Wednesday, October 19, 2022

សម្ដេចពិជ័យសេនា ទៀ បាញ់៖ ក្រសួងការពារជាតិកម្ពុជា-វៀតណាម តែងស្វែងរកគ្រប់មធ្យោបាយជួបពិភាក្សាគ្នា ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ពេលស្ថានភាពកូវីដកំពុងផ្ទុះខ្លាំង

 (ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឲ្យឧត្តមសេនីយ៍ឯកបម្រុង វ៉មីញ លឿង អនុញ្ញាតឱ្យដឹកនាំគណៈប្រតិភូចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ។

ក្នុងជំនួបនោះឧត្តមសេនីយ៍ឯកបម្រុង វ៉ មីញលឿង បានគោរពនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម ជូនចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ និងបានគោរពវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន និងការអភិវឌ្ឍ របស់កម្ពុជា។

ឧត្តមសេនីយ៍ឯកបម្រុង វ៉មីញ លឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបញ្ជាក់ថា តាមរយៈការធ្វើជាម្ចាស់ផ្ទះនៃព្រឹតិ្តការណ៍ស៊ីហ្គេម ឆ្នាំ២០២២ វៀតណាមបានត្រៀមខ្លួនក្នុង ការផ្ដល់កិច្ចសហការ និងចែករំលែកបទពិសោធន៍ ក្នុងការថែរក្សាសុវត្ថិភាព សន្តិសុខ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមនេះ ជាមួយកម្ពុជា ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នៅឆ្នាំ២០២៣ខាងមុខ។

ជាការឆ្លើយតបសម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណចំពោះការលើកឡើងរបស់លោកអនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាម ពាក់ព័ន្ធទៅដល់ការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងថា ជាការពិតជំងឺកូវីដ១៩ បានបង្កភាពរអាក់រអួល ដល់ការអាក់ខាន នៃដំណើការអនុវត្តយន្តការនៃកិច្ចសហប្រតិបត្តិការមួយចំនួន រវាងក្រសួងការពារជាតិទាំងពីរ ពិសេសកងទ័ពប្រទេសយើងទាំងពីរ ក្នុងរយៈពេលជាង ២ឆ្នាំកន្លងមកនេះ។

ក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ថ្នាក់ដឹកនាំនៃក្រសួងការពារប្រទេសយើងទាំងពីរ ជាពិសេសសម្ដេចផ្ទាល់ ជាមួយនឹងរដ្ឋមន្ត្រីការពារប្រទេស រួមនឹងថ្នាក់ដឹកនាំកងទ័ពប្រជាជនវៀតណាម តែងតែបានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ zoom ក្នុងរយៈពេលកន្លងមក ដើម្បីធ្វើយ៉ាងណាបន្តរក្សាបានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងស្ថាបននៃប្រទេសទាំងពីរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានយកឱកាសនេះ សំដែងការអបអរសាទរចំពោះការប្រារព្ធព្រឹត្តិការណ៍កាលពីថ្ងៃទី ២០ ខែមិថុនា កន្លងទៅ នៅទីតាំងកោះថ្ម (X16) ដែលមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ពីប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ដែលជាទីតាំងប្រវត្តិសាស្ត្រនៃការចាប់ផ្ដើមដំណើរការឆ្ពោះទៅរកការតស៊ូក្នុងបុព្វហេតុនៃការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានសំដែងនូវក្តីរីករាយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ នឹងបានស្ដាប់ខ្លឹមសារដ៏មានសារៈសំខាន់របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

សម្ដេចពិជ័យសេនា ក៏បានយកឱកាសនេះផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា គោរព ស្រឡាញ់ ដ៏ជ្រាលជ្រៅរបស់សម្ដេច រួមនិងថ្នាក់ដឹកនាំទាំងអស់នៃកងយោធៈពលខេមរភូមិន្ទ តាមរយៈអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ផ្ញើជូនរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទាំងអស់នៃក្រសួងការពារជាតិវៀតណាម ក្នុងឱកាសនេះផងដែរ។

ជាការឆ្លើយតប ឧត្តមសេនីយ៍ឯកបម្រុង វ៉ មីញលឿង បានគោរពជម្រាបជូនសម្ដេចពិជ័យសេនាថា លោក និងប្រតិភូមកកាន់កម្ពុជាលើកនេះ គឺស្របពេលនឹងខួប៥៥ឆ្នាំ បៃទំនាក់ទំនងការទូត រវាងកម្ពុជា និងវៀតណាមផង និងខួប ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពតផង។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯកបម្រុង សូមសំដែងការគាំទ្រចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច អំពីការខកខានយន្តការនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេសនៃកងទ័ពទាំងពីរ ក្នុងរយៈពេលកំឡុង ជាងពីរឆ្នាំកន្លងមកដោយសារវិបត្តិនៃជំងឺរាតត្បាតជាសាកលកូវីដ១៩។

ឧត្តមសេនីយ៍ឯកបម្រុង វ៉ មីញលឿង ក៏បានសម្ដែងការគាំទ្រ និងឯកភាពផងដែរថា តើបើទោះបីប្រទេសទាំងពីរ មានបញ្ហាប្រឈមនៃវិបត្តិនេះយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ នៅតែបន្តខិតខំរិះរកគ្រប់វិធីសាស្រ្ត ក្នុងការរក្សាទំនាក់ទំនង និងការបង្កើនភាពចិត្តស្និទ្ធទៅវិញទៅមក ជាពិសេសលោកសូមអបអរសាទរចំពោះការចូលរួមចំណែករបស់កងយោធពលខេមរភូមិន្ទ ក្នុងការចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាការរួមចំណែកមួយយ៉ាងធំធេង និងមានសារៈសំខាន់ដើម្បីឈានទៅបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីស្ថានការណ៍នៃរោគរាតត្បាតនេះបានធូរស្បើយ

ឧត្តមសេនីយ៍ឯកបម្រុង វ៉ មីញលឿង ក៏បានយកឱកាសនេះចូលរួមអបអរសាទរចំពោះដំណើរការប្រកបដោយជោគជ័យ នៃកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ របស់កម្ពុជាដែលបានប្រព្រឹត្តទៅកាល ពីដើមខែមិថុនា ឆ្នាំ២០២២កន្លងទៅ។

ឧត្តមសេនីយ៍ឯកបម្រុង ក៏បានចូលរួមអបអរសាទរដែរ ចំពោះការរីកចម្រើន និងវឌ្ឍនភាពជាបន្តបន្ទាប់របស់កម្ពុជា ពិសេសបច្ចុប្បន្ន កម្ពុជា បាននឹងកំពុងបំពេញតួនាទីជាប្រធានអាស៊ានប្ដូរវេននាឆ្នាំ២០២២ ដែលប្រកបទៅដោយភាពរលូន និងជោគជ័យ។ ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងវិស័យការពារជាតិវិញលោកក៏សូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកងទ័ពនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ លើការប្រយុទ្ធប្រឆាំងបទល្មើស ជាពិសេសបទល្មើសគ្រឿងញៀនឆ្លងដែន ការឆ្លងដែនខុសច្បាប់ ការប្រព្រឹត្តល្បែងស៊ីសងឆ្លងដែនខុសច្បាប់ជាដើម៕





No comments:

Post a Comment