Friday, December 09, 2022

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាប្រគល់ និងទទួលប្រាក់កម្ចីពីកូរ៉េខាងត្បូង ១,៥ពាន់លានដុល្លារ

 

នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលប្រាក់កម្ចីសរុប ១,៥ពាន់លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជា។ ពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។ 

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ពិធីចុះហេត្ថលេខានេះមានចំនួនពីររួមមាន៖

១-ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន  នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២២-២០២៦  ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក។ ឯកសារនេះ ត្រូវចុះហត្ថលេខារវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង ឯកឧត្តម

ប៉ាក ហឹងឃ្យង  (PARK Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។ 

២-ការចុះហត្ថលេខាលើគម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ  ដែលមានទឹកប្រាក់ចំនួន ៧០,០០០,០០០ដុល្លារអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ  (ផ្សារចាស់-ជ្រោយចង្វារ, ជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាមេរិក។

គម្រោងទាំងពីរនេះ ចុះហត្ថលេខាដោយឯកឧត្តម

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។ 

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ ឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែកដ៏សំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ៕


No comments:

Post a Comment