Friday, January 13, 2023

ក្រសួងសុខាភិបាល ណែនាំដល់ម្ចាស់គ្រឹះស្ថានលក់ឱសថ អាជីវករ និងពលរដ្ឋទាំងអស់ បញ្ឈប់ការប្រើប្រាស់ឱសថ AMBRONOL SYRUP ជាបន្ទាន់

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានណែនាំដល់វេជ្ជបណ្ឌិត ឱសថការី ម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រឹះស្ថានលក់ឱសថ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបញ្ឈប់ការប្រើប្រាស់ឱសថ AMBRONOL SYRUP ជាបន្ទាន់។ នេះបើយោងតាមសេចក្តិជូនព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

តាមរយៈសេចក្តីជូនព័ត៌មានដដែល ក្រសួងសុខាភិបាល បានឱ្យថា៖ យោងតាម RAPID ALERT SYSTEM របស់អង្គការសុខភាពពិភពលោក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានរកឃើញថាឱសថ AMBRONOL SYRUP ដែលមានផ្ទុកសារធាតុសកម្មឱសថ Ambroxol Hydrochloride 15mg/5mL ផលិតដោយរោងចក្រផលិតឱសថ MARION BIOTECH PVT. LTD, India (មានលេខឡូតិ៍ AAS2103, AAS2201, AAS2202 និង AAS2204 ដែលកំពុងចរាចរនៅប្រទេស Uzbekistan) មានផ្ទុកសារជាតិគីមី Diethylene Glycol និង Ethylene Glycol លើសកម្រិតបទដ្ឋានស្តង់ដារ អាចបង្កឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កុមារ ឬឈានដល់បាត់បង់ជីវិត ព្រមទាំងមានផលរំខានធ្ងន់ធ្ងរដូចជា៖ ឈឺពោះ ក្អួត រាគ ពិបាកនោម ឈឺក្បាល ស្ថានភាពផ្លូវចិត្តប្រែប្រួល និងវិបត្តិតម្រងនោមស្រួចស្រាល់ដែលអាចបង្កឱ្យស្លាប់បាន។

បន្ថែមពីនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយឡែកឱសថ AMBRONOL SYRUP មានលេខឡូតិ៍ AAS2203 កំពុងចរាចរនៅលើទីផ្សារព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលដោយគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ Quramax (Cambodia) Limited និងមានអត្តសញ្ញាណ ដូចខាងក្រោម៖

ដែលមានឈ្មោះឱសថ AMBRONOL SYRUP, វេចខ្ចប់ Box/ Bottle, រោងចក្រ MARION BIOTECH PVT.LTD, ក្រុមហ៊ុននាំចូល Quramax (Cambodia) Limited និងមានលេខបញ្ជីកា CAMN 00012IP-20 ដែលផលិតនៅប្រទេសឥណ្ឌា។

ក្រសួងបានឱ្យដឹងថា អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកប្រើប្រាស់ក្រសួងសុខាភិបាលសូមមានវិធានការ ដូចតទៅ៖

ទី១៖ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ Quramax (Cambodia) Limited ដែលបាននាំចូល និងចែកចាយឱសថខាង
លើ ត្រូវប្រមូលមកវិញនូវឱសថខាងលើនេះ ពីគ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន) នានា ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទី២៖ គ្រប់មន្ទីរពេទ្យរដ្ឋ ឯកជន គ្លីនីក បន្ទប់ពិគ្រោះជំងឺ បន្ទប់ព្យាបាលជំងឺ គ្រប់សេវាសុខាភិបាលផ្សេងៗទៀត និងសាធារណជនត្រូវបញ្ឈប់ការប្រើប្រាស់ឱសថខាងលើ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាននេះតទៅ។
ទី៣៖ គ្រឹះស្ថានលក់ឱសថ (ឱសថស្ថាន) ទាំងអស់ ត្រូវបញ្ឈប់ការលក់ឱសថខាងលើនេះ ចាប់ពីថ្ងៃចេញសេចក្តីជូនព័ត៌មាន
ទី៤៖ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ឱសថស្ថានឱសថស្ថានរង ទាំងឡាយណាដែលនៅតែបន្តការលក់ឱសថខាងលើនេះ។

ក្នុងករណីបងប្អូនបានប្រទះឃើញឱសថ AMBRONOL SYRUP សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១១ ៥៧៤ ៧៨៧, ០១២ ៣៥៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕




No comments:

Post a Comment