Wednesday, November 02, 2022

ផ្សាយបន្តផ្ទាល់៖ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុង វេទិកាជាន់ខ្ពស់ស្តីពី ខួប១០ឆ្នាំ នៃកិច្ចព្រមព្រៀងអាសិប (RCEP)

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប-RCEP)។


ពិធីនេះនឹងប្រារព្ធធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ដោយមានការអញ្ជើញចូលពីតំណាងប្រទេសពាក់ព័ន្ធនៃកិច្ចព្រមព្រៀង ព្រមទាំងអ្នកធ្វើធុរកិច្ចជាច្រើនរូបផ្សេងទៀត។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងអាសិប ជាគំនិតផ្ដួចផ្តើមរបស់អាស៊ាន និងត្រូវបានប្រកាសឱ្យចាប់ផ្ដើមការចរចាក្នុងឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ កិច្ចចរចានេះត្រូវបានចាប់ផ្តើមឡើងដោយប្រទេសចំនួន១៦ តែក្រោយមកប្រទេសឥណ្ឌា បានដកខ្លួនទៅវិញ។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) នឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន ១៥ប្រទេស រួមមានប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ រួមមាន៖ ប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងនូវែលហ្សេឡង់។
កិច្ចព្រមព្រៀងអាសិប គ្របដណ្តប់ប្រជាជនប្រមាណ ២.២ពាន់លាននាក់ ឬស្មើនឹង ៣០%នៃចំនួនប្រជាជនពិភពលោក, កិច្ចព្រមព្រៀងនេះ មាន ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦.២ ទ្រីលានដុល្លារអាមេរិក ឬស្មើនឹង ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, មានទំហំពាណិជ្ជកម្មប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល។
កិច្ចព្រមព្រៀងនេះ ផ្តល់នូវការអនុគ្រោះពន្ធទំនិញក្នុងតំបន់ប្រមាណ ៩០ភាគរយ។ កិច្ចព្រមព្រៀងនេះនឹងវិសាលភាពគ្រប់ដណ្តប់ទៅលើវិស័យសំខាន់ៗមួយចំនួនមានដូចជា ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម ការអនុញ្ញាតឱ្យធ្វើវិនិយោគ ស្តង់ដានិងបច្ចេកទេស ការត្រួតពិនិត្យអនាម័យ និងភូតគាមអនាម័យសត្វ និងរុក្ខជាតិ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងបច្ចេកទេស កម្មសិទ្ធិបញ្ញា ធុរកិច្ចអេឡិចត្រូនិច ដំណោះស្រាយវិវាទ និងវិស័យផ្សេងៗ។
កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យការទិញទំនិញនឹងមានតម្លៃកាន់តែថោក ធ្វើទេសចរណ៍កាន់តែងាយស្រួល
សហគ្រាសកាន់តែមានទំនុកចិត្ត ការវិនិយោគកាន់តែមានប្រសិទ្ធភាព។
ផ្អែកតាមលទ្ធផលនៃការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)បានបង្ហាញថា កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញចំនួន ៧.៣% វិនិយោគចំនួន ២៣.៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២% លើផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន។
កម្ពុជា ទទួលបានភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងនេះ លើទំនិញសំខាន់ៗជាច្រើន។ មុខទំនិញរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធនោះមានដូចជា៖
* ទំនិញកសិកម្ម រួមមាន៖ គ្រាប់ស្វាយចន្ទី, ពោត, ដូង, ស្វាយស្រស់, ចេក, ដំលូងជ្វា, ទឹកឃ្មុំ, ម្សៅរមៀត, ក្រូច, ល្ហុង, ផ្លែផាសិន, ខ្ទឹម, ត្របែក, ស្រកានាគ, ទុរេន, ...។ល។
* ទំនិញកសិកម្មកែច្នៃ រួមមាន៖ គុយទាវ, នំក្រៀម, សំបុកត្រចៀកកាំ, ទំនិញកែច្នៃពីត្រី, ម្សៅដំឡូងមី, ទំនិញកែច្នៃពីដូង, ប្រេងសណ្តែកដី, សាច់ក្រក, ទឹកម្ទេស, ដំណាប់ចេក, ដំណាប់ស្វាយ,ដំណាប់ទុរេន, មីកញ្ចប់, ...។ល។
* ទំនិញឧស្សាហកម្ម រួមមាន៖ កង់, សំលៀកបំពាក់, ស្បែកជើង, គ្រឿងបង្ខំអេឡិចត្រូនិក, ខ្សែកាបអេឡិចត្រូនិកអគ្គិសនី, គ្រឿងសង្ហារឹម, ស្ករស, ស្ករអំពៅ, កាបូបយួរដៃ, វ៉ាលី, ខ្សែភ្លើង, សម្ភារកីឡា,ជ័រកែច្នៃ, សំបកថ្នាំពេទ្យ, ជ័រកៅស៊ូធម្មជាតិរាវ, កៅស៊ូក្នុងទម្រង់បន្ទះ, កៅស៊ូឡាតិច, ក្រណាត់ក្រាល, កម្ទេចឈើកែច្នៃ,...។ល។
កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះមានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹងចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជា ផងដែរ។ កិច្ចព្រមព្រៀងនេះក៏នឹងជួយជំរុញកំណើននៃការនាំចេញ និងកំណើនផលទុនសរុបក្នុងស្រុក ព្រមទាំងជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។
កិច្ចព្រមព្រៀងអាសិប មានគោលបំណងបង្កើតបរិយាកាសពាណិជ្ជកម្ម និងវិនិយោគបើកចំហ ដើម្បីសម្រួលដល់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសកលលោក។ កិច្ចព្រមព្រៀងអាសិប នឹងក្លាយជាក្របខ័ណ្ឌស្នូលសម្រាប់ការធ្វើពាណិជ្ជកម្មនិងការវិនិយោគ ដើម្បីពង្រីកបន្ថែមទៀតនូវខ្សែច្រវាក់តម្លៃតំបន់ នាំមកនូវឱកាសទីផ្សារនិងការងារ សម្រាប់អាជីវកម្មនិងប្រជាជននៅក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធកាលពីខែកញ្ញា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានជំរុញឱ្យបង្កើតលេខាធិការដ្ឋានអាសិបនេះ ដែលមានភាពឯករាជ្យ និងម្ចាស់ការ ដើម្បីដើរតួនាទីក្នុងការងារសម្របសម្រួល ជំរុញ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង។
សម្តេចតេជោ ហ៊ុន សែន បានដាក់សំណើទៅមេដឹកនាំអាស៊ាន ឱ្យផ្តល់ការគាំទ្របង្កើតលេខាធិការដ្ឋានអាសិបនេះ នៅរាជធានីភ្នំពេញ។
កិច្ចព្រមព្រៀងនេះមាន មាន ២០ជំពូក ដែលមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
* ជំពូកទី១ បទប្បញ្ញត្តិដើម និងនិយមន័យទូទៅ៖ បានកំណត់ពីគោលបំណងនៃការចរចាអាសិប ក្នុងការបង្កើតភាពជាដៃគូសេដ្ឋកិច្ចដែលមានលក្ខណៈទំនើប គុណភាពខ្ពស់ និងផ្តល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយគិតគូរពីភាពខុសគ្នានៃការអភិវឌ្ឍនិងតម្រូវការសេដ្ឋកិច្ចរបស់ភាគីនានា ជាពិសេសសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច។
* ជំពូកទី២ ពាណិជ្ជកម្មទំនិញ៖ បានធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញបន្ថែម និងផ្តល់ភាពអនុគ្រោះទីផ្សារ តាមរយៈការធ្វើសេរីភាវូបនីយកម្មពន្ធគយជាបន្តបន្ទាប់ ជាពិសេសការលុបបំបាត់ពន្ធគយក្នុងរយៈពេលសមស្រប ការលុបបំបាត់ការឧបត្ថម្ភធននាំចេញកសិកម្ម ការលុបបំបាត់ជាទូទៅនៃការរឹតបណ្តឹងបរិមាណ និងបំពេញបន្ថែមការធ្វើសេរីភាវូបនីយកម្មពន្ធគយ គោលការណ៍ទាក់ទងនឹងការអនុវត្តវិធានការមិនមែនពន្ធ នីតិវិធីរដ្ឋបាលសម្រាប់អាជ្ញាបណ្ណនាំចូលនិងការអនុវត្តកម្រៃសេវា និងបែបបទទាក់ទងនឹងការនាំចេញ និងនាំចូល។
* ជំពូកទី៣ វិធានដើមកំណើតទំនិញ៖ បានដាក់ចេញនូវគោលការណ៍ណែនាំ វិធានដើម្បីកំណត់ និងបញ្ជាក់ដើមកំណើតទំនិញដែលមានភាពងាយស្រួលជាងមុន ដើម្បីទទួលបានការអនុគ្រោះពន្ធ ជាពិសេសតាមរយៈវិធានបូកបន្ថែមតម្លៃតំបន់ (Regional Cumulation) ដែលអនុញ្ញាតឱ្យប្រទេសជាសមាជិក បូកបញ្ចូលតម្លៃនៃវត្ថុធាតុដើម ដែលនាំចូលពីប្រទេសសមាជិកអាសិបទាំង១៥ ក្នុងដំណើរការផលិតនិងនាំចេញទៅប្រទេសអាស៊បវិញ។
* ជំពូកទី៤ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម៖ បានបង្កើតបរិយាកាសអំណោយផល សំដៅធ្វើឱ្យរីកចម្រើនខ្សែច្រវាក់ផ្គត់ផ្គង់តំបន់និងសកល តាមរយៈបទប្បញ្ញត្តិដែលសាមញ្ញ អាចប៉ាន់ស្មានបាន និងមានតម្លាភាព ក្នុងការអនុវត្តច្បាប់និងបទប្បញ្ញត្តិគយ និងលើកកម្ពស់ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃនីតិវិធីគយ និងបញ្ចេញទំនិញបានឆាប់រហ័ស ស្របតាមការអនុវត្តនិងស្ដង់ដារល្អបំផុតអន្តរជាតិ។
* ជំពូកទី៥ អនាម័យ និងភូតគាមអនាម័យ៖ បានដាក់ចេញនូវក្របខណ្ឌមូលដ្ឋានសម្រាប់ការរៀបចំ អនុម័ត និងអនុវត្តវិធានការអនាម័យ និងភូតគាមអនាម័យ ក្នុងគោលបំណងធានាសុវត្ថិភាពចំណីអាហារ និងការពារជីវិតមនុស្ស សត្វ រុក្ខជាតិ ឬសុខភាព ដោយធានាថាវិធានការអនាម័យ និងភូតគាមអនាម័យ ត្រូវអនុវត្ត តែក្នុងស្ថានភាពចាំបាច់បំផុតដើម្បីការពារសុខភាព និងកាត់បន្ថយផលប៉ះពាល់មកលើពាណិជ្ជកម្ម។
* ជំពូកទី៦ ស្ដង់ដារ បទដ្ឋានបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព៖ បានពង្រឹងការអនុវត្តកិច្ចព្រមព្រៀងរបាំងបច្ចេកទេសពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងលើកកម្ពស់ការយល់ដឹងពីគ្នទៅវិញទៅមកអំពីស្ដង់ដារ បទដ្ឋានបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាពរបស់ភាគីនីមួយៗ ក៏ដូចជាពង្រឹងនិងសហការក្នុងការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក ដើម្បីកាត់បន្ថយរបាំងបច្ចេកទេសដែលមិនចាំបាច់សម្រាប់ការធ្វើពាណិជ្ជកម្ម។
* ជំពូកទី៧ ឧបាស្រ័យពាណិជ្ជកម្ម៖ បានដាក់ចេញនូវវិធានការការពារ និងការប្រឆាំងការលក់បង្ខូចថ្លៃ និងវិធានការពន្ធប៉ះប៉ូវ ដែលអនុញ្ញាតឱ្យភាគីនីមួយៗប្រើប្រាស់យន្តការ ដើម្បីដោះស្រាយការខាតបង់ ឬការគំរាមកំហែងការខាតបង់ដល់ឧស្សាហកម្មក្នុងស្រុក ដោយផ្អែកលើសិទ្ធិ និងការតព្វកិច្ចរបស់ភាគីនីមួយៗដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងពាក់ព័ន្ធនៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក។
* ជំពូកទី៨ ពាណិជ្ជកម្មសេវាកម្ម៖ បានធ្វើសេរីភាវូបនីយកម្មកាន់តែទូលាយ ដែលនឹងបើកផ្លូវឱ្យការធ្វើពាណិជ្ជកម្មសេវាកម្មកាន់តែប្រសើរឡើង តាមរយៈការកាត់បន្ថយភាពរឹតត្បិត និងវិធានការរើសអើងសម្រាប់ពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែនក្នុងវិស័យសេវាកម្ម។
* ជំពូកទី៩ បម្លាស់ទីរូបវ័ន្តបុគ្គល៖ បានដាក់ចេញនូវកាតព្វកិច្ចរបស់ភាគីនៃកិច្ចព្រមព្រៀងអាសិប ទាក់ទងនឹងការសម្របសម្រួលនៃការចូល និងការស្នាក់នៅបណ្តោះអាសន្ននៃរូបវ័ន្តបុគ្គល ដែលចូលរួមក្នុងពាណិជ្ជកម្មទំនិញ ការផ្គត់ផ្គង់សេវាកម្ម ឬវិនិយោគ អាស្រ័យលើលក្ខខណ្ឌ និងការកំណត់នៅក្នុងតារាងសន្យា ដូចជា រយៈពេលនៃការស្នាក់នៅជាដើម។
* ជំពូកទី១០ ការវិនិយោគ៖ បានបង្កើតបរិយាកាសវិនិយោគ ដែលមានភាពសេរីនៅក្នុងតំបន់ និងបានដាក់ចេញនូវបទប្បញ្ញត្តិ ដែលមានលក្ខណៈល្អប្រសើរ គ្របដណ្តប់លើសសរស្តម្ភទាំងបួននៃការវិនិយោគ រួមមាន ការការពារ ការធ្វើសេរីភាវូបនីយកម្ម ការលើកកម្ពស់ និងកិច្ចសម្រួលវិនិយោគ បន្ថែមពីលើអ្វីដែលមានស្រាប់នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន ព្រមទាំងអនុញ្ញាតឱ្យកែលម្អបទប្បញ្ញត្តិ កិច្ចសម្រួលវិនិយោគ ដែលនឹងជួយដោះស្រាយកង្វល់របស់អ្នកវិនិយោគ ដូចជាការដោះស្រាយបណ្តឹងតវ៉ា និងការតវ៉ា ដែលអាចកើតមាន។
* ជំពូកទី១១ កម្មសិទ្ធិបញ្ញា៖ បានដាក់ចេញនូវវិធីសាស្ត្រដែលមានតុល្យភាព និងប្រកបដោយបរិយាប័ន្ន ក្នុងការការពារ និងពង្រឹងការអនុវត្តច្បាប់សិទ្ធិកម្មសិទ្ធិបញ្ញានៅក្នុងតំបន់ ព្រមទាំងលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា បន្ថែមពីលើក្របខ័ណ្ឌដែលផ្តល់ឱ្យក្រោមកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក រួមមាន៖ វិធានការការពារ បច្ចេកវិទ្យា និងការអនុវត្តសិទ្ធិឌីជីថល និងការដាក់ពាក្យស្នើសុំតាមប្រព័ន្ធអេឡិចត្រូនិក ដែលសមស្របនឹងការមកដល់នៃយុគសម័យឌីជីថល។
* ជំពូកទី១២ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក៖ បានជំរុញការប្រើប្រាស់ពាំណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាភាគី។ ភាគីអាសិប ក៏បានយល់ព្រមរក្សាការអនុវត្តបច្ចុប្បន្ននៃការមិនអនុវត្តពន្ធគយសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ស្របតាមសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោក។
* ជំពូកទី១៣ ការប្រកួតប្រជែង៖ បានលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងសុខុមាលភាពអ្នកប្រើប្រាស់ដោយផ្តល់សិទ្ធិដល់ភាគីនីមួយៗក្នុងការបង្កើត ឬរក្សាច្បាប់ប្រកួតប្រជែងដែលមានស្រាប់ និងសមត្ថកិច្ចក្នុងការហាមឃាត់សកម្មភាពប្រឆាំងនឹងការប្រកួតប្រជែង បទប្បញ្ញត្តិស្តីពីការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលក្នុងសកម្មភាពអនុវត្តច្បាប់។
* ជំពូកទី១៤ សហគ្រាសធុនតូច និងមធ្យម៖ បានជំរុញឱ្យមានការអនុវត្តកម្មវិធីសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងសកម្មភាពសេដ្ឋកិច្ចនានា សម្តៅបង្កើនសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការប្រើប្រាស់ និងទាញប្រយោជន៍ពីកាលានុវត្តភាពពីកិច្ចព្រមព្រៀងអាសិប ជាពិសេសការធ្វើសមាហរណកម្ម ចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ជាដើម។
* ជំពូកទី១៥ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស៖ បានផ្តោតជាចម្បងលើការបង្រួបបង្រួមគម្លាតអភិវឌ្ឍន៍តាមរយៈកម្មវិធីជំនួយបច្ចេកទេស និងកសាងសមត្ថភាពនានា ក្នុងការគាំទ្រដល់ការអនុវត្ត និងប្រើប្រាស់កិច្ចព្រមព្រៀងនេះ យ៉ាងមានប្រសិទ្ធភាព ដោយផ្តល់អាទិភាពដល់ប្រទេសអភិវឌ្ឍន៍តិចតួច។
* ជំពូកទី១៦ លទ្ធកម្មរដ្ឋាភិបាល៖ បានលើកកម្ពស់តម្លាភាពច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនានា និងបង្កើនកិច្ចសហប្រតិបត្តិការរវាងភាគីទាំងអស់ក្នុងកិច្ចការលទ្ធកម្មរដ្ឋាភិបាល។
* ជំពូកទី១៧ បទប្បញ្ញត្តិទូទៅនិងការលើកលែង៖ បានកំណត់កាតព្វកិច្ចនានារបស់ភាគីទាំងអស់ ពាក់ព័ន្ធនឹងការបោះពុម្ពផ្សាយ ការផ្ដល់ព័ត៌មាន នីតិវិធីរដ្ឋបាលអនុវត្តលើច្បាប់ លិខិតបទដ្ឋានគតិយុត្ត នីតិវិធីនានាក៏ដូចជាការអនុវត្តសេចក្តីសម្រេចរដ្ឋបាល ការត្រួតពិនិត្យឡើងវិញ និងបណ្ដឹងឧទ្ធរណ៍ ការលាតត្រដាងព័ត៌មាន និងព័ត៌មានសម្ងាត់ ដោយភាគីកិច្ចព្រមព្រៀងអាសិបទាំងអស់អាចរក្សាសិទ្ធិគ្រប់គ្រងលើបញ្ហានានាពាក់ព័ន្ធនឹងប្រយោជន៍សាធារណៈ។
* ជំពូកទី១៨ បទប្បញ្ញត្តិស្ថាប័ន៖ បានបង្កើតឱ្យមានការរៀបចំផ្នែកស្ថាប័នសម្រាប់កិច្ចព្រមព្រៀងអាសិប និងរចនាសម្ព័ន្ធសម្រាប់រដ្ឋមន្ត្រីអាសិប គណៈកម្មាធិការចម្រុះអាសិប និងគណៈកម្មាធិការ/អនុគណៈកម្មាធិការផ្សេងៗទៀត។ គណៈកម្មាធិការចម្រុះអាសិប នឹងពិនិត្យនិងចង្អុលបង្ហាញណែនាំការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះ។
* ជំពូកទី១៩ ការដោះស្រាយវិវាទ៖ បានបង្កើតឱ្យមាននូវយន្តការប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព និងតម្លាភាព សម្រាប់ការពិគ្រោះយោបល់ និងការដោះស្រាយវិវាទ ដែលកើតចេញពីការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះ។
* ជំពូកទី២០ អវសានប្បញ្ញត្តិ៖ បានកំណត់ពីការត្រួតពិនិត្យឡើងវិញទូទៅ និងនីតិវិធីធ្វើវិសោធនកម្មកិច្ចព្រមព្រៀង បញ្ញត្តិស្តីពីការចូលជាធរមាន ការដកខ្លួនចេញពីកិច្ចព្រមព្រៀង និងការចូលជាសមាជិកកិច្ចព្រមព្រៀងអាសិប៕



No comments:

Post a Comment