Wednesday, November 02, 2022

ជយោ! វីរកីឡាការិនី ខាន់ ចេសា ដណ្ដើមបានមេដាយមាសកីឡាជឺជីតស៊ូជើងឯកពិភពលោក នៅអារ៉ាប់រួម

(អាប៊ូដាប៊ី)៖ កីឡាការិនីជឺជីតស៊ូកម្ពុជា ខាន់ ចេសា ដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship - Abu Dhabi 2022 ហើយ ក្រោយយកឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi ក្នុងវគ្គផ្ដាច់ព្រ័ត្រ មុននេះបន្ដិច នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម។


សម្រាប់ការប្រកួតលើវិញ្ញាសា Jiu Jitsu (Newaza) ទម្ងន់ក្រោម ៥២គីឡូក្រាម ធ្វើបានយ៉ាងល្អ ក្នុងនាមកីឡាការិនីឈរចាំនៅជុំទី២ ដោយកញ្ញាបានយកឈ្នះគូប្រកួត ដោយផ្ដួលឲ្យបោះបង់ការប្រកួតចំនួន ៣ប្រកួតជាប់គ្នា ពោលគឺ ចេសា បានផ្ដួលកីឡាការិនីហ្វីលីពីន Baluyot Ashley Jeraine នៅជុំទី២ (១៦នាក់ចុងក្រោយ), ផ្ដួលកីឡាការិនីម្ចាស់ផ្ទះអារ៉ាប់រួម Shraim Maitha នៅជុំទី៣ (វគ្គ ៨នាក់ចុងក្រោយ) និងផ្ដួលកីឡាការិនីអ៊ីស្រាអ៊ែល Aronov Pnina នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីថ្ងៃមិញ។

ឈានដល់វគ្គផ្ដាច់ព្រ័ត្រ កីឡាការិនីកូនកាត់ ៣សាសន៍ (ខ្មែរ-អាមេរិក-ម៉ិកស៊ិក) នៅតែរក្សាភាពខ្លាំងរបស់ខ្លួន ដោយ ខាន់ ចេសា បានប្រើស្នៀតពិសេស ចាប់ឃ្លេកីឡាការិនីជើងខ្លាំងអេស្ប៉ាញ Matthews Martin Naiomi ជាប់ពេញរយៈពេល ៦នាទី ដែលនាំឲ្យគណៈកម្មការផ្ដល់ជ័យជម្នះដល់កីឡាការិនីវ័យ ២១ឆ្នាំរបស់កម្ពុជា ដើម្បីគ្រងមេដាយមាស នៃការប្រកួតជើងឯកពិភពលោក ឆ្នាំ២០២២ ជូនប្រទេសកម្ពុជាតែម្ដង។

ជាមួយជោគជ័យដ៏ត្រចះត្រចង់នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្ដែងការអបអរសាទរ និងកោតសរសើរជាខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់ប្រតិភូ គ្រូបង្វឹក ពិសេសកីឡការិនី ខាន់ ចេសា ផ្ទាល់ ដែលព្យាយាមរហូតដណ្ដើមបានមេដាយមាស និងកិត្តិយសជូនជាតិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោកនេះ។

លោកថា «ក្នុងនាមគណៈកម្មាធិការ CAMSOC និង NOCC សូមចូលរួមអបអរសាទរជ័យជម្នះដ៏ត្រចេះត្រចង់របស់កញ្ញា ខាន់ ចេសា បន្ទាប់ពីទទួលបានការគោលការណ៍ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដែលអនុញ្ញាតឲ្យសហព័ន្ធ បញ្ជូនកីឡាករ-កីឡាការិនី និងជំរុញការចូលរួមប្រកួតកម្រិតពិភពលោកនេះ។ ស្នាដៃដែលបានទទួលនេះ ស្ដែងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់វីរកីឡាការិនី ខាន់ ចេសា។ សូមឲ្យជ័យជម្នះនេះ ក្លាយទៅជាឆន្ទៈដ៏មុះមុតរបស់កញ្ញាផ្ទាល់ ក៏ដូចជាក្រុមគ្រូបង្វឹក និងសហព័ន្ធ ដើម្បីឆ្ពោះទៅជោគជ័យ និងរក្សាតំណែងមេដាយខ្ពស់បំផុតនេះបន្ដទៀត នៅស៊ីហ្គេម ឆ្នាំ២០២៣»។

ក្នុងនាមគណៈកម្មាធិការជាតិ CAMSOC ដែរ លោក វ៉ាត់ ចំរើន បានថ្លែងអំណរគុណចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ដូចជាលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដែលបានអនុញ្ញាតជាគោលការណ៍ក្នុងការជំរុញឲ្យសហព័ន្ធកីឡាជាតិ បានបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួន ចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានា ជាក់ស្ដែងកីឡាជឺជីតស៊ូ ដែលកំពុងចូលរួមការប្រកួតជើងឯកពិភពលោក នៅប្រទេសរ៉ាប់រួម នាពេលនេះ ដើម្បីជាការសម្រួចសមត្ថភាព និងបច្ចេកទេសបន្ថែមត្រៀមឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ៕


No comments:

Post a Comment