Friday, January 13, 2023

វិភាគអន្តរជាតិ៖ រឿងអាស្រូវឯកសារសម្ងាត់, លោក ចូ បៃដិន ហុចដងកាំបិតឱ្យលោក ដូណាល់ ត្រាំ?


(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីពេលថ្មីៗនេះបានឱ្យដឹងថាក្រុមមេធាវីរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានរកឃើញឯកសារសម្ងាត់ជាច្រើនដុំនៅទីតាំងចំនួន២ ដាច់ដោយឡែកពីគ្នា ហើយឯកសារសម្ងាត់ទាំងនោះត្រូវបានចុះកាលបរិច្ឆេទតាំងពីជំនាន់លោក បៃដិន កាន់តំណែងជាអនុប្រធានាធិបតីនៃរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានបញ្ជាក់ទៀតថាឯកសារសម្ងាត់ជាង១០ដុំ ត្រូវបានរកឃើញកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅឯមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ មានឈ្មោះថា Penn Biden Center នៃសាកលវិទ្យាល័យ Pennsylvania ដែលលោក បៃដិន យកធ្វើជាការិយាល័យរបស់លោក ភ្លាមៗក្រោយលោក ដូណាល់ ត្រាំ ឡើង កាន់តំណែងជាប្រធានាធិបតី។ ចំណែកឯ ឯកសារមួយចំនួនទៀតត្រូវបានប្រមូលយកចេញពីផ្ទះរបស់លោក បៃដិន ក្នុងទីក្រុង Wilmington នៃរដ្ឋ Delaware។

* តើគេដឹងអ្វីខ្លះពីការប្រទះឃើញឯកសារសម្ងាត់លោក បៃដិន?

ភ្លាមៗ ក្រោយលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៧ សាកលវិទ្យាល័យ Pennsylvania (University of Pennsylvania) បានប្រកាសថាអតីតអនុប្រធានាធិបតី លោក ចូ បៃដិន នឹងត្រូវដឹកនាំមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវថ្មីមួយ ដែលនឹងផ្ដោតជាសំខាន់លើការទូត គោលនយោបាយការបរទេស និងសន្តិសុខជាតិ នោះគឺមជ្ឈមណ្ឌល Penn Biden Center for Diplomacy and Global Engagement។ មជ្ឈមណ្ឌលនេះមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស្ថិតនៅក្បែរ វិមានកាពីតូល (Capitol) និងត្រូវបានបើកសម្ពោធក្នុងឆ្នាំ២០១៨។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Richard Sauber ដែលជាទីប្រឹក្សាច្បាប់របស់លោក បៃដិន បានឱ្យដឹងថាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលរៀបចំប្រមូលឯកសារ ក្រុមមេធាវីរបស់លោក ចូ បៃដិន បានប្រទះឃើញដោយចៃដន្យនូវឯកសារសម្ងាត់ជាច្រើនដុំ នៅក្នុង ទូរមួយត្រូវបានចាក់សោរនៅឯមជ្ឈមណ្ឌល Penn Biden Center។ បើតាមលោក Sauber ឯកសារសម្ងាត់ទាំងនោះត្រូវបានបញ្ជូនទៅកាន់បណ្ណសារជាតិដោយស្ម័គ្រចិត្ត ស្របទៅតាមច្បាប់កំណត់រួចរាល់ហើយ។

មកដល់ថ្ងៃព្រហស្បតិ៍ ទី១២ ខែមករានេះ សេតវិមានបានប្រកាសឱ្យដឹងពីការប្រមូលឯកសារសម្ងាត់ជាច្រើនដុំបន្ថែមទៀតចេញពីគេហដ្ឋានរបស់លោក ចូ បៃដិន ក្នុងទីក្រុង Wilmington កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ សេតវិមានមិនបានលម្អិតចំនួនឯកសារទាំងនោះឡើយ ដោយគ្រាន់តែហៅថា «ឯកសារមួយចំនួនតូច»។ ប៉ុន្តែមានរឿងមួយដែល គួរឱ្យសង្ស័យ គឺថាតើក្រុមមេធាវីរបស់លោក ចូ បៃដិន ទៅមជ្ឈមណ្ឌល Penn Biden Center ដើម្បីអ្វី? ខណៈអ្វីដែលគេកំពុងមើលឃើញ នោះគឺការចាប់ផ្ដើមប្រៀបប្រដូច ករណីលោក បៃដិន និងករណីលោក ត្រាំ ហើយដែលមើលទៅធ្វើឱ្យគេកាន់តែមើលឃើញថាករណីលោក ត្រាំ មានសភាពធ្ងន់ធ្ងរ និងអាក្រក់ខាំ្លង។

* ភាពខុសគ្នារវាងករណីលោក បៃដិន និងលោក ត្រាំ

និយាយពីករណីខុសគ្នាវាមានច្រើន។ តែករណីដូចគ្នាគឺមានតែមួយគត់ នោះគឺមិនថាលោក ចូ បៃដិន ឬក៏លោក ដូណាល់ ត្រាំឡើយ គ្មានសិទ្ធិ ហើយក៏មិនគួររក្សាទុកឯកសារ សម្ងាត់ជាកម្មសិទ្ធិរបស់ខ្លួននោះដែរ។ ពោលគឺនៅកំលុងរយៈពេលផ្ទេរអំណាច ឯកសារសម្ងាត់នានានៃរដ្ឋបាលនីមួយៗ ត្រូវតែប្រគល់ត្រឡប់ទៅឱ្យបណ្ណសារជាតិអាមេរិក ជាអ្នករក្សាទុក។ ការកាន់កាប់អាចឯកសារសម្ងាត់ជាតិបែបនេះជាទង្វើខុសច្បាប់ និងបង្កហានិភ័យខ្ពស់ដល់សន្តិសុខជាតិ ប្រសិនបើឯកសារសម្ងាត់ណាមួយធ្លាក់ចូលក្នុង ដៃបច្ចាមិត្ត។ បើតាមក្រុមអ្នកជំនាញផ្នែកច្បាប់ ករណីលោក បៃដិន និងលោក ដូណាល់ ត្រាំ មានភាពខុសគ្នាដូចក្រោម៖

មកទល់នឹងពេលនេះ ឯកសារដែលគេប្រមូលចេញពីមជ្ឈមណ្ឌល Penn Biden Center មានចំនួន១០ដុំ និងឯកសារមួយចំនួនតូចទៀតត្រូវបានប្រមូលចេញពីគេហដ្ឋាន លោក បៃដិន ក្នុងទីក្រុង Wilmington បើធៀបទៅនឹងឯកសារសម្ងាត់ជាង៣០០ដុំ ត្រូវបាន​ FBI ចុះឆែកឆេរ និងរឹបអូសចេញពីភូមិគ្រឹះ Mar-a-Lago របស់លោក ដូណាល់ ត្រាំ ក្នុងរដ្ឋផ្ល័រីដា។

ឯកសារសម្ងាត់រឹបអូសចេញពីភូមិគ្រឹះលោក ដូណាល់ ត្រាំ មាន៦០ ត្រូវបានគេរាយការណ៍ថាជាឯកសារសម្ងាត់បំផុត សុទ្ធសឹងតែជារឿងរសើបដែលមានជាប់ពាក់ព័ន្ធនឹង ព័ត៌មានសម្ងាត់ស្ដីពីអ៉ីរ៉ង់ ចិន និងអាវុធនុយក្លេអ៊ែរ ខណៈឯកសារសម្ងាត់ដែលត្រូវបានគេប្រមូលចេញពីមជ្ឈមណ្ឌល Penn Biden Center មានមួយចំនួនតូចជាឯកសារសម្ងាត់ បំផុត មាននិយាយពីរឿងនយោបាយទាក់ទិននឹងប្រទេស មួយចំនួនដូចជាអ៉ីរ៉ង់ និងអ៊ុយក្រែន ហើយក្នុងនោះក៏មានរឿងផ្ទាល់ខ្លួនរបស់លោក ចូ បៃដិន នោះគឺពីធីបុណ្យសព របស់លោក Beau Biden ដែលជាកូនប្រុសរបស់លោក បៃដិនផងដែរ។

ក្រុមការងាររបស់លោក ចូ បៃដិន បានប្រគល់ឯកសារសម្ងាត់ទាំងនោះទៅកាន់បណ្ណសារជាតិរួចរាល់ហើយដោយស្ម័គ្រចិត្ត ផ្ទុយពីលោក ត្រាំ និងក្រុមការងាររបស់លោកដែល បានបដិសេធ និងបានលាក់ទុកឯកសារសម្ងាត់ខ្លះ ពីភ្នែកក្រុមអ្នកស៊ើបអង្កេតទៀតផង។

* ហុចដងកាំបិតឱ្យបក្សសាធារណរដ្ឋ និងលោក ត្រាំ?

ក្រោយសារព័ត៌មានអាមេរិកនាំគ្នាចុះផ្សាយយ៉ាងព្រោងព្រាតពីការប្រទះឃើញឯកសារសម្ងាត់នៅខាងក្រៅបណ្ណសារជាតិ (National Archives) បែបនេះ លោក ដូណាល់ ត្រាំ ដែលរូបលោកផ្ទាល់កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរឿងលាក់ទុកឯកសារសម្ងាត់ជាតិដោយខុសច្បាប់ផងនោះ បានចេញមុខរិះគន់ និងនិយាយសើចចំអកដាក់លោក បៃដិន វិញម្ដង។ ជុំវិញសំណុំរឿងនេះដែរ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក Merrick Garland នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករានេះបានប្រកាសតែងតាំងលោក Robert Hur ដែលធ្លាប់ជារដ្ឋអាជ្ញាប្រចាំរដ្ឋ Maryland ក្រោមអាណត្តិលោក ដូណាល់ ត្រាំ ជារដ្ឋអាជ្ញាពិសេសដើម្បីបើកស៊ើបអង្កេត។ ជាទ្រឹស្ដី ការស៊ើបអង្កេតលើករណីលោក ចូ បៃដិន ត្រូវធ្វើដាច់ដោយឡែកពីករណីលោក ត្រាំ ប៉ុន្តែច្បាស់ណាស់ សំណុំរឿងទាំង២នេះនឹងត្រូវបានប្រើជាប្រយោជន៍នយោបាយរវាងគណបក្សធំៗទាំង២ ជាពិសេសគឺ គណបក្សសាធារណរដ្ឋដែលកំពុងគ្រប់គ្រងសភាតំណាងរាស្ត្រអាមេរិកប្រាកដនឹងមិនអាចឱ្យលោក បៃដិន រួចខ្លួនដោយងាយៗឡើយ។

ប្រធានសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ លោក Kevin McCarthy កាលពីថ្ងៃចន្ទ ទី៩ ខែមករានេះ បានប្រាប់អ្នកសារព័ត៌មានថាការបែកធ្លាយព័ត៌មានជុំវិញ ការប្រទះឃើញឯកសារសម្ងាត់នៅឯមជ្ឈមណ្ឌល Penn Biden Center បានបង្ហាញយ៉ាងច្បាស់ថាការស៊ើបអង្កេតលើលោក ត្រាំ គឺជាចេតនានយោបាយ។ «ខ្ញុំគិតថារឿងនេះ បានបង្ហាញពីអ្វីដែលពួកគេកំពុងធ្វើដាក់លោក ត្រាំ...ហើយសភាអាមេរិកគួរតែបើកការស៊ើបអង្កេត»។ នេះជាការបញ្ជាក់របស់លោក Kevin McCarthy ចេញផ្សាយដោយ CNN។

តាមពិតទៅ លោក Kevin McCarthy បានសន្យាថាតាំងតែពីមុនលោកជាប់ឆ្នោតជាប្រធានសភាតំណាងរាស្ត្រអាមេរិកមកម្ល៉េះ ថាលោកនឹងប្រើប្រាស់សំឡេងភាគច្រើនរបស់ បក្សសាធារណរដ្ឋ ក្នុងសភាតំណាងរាស្ត្រអាមេរិក ដើម្បីបើកការស៊ើបអង្កេតលើអ្វីដែលក្រុមអ្នកសាធារណរដ្ឋចោទប្រកាន់ថាលោក ចូ បៃដិន ប្រើប្រាស់ស្ថាប័នរដ្ឋតួយ៉ាង ដូចជា FBI និងក្រសួងយុត្តិធម៌អាមេរិកជាឧបករណ៍នយោបាយធ្វើបាបលោក ដូណាល់ ត្រាំ។ ការបែកធ្លាយព័ត៌មានជុំវិញការប្រទះឃើញឯកសារសម្ងាត់នៅឯមជ្ឈមណ្ឌល Penn Biden Center និងនៅគេហដ្ឋានរបស់លោក ចូ បៃដិន ក៏បាននិងកំពុងបង្កឱ្យមានការចោទសួរឡើងផងដែរថាតើគណបក្សសាធារណរដ្ឋដែលកំពុងគ្រប់គ្រងសភាតំណាងរាស្ត្រអាចនឹង ដំណើរការនីតិវិធីចោទប្រកាន់ដកតំណែងរបស់លោក បៃដិន ដូចដែលគណបក្សប្រជាធិបតេយ្យធ្លាប់បានធ្វើដាក់លោក ត្រាំ ដែរឬក៏យ៉ាងណា?

គួរបញ្ជាក់ថា បើតាមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ប្រធានាធិបតីអាចត្រូវបានដកតំណែង នៅក្នុងករណីប្រព្រឹត្តបទល្មើសដូចជាក្បត់ជាតិ ពុករលួយ ឬក៏បទល្មើសតូចធំ ផ្សេងទៀត ដែលគេហៅជាភាសាអង់គ្លេសថា «other high Crimes and Misdemeanors»។ បទល្មើសតូចធំផ្សេងទៀត មានអត្ថន័យធំទូលាយខ្លាំងពេកដែលនាំឱ្យមានការ បកស្រាយខុសគ្នា តែជាទូទៅ ការដកតំណែងប្រធានាធិបតីអាចធ្វើទៅបាន ដោយមិនចាំបាច់ទាមទារត្រូវតែមានបទល្មើសព្រហ្មទណ្ឌនោះទេ។ ដំណើរការនីតិវិធីដកតំណែង ឬការបោះឆ្នោតចោទប្រកាន់ដកតំណែងប្រធានាធិបតីដែលគេហៅថា «Impeachment» មិនមែនជារឿងពិបាកនោះទេ នៅក្នុងសភាតំណាងរាស្ត្រដែលកំពុងស្ថិតនៅក្រោម ការគ្រប់គ្រងពីគណបក្សសាធារណរដ្ឋ។ ការអនុម័តការចោទប្រកាន់ប្រធានាធិបតី ទាមទារការគាំទ្រត្រឹមតែសំឡេងភាគច្រើនធម្មតាប៉ុណ្ណោះ តែរឿងដែលពិបាក នោះគឺនៅឯ ព្រឹទ្ធសភាទៅវិញទេ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងដោយបក្សប្រជាធិតេយ្យ៕ (FRESH NEWS)


No comments:

Post a Comment