Saturday, December 10, 2022

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យកំណត់យកថ្ងៃទី២៦ ខែឧសភារៀងរាល់ឆ្នាំ ដើម្បីរៀបចំវេទិកាជាតិតំបន់ឆ្នេរប្រចាំឆ្នាំ

(ព្រះសីហនុ)៖ ថ្លែងចេញពីខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យកំណត់យកថ្ងៃទី២៦ ខែឧសភាជារៀងរាល់ចំវេទិកាជាតិតំបន់ឆ្នេរប្រចាំឆ្នាំ ដើម្បីជួបជុំពិភាក្សា និងផ្លាស់ប្ដូរយោបល់ជុំវិញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។



ស​ម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា ការរៀបចំវេទិកាជាតិតំបន់ឆ្នេរប្រចាំឆ្នាំនេះ អាចឆ្លាស់វេនគ្នានៅតាមបណ្តាខេត្តតំបន់ឆ្នេរទាំង៤ រួមមាន ខេត្តព្រះសីហនុ, កែប, កំពត និងកោះកុង។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំស្នើឲ្យមានការរៀបចំវេទិកាជាតិតំបន់ឆ្នេរប្រចាំឆ្នាំ ដើម្បីជួបជុំពិភាក្សា និងផ្លាស់ប្ដូរយោបល់ជុំវិញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយយើងអាចកំណត់ថ្ងៃទី២៦ ខែឧសភាជារៀងរាល់ឆ្នាំ ដែលជាថ្ងៃកម្ពុជាបានក្លាយជាសមាជិកក្លឹប ដើម្បីរៀបចំវេទិកាជាតិនេះ ដោយអាចឆ្លាស់វេនគ្នានៅតាមបណ្តាខេត្តតំបន់ឆ្នេរទាំង៤»។

ក្នុងឱកាសនោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានអះអាងថា កម្ពុជា ប្តេជ្ញារក្សាឲ្យបាននូវសមាជិកភាពក្នុងក្លឹប ហើយខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាទាំង៤ ក៏ត្រូវរក្សាឲ្យបាននូវខ្សែក្រវាត់ និងកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។ យើងត្រូវប្ដេជ្ញាធ្វើឲ្យទីក្រុងជាប់ឆ្នេរសមុទ្ររបស់យើងមាននិរន្តរភាព ដូចដែលយើងបានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរ គឺ៖

* ខេត្តព្រះសីហនុ៖ ជា «គោលដៅទេសចរណ៍សម្រាកលម្ភៃ និង ជាតំបន់សេដ្ឋកិច្ចពហុបំណង»

* ខេត្តកែប៖ ជា «គោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណិត»

* ខេត្តកំពត៖ ជា «គោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍តំបន់ឆ្នេរ»

* ខេត្តកោះកុង៖ ជា «គោលដៅអេកូទេសចរណ៍តំបន់ទេសចរណ៍លំដាប់ពិភពលោក»។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ, កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការធ្វើជាលេខាធិការដ្ឋានសម្រាប់ធានាដំណើរការរដ្ឋបាល និងកិច្ចការទូទៅរបស់ក្លឹប ហើយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ត្រូវរៀបចំឲ្យមានកន្លែងបំពេញការងារជាអចិន្ត្រៃយ៍មួយនៅក្រសួងទេសចរណ៍ និងមួយទៀត នៅក្រុងព្រះសីហនុសម្រាប់ដំណើរការលេខាធិការដ្ឋាននេះ។ ទន្ទឹមនឹងនេះ សម្ដេចក៏ស្វាគមន៍ផងដែរចំពោះការរៀបចំឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប នៅឆ្នាំ២០២៣ ឬពេលខាងមុខណាមួយ រួមជាមួយព្រឹត្តិការណ៍ផ្សេងៗទៀតរបស់ក្លឹបនៅលើទឹកដីឆ្នេរសមុទ្រកម្ពុជា។

ជាមួយនឹងការបោះឆ្នោតជ្រើសរើសគណៈប្រតិបត្តិសម្រាប់អាណត្តិបន្ទាប់ នាឱកាសបិទមហាសន្និបាត, កម្ពុជាសូមគាំទ្រចំពោះបេក្ខភាព លោក ប៊្រូណូ បូដាដ (Bruno Bodard) ជាប្រធានក្លឹបសម្រាប់អាណត្តិបន្ទាប់ និងសូមឲ្យគណៈប្រតិបត្តិ និងសមាជិកក្លឹបទាំងអស់ គាំទ្រកម្ពុជាជាសមាជិកក្រុមប្រឹក្សាភិបាលក្លឹប សម្រាប់អាណត្តិ (២០២៣-២០២៥) ក្រោមការដឹកនាំរបស់លោក ល្វីស ធើបុល (Louis Thébault) ដែលនឹងចូលកាន់តំណែងនាអាណត្តិបន្ទាប់៕


No comments:

Post a Comment