Wednesday, October 19, 2022

គណបក្សកសិករ ថ្កោលទោស ទណ្ឌិត សម រង្ស៉ី ដែលញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

(ភ្នំពេញ)៖ គណបក្សកសិករ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានចេញញត្តិមួយថ្កោលទោសចំពោះ លោក សម រង្ស៉ី ដែលបានញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។

តាមរយៈញត្តិនេះ គណបក្សកសិករ បានលើកឡើងថា៖ «ក្នុងនាមខ្ញុំជាប្រធានគណបក្សកសិករ បានឃើញនូវទង្វើទុច្ចរិតរបស់ លោក សម រង្ស៉ី ធ្វើនយោបាយប្រាសចាកពីច្បាប់រដ្ឋធម្មនុញ្ញ ខុសពីគន្លងលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា បានបង្កើតបដិវត្តពណ៌គ្រប់រូបភាព ចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយញុះញង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឱ្យធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា បង្កើតចលាចលក្នុងសង្គម និងមានចេតនាបំផ្លាញសន្តិភាព ប្រមាថមើលងាយចំពោះជាតិសាសន៍ខ្លួនឯង មើលងាយប្រជាជនកម្ពុជា ដែលជាម្ចាស់ឆ្នោត»

គណបក្សកសិករ បានប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសចំពោះ លោក សម រង្ស៉ី ដែលបានប្រមាថនូវពាក្យសំដីអសីលធម៌ចំពោះ សម្តេចតេជោ ហ៊ុន សែន។ គបណបក្សនេះ បានអំពាវនាវ និងគាំទ្រនូវដំណើរការនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ និងចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តដីកាបញ្ហាឱ្យចាប់ខ្លួន ទណ្ឌិត សម រង្ស៉ី និងបក្ខពួកឧទ្ទាមក្រៅច្បាប់ បញ្ជូនទៅកាន់តុលាការវិនិច្ឆ័យទោសតាមច្បាប់ជាធរមាន។

គណបក្យកសិករ ប្ដេជ្ញាចូលរួមការពាររដ្ឋធម្មនុញ្ញ គាំទ្រចំពោះរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោតពីប្រជាជន ចូលរួមការពារសន្តិភាព និងគោរពគោលការណ៌លិទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស អនុវត្តតាមច្បាប់ស្តីពីច្បាប់គណបក្សនយោបាយ មានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕



No comments:

Post a Comment