Wednesday, November 02, 2022

សម្តេចតេជោ ហ៊ុន សែន ចែករំលែកនូវទស្សនៈផ្ទាល់ខ្លួន៤ចំណុច ដើម្បីបង្កើនប្រសិទ្ធភាពនៃការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងអាសិប

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនចំនួន៤ចំណុច ដើម្បីបង្កើនប្រសិទ្ធភាព នៃការទាញយកអត្ថប្រយោជន៍ពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងដោយតំបន់ (អាសិប) ។



ការចែករំលែកទស្សនៈផ្ទាល់ខ្លួននេះ បានធ្វើលើងក្នុង «ពិធីបើកវទិកាពិគ្រោះយោបល់កម្រិតខ្ពស់ក្នុងឱកាសខួបអនុស្សាវរីយ៍ ១០ឆាំ្ន ស្តីពី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងដោយតំបន់ (អាសិប) និងការប្រកាសជាផ្លូវការនៃសៀវភៅ ស្ដីពី ក្របខណ្ឌសម្រាប់ការធ្វើសមាហរណកម្មតំបន់របស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA)» នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចតេជោ បានថ្លែងថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងអាសិប សម្តេចសូមចូលចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួន ដូចខាងក្រោម៖

ទី១៖ ភាគីសមាជិក និងភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងអាសិបទាំងអស់ ជាពិសេសភាគី សមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច គួរបង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការអនុវត្តកិច្ចព្រមព្រៀងអាសិបនេះឱ្យបានពេញលេញ ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា។ ដើម្បីសម្រេចបាននូវគោលបំណងនេះ លេខាធិការដ្ឋានអាសិបគួរតែត្រូវបង្កើតឡើងឱ្យ កាន់តែឆាប់តាមតែអាចធ្វើទៅបាន ដោយត្រូវពិចារណាលើគ្រប់ទិដ្ឋភាពនិងលក្ខខណ្ឌចាំបាច់នានា សំដៅធានាបានអព្យាក្រឹត្យភាព ឯករាជ្យភាព កាលានុវត្តភាពសម្រាប់ការអភិវឌ្ឍ និងការចូលរួមក្នុងការធ្វើសមាហរណកម្មតំបន់។ ក្នុងទិសដៅនេះ សម្តេចសូមបញ្ជាក់ជាថ្មីផងដែរថា កម្ពុជានៅតែមានចំណាប់អារម្មណ៍ក្នុងការទទួលតាំងលេខាធិការដ្ឋានអាសិបនៅទីក្រុងភ្នំពេញ និងត្រៀមខ្លួនជាស្រេច ក្នុងការផ្ដល់ការគាំទ្រនិងសម្បទានចាំបាច់នានា។

ទី២៖ សម្តេចសូមលើកទឹកចិត្តយ៉ាងទទូចឱ្យភាគីសមាជិក និងភាគីហត្ថលេខីទាំងអស់នៃអាសិប ចាប់ផ្តើមពិភាក្សាលើនីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកនៃកិច្ចព្រមព្រៀងបន្ថែមទៀត ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ដោយកិច្ចព្រមព្រៀងរបស់យើង និងអនុញ្ញាតឱ្យមានការស្នើសុំ ចូលជាសមាជិកជាបន្តនៅក្នុងអំឡុងឆ្នាំក្រោយនេះ ។

ទី៣៖ កម្ពុជាសូមស្វាគមន៍ចំពោះការផ្តល់ជំនួយហិរញ្ញវត្ថុពីបណ្តាភាគីសមាជិក និងភាគី ហត្ថលេខីនៃអាសិប សំដៅគាំទ្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងនេះ ជាពិសេសសម្រាប់ភាគីសមាជិកជាប្រទេសអភិវឌ្ឍន៍តិចតួចរួមទាំងកម្ពុជា និងសូមអំពាវនាវដល់ សមាជិកទាំងអស់នៃអាសិប ពន្លឿនការពិភាក្សាលើយន្តការនៃការប្រើប្រាស់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងបច្ចេកទេសនេះឱ្យបានឆាប់ ចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនានា ដើម្បីប្រែក្លាយកិច្ចព្រមព្រៀងអាសិបនេះឱ្យទៅជាយន្តការរួមមួយដែល គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ប្រកបដោយចីរភាព ភាពធន់រឹងមាំ និងបរិយាប័ន្ន។

ទី៤៖ វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងតួអង្គសំខាន់ក្នុងការធានា និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះដោយវិស័យឯកជនជាអ្នកអនុវត្តផ្ទាល់។ ហេតុដូចនេះ យើងត្រូវបង្កើនការចូលរួម តាមរយៈការពង្រឹងសមត្ថភាពសកម្មភាពលើកកម្ពស់ការយល់ដឹង និងវេទិកាពិគ្រោះយោបល់ជាមួយវិស័យឯកជន ដែលនឹងអាចក្លាយជាក្របខណ្ឌ ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីបញ្ហាប្រឈម និងកាលានុវត្តភាពនានា៕









Remarks by Smdech Techo Hun Sen Prime Minister of the Kingdom of Cambodia At the Opening Ceremony of the High-Level Forum at the 10th Anniversary of the Regional Comprehensive Economic Partnership (RCEP) Agreement, and the Official Launch of the Book on the Framework  for Reginal Integration by the Economic Research Institute of ASEAN and East Asia (ERIA) 
Phnom Penh, 2nd November 2022 







No comments:

Post a Comment