Wednesday, October 19, 2022

ប្រធានគណបក្សខ្មែរតែមួយ ផ្ញើលិខិតចំហរស្នើឱ្យ សម រង្ស៉ី បោះបង់ចោលវប្បធម៌នយោបាយសងសឹកនិយមនៃត្រកូល «សម» ដែលគ្មានប្រយោជន៍សម្រាប់ជាតិ និងប្រជាជន

(ភ្នំពេញ)៖ លោក គុជ លី ស្ថាបនិក និងជាប្រធានគណបក្សខ្មែរតែមួយ បានផ្ញើលិខិតចំហរមួយជូន លោក សម រង្ស៉ី ដោយស្នើឱ្យ​បោះបង់ចោលនូវ វប្បធម៌នយោបាយសងសឹកនិយមនៃត្រកូល «សម» ដែលគ្មានប្រយោជន៍អ្វីទាល់តែសោះសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

តាមរយៈ លិខិតចំហរនេះ លោក គុជ លី បានបញ្ជាក់ដូ​ច្នេះថា៖ «ស្ថិតក្នុងបរិការណ៍នេះ ខ្ញុំ គុជ លី អ្នកនយោបាយជំនាន់ក្រោយសូមស្នើឯកឧត្តម សម រង្ស៉ី មេត្តាបោះបង់ចោលនូវវប្បធម៌នយោបាយសងសឹកនិយមនៃត្រកូល “សម” និងនយោបាយ "ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី" គឺមិនមានផលប្រយោជន៍អ្វីទាំងអស់សម្រាប់ប្រជាជាតិខ្មែរ និងមាតុភូមិកម្ពុជាដ៏កំសត់»

លោក គុជ លី បានរំលឹកអំពីប្រវត្តិបរាជ័យនៃនយោបាយរបស់ លោក សម រង្ស៉ី ដោយក្នុងនោះ លោកបានដឹកនាំបួនគណបក្សពីអតីតកាល ដោយបានចូលរួមប្រកួតប្រជែងតាមរយៈការបោះឆ្នោតគ្រប់អាណត្តិចាប់តាំងពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៣។ ជាអពមង្គល ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតដល់
បច្ចុប្បន្ននេះ គឺ លោក សម រង្ស៉ី បានក្លាយជាប្រធានគណបក្សខ្យល់ពិភពលោក។

លោក គុជ លី បានបន្តថា «ជាការពិត គ្រប់ការអំពាវនាវអកុសលរបស់ឯកឧត្តម បានបង្ហាញពីអត្តចរិតអសនិទាននយោបាយពិតរបស់ឯកឧត្តម ចំពោះប្រទេសជាតិ ប្រជាពលរដ្ឋ និងម្ចាស់ឆ្នោត ដោយសារតែឯកឧត្តមបានកំពុងបណ្ដុះគំនិតសងសឹកនិយម បង្កើតវប្បធម៌លាបពណ៌ញុះញុង់ វប្បធម៌ក្តិចត្រួយ និងចេតនាបំផ្លាញសុខសន្តិភាពក្រោមរូបភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបែបបរទេសនិយម»។

លោកចាត់ទុកថា ការបង្កើតព្រឹត្តិការណ៍ដដែលៗ និងការអំពាវនាវធ្វើបដិវត្តន៍ពណ៍របស់ លោក សម រង្ស៉ី គឺបានរំលោភរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បានរំលោភកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងបានប្រមាថមើលប្រជាពលរដ្ឋខ្លួនឯង ដែលជាម្ចាស់ឆ្នោតធ្វើការសម្រេចជោគវាសនាប្រទេសជាតិរបស់ខ្លួន តាមរយៈការចូលរួមបោះឆ្នោតនីតិកាលនីមួយៗ។

លោកបានបញ្ជាក់ទៀតថា «ប្រជាពលរដ្ឋខ្មែរទូទៅនៅចងចាំមិនភ្លេចនូវព្រឹត្តិការណ៍អកុសលដែលឯកឧត្តម បានបង្កើតឡើងដូចជា៖ យុទ្ធនាការបោះឆ្នោតឆ្នាំ២០០៣ “មានស៊ី អត់សែន មានសែន អត់ស៊ី" យុទ្ធនាការបោះឆ្នោតឆ្នាំ២០១៨ “ដេកផ្ទះឈ្នះឯង និងយុទ្ធនាការម្រាមដៃស្អាត ·៩ វិច្ឆិកា ២០១៩ "ការធ្វើបដិវត្តន៍ពណ៌" និងតាមF/B-page “១៦ តុលា ២០២២ ក្នុងគោលបំណងធ្វើបដិវត្តន៍ទានហានប៉ូលិសចូលចាប់ ហ៊ុន សែន ឆ្នាំ២០២៣”»

លោក គុជ លី បានជំរុញឱ្យ លោក សម រង្ស៉ី​ ជ្រើសរើសគណបក្សណាមួយដែល លោកពេញចិត្ត ចូលរួមប្រកួតប្រជែងតាមរយៈការបោះឆ្នោតរៀបចំដោយ «គជប» និងស្របតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជា សម្រាប់ការបោះឆ្នោតខាងមុខនេះផងដែរ៕



No comments:

Post a Comment