ ១,០០០នាក់ នាពេលអនាគត ស្របតាមស្ថានភាពទីតាំងដែលមានភាពធំទូលាយ៕







No comments:

Post a Comment