Saturday, December 10, 2022

ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណា​ចក្រកម្ពុជា អញ្ជើញជាអធិ​បតី​បើក​មហា​សន្និបាតលើកទី១៦ ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើសាកលលោក ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរ​នៃក្ដីសង្ឃឹម” (The 16th World Congress of The Most Beautiful Bays in The World Under The Theme “BAY OF PEACE, BAY OF HOPE”) ។ ខេត្តព្រះសីហនុ, ព្រឹកថ្ងៃសៅរ៍ ២ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២

 ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទី​ក្រុង​ប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះមានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេស​បារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។ កម្ពុជា ត្រូវបាន​ដាក់​បញ្ចូល​ជាសមាជិកពេញសិទ្ធក្លឹបឆ្នេរសមុទ្រ​ដែលស្អាតបំផុតលើសាក​លលោក​ក្នុងមហា​សន្និបាត​លើកទី៧របស់ក្លឹបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់។

ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក តែងតែរៀបចំ​មហាសន្និបាត​រៀងរាល់​ឆ្នាំនៅតាម​បណ្តាប្រទេសនានាជាសមាជិកក្លឹប។ មហាសន្និបាតនេះ ជាវេទិកាដ៏សំខាន់​មួយផ្តល់​ឱកាសឱ្យប្រទេសជាសមាជិកក្លឹប បានជួបជជែក និងផ្លាស់ប្តូរ​បទពិសោធន៍​គ្នាលើ​ការ​គ្រប់គ្រងឆ្នេរសមុទ្រ ក៏ដូចជាលើកឡើងនូវបញ្ហាប្រឈមរបស់ពួកគេ ដើម្បីស្វះស្វែង​រកដំណោះ​ស្រាយក្នុងការគ្រប់គ្រងឆ្នេរប្រកបដោយនិរន្តរភាព និងរក្សាបាននូវ​ភាពស្រស់​ស្អាត​ និងការទាក់ទាញអ្នកទេសចរ។ ជាពិសេសមហាសន្និបាតនេះ ក៏ជាឱកាស​ក្នុងការ​ផ្សព្វ​ផ្សាយគោលដៅ និងផលិតផលទេសចរណ៍ផងដែរ។

បន្ទាប់ពីក្លាយ​ជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកនៅឆ្នាំ២០១១ កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ រួចម្តងមកហើយកាលពីឆ្នាំ២០១៣ នៅរមណីយដ្ឋានឋានសួគ៌បូកគោ ក្នុងខេត្តកំពត។

តាមរយៈសំណើរបស់កម្ពុជា មហាសន្និបាតរបស់ក្លឹបលើកទី១៤ ដែលរៀបចំ​នៅទីក្រុង​ឆ្នេរ​សមុទ្រតូយ៉ាម៉ា ប្រទេសជប៉ុន ឆ្នាំ២០១៩ ក៏បានបោះឆ្នោតជា​ឯកច្ឆ័ន្ទផ្តល់​សិទ្ធិឱ្យកម្ពុជា​ធ្វើជាម្ចាស់​ផ្ទះ​រៀបចំមហាសន្និបាតនេះជាលើកទី២ នៅក្នុងឆ្នាំ២០២២ បន្ទាប់​ពីពិនិត្យ​ឃើញកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៅឆ្នាំ២០១៣។

មហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ដែលរៀបចំឡើងនៅកម្ពុជានេះ មានរយៈពេលប្រមាណជា៦ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ ១៤ ខែធ្នូ ឆ្នាំ២០២២។ មហាសន្និបាតនេះ រៀបចំឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»។

សូមរំលឹកដែរថា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើលោក បានខកខានរៀបចំ​មហាសន្និបាត​នេះអស់រយៈពេលពីរឆ្នាំមកហើយ ដោយសារតែការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ កម្ពុជា គឺជាប្រទេសដំបូង ដែលរៀបចំមហាសន្និបាតនេះឡើងវិញ ក្រោយការរាត​ត្បាតនៃជំងឺកូវីដ១៩។ ដូច្នេះមហាសន្និបាតនេះ ក៏នឹងក្លាយទៅជាការចែករំលែកនូវជោគជ័យរបស់កម្ពុជា លើកការគ្រប់គ្រងជំងឺកូវីដ១៩ ដែលជាមេរោគនាំឱ្យកើតវិបត្តិធ្ងន់ធ្ងរលើវិស័យទេសចរណ៍ផងដែរនោះ៕

No comments:

Post a Comment