Thursday, July 21, 2022

មីយ៉ាន់ម៉ា សម្រេចមិនបញ្ជូនតំណាង មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅកម្ពុជា


(ភ្នំពេញ)៖ មីយ៉ាន់ម៉ា បានសម្រេចមិនបញ្ជូនតំណាង មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ដែលចាប់ផ្តើមនៅចុងខែកក្កដានេះទេ។ នេះបើតាម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា (AKP) ។


កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) រួមមានទាំងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN Post Ministerial Conference) កិច្ចប្រជុំអាស៊ានបូក៣ លើកទី២៣ (23rd ASEAN Plus Three) កិច្ចប្រជុំកំពូលអាស៉ីបូព៌ាលើកទី១២ (12th East Asia Summit) និងវេទិកាតំបន់អាស៊ាន លើកទី២៩ (29th ASEAN Regional Forum) នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។


បើតាមលោក ប្រាក់ សុខុន, ទោះបីជាមីយ៉ាន់ម៉ា បោះបង់សិទ្ធិក្នុងការមកប្រជុំទាំងនេះ ក៏ដោយក៏មិនបាត់កៅអីនៅអាស៊ាននោះដែរ។ លោកបានថ្លែងទៀតថា ទោះបីជាយ៉ាងនេះក្តី កម្ពុជាមិនបោះបង់ក្នុងការរកដំណោះស្រាយជូនមីយ៉ាន់ម៉ា និងព្យាយាមត្រួសត្រាយផ្លូវ ដើម្បីនាំប្រទេសនេះមកកាន់អាស៊ានវិញ។


លោក ប្រាក់ សុខុន បានបញ្ជាក់ទៀតថា «ចម្លើយរបស់មីយ៉ាន់ម៉ា នៅតែដូចមុនដដែល។ អ្នកតំណាងមិនមែនកម្រិតនយោបាយ មិនអាចត្រូវបានតែងតាំង ឲ្យមកចូលរួមកិច្ចប្រជុំទាំងនោះបានទេ។ ទោះបីជាយ៉ាងនេះក្តី កៅអីរបស់មីយ៉ាន់ម៉ា នៅអាស៊ាននៅតែរក្សាដដែល»។


សូមជម្រាបថា ក្នុងនាមជាប្រធានអាស៊ាន រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក វ៉ុនណា ម៉ោងល្វីន មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ លោក ប្រាក់ សុខុន បានពន្យល់ថា ការសម្រេចមិនអញ្ជើញប្រមុខការទូតមីយ៉ាន់ម៉ា មកចូលរួមប្រជុំនោះ ធ្វើឡើងតាមការឯកភាពជាឯកច្ឆន្ទរបស់សមាជិកអាស៊ានទាំង៩ ដែលយល់ឃើញថា មិនទាន់មានការជឿនលឿនគ្រប់គ្រាន់ ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច របស់អាស៊ាន ដែលឲ្យមីយ៉ាន់ម៉ាអនុវត្តកន្លងមក។


បើតាមលោក ប្រាក់ សុខុន, អាស៊ានទាំង ៩ប្រទេស បានឯកភាពគ្នាថា ដរាបណាដែលមិនទាន់មានវឌ្ឍនភាពគ្រប់គ្រាន់នៅមីយ៉ាន់ម៉ា ដរាបនោះការចូលរួមរបស់មីយ៉ាន់ម៉ា គឺស្ថិតត្រឹមតែជាតំណាងមិនមែនរដ្ឋាភិបាល។


កិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ាន ត្រូវបានដាក់ចេញ ក្នុងជំនួបកំពូលពិសេស កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គោលការណ៍ទាំង ៥ចំណុចនេះ រួមមាន៖


ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។


ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។


ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។


ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។


ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។


លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ទោះបីជាមីយ៉ាន់ម៉ាមិនចាត់តំណាង ទាំងមិនមែនកម្រិតនយោបាយ មកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ប៉ុន្តែសម្រាប់កិច្ចប្រជុំថ្នាក់អគ្គនាយក និងថ្នាក់ឧត្តមមន្ត្រី គឺមីយ៉ាន់ម៉ានឹងមកចូលរួម។ សម្រាប់ការចូលរួមកិច្ចប្រជុំកម្រិតថ្នាក់អគ្គនាយក និងថ្នាក់ឧត្តមមន្ត្រីនេះដែរ ខាងមីយ៉ាន់ម៉ា មិនទាន់បញ្ជាក់ពីឋានៈនៃអ្នកចូលរួមឡើយ។


លោក លុយ ដាវីត បានបន្ថែមថា យោងតាមកម្មវិធី នៅថ្ងៃទី៣០ និង ៣១ ខែកក្កដា មានការប្រជុំថ្នាក់អគ្គនាយក (Drafting Session) ដើម្បីចរចាទៅលើការរៀបចំអត្ថបទទាំងអស់ សម្រាប់កិច្ចប្រជុំ ហើយនៅថ្ងៃទី១ ខែសីហា ចាប់ផ្តើមកិច្ចប្រជុំថ្នាក់ឧត្តមមន្ត្រីអាស៊ាន។ រីឯកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស នឹងចាប់ផ្តើមនៅថ្ងៃទី២ ខែសីហា។


លោក លុយ ដាវីត ដែលជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ផងនោះ បានបញ្ជាក់យ៉ាងដូច្នេះថា «ទាក់ទងនឹងការចូលរួមរបស់មីយ៉ាន់ម៉ា គឺរដ្ឋមន្ត្រី (ការបរទេស) របស់គាត់អត់ចូលរួមទេ គាត់ក៏អត់ចាត់តំណែង មិនមែននយោបាយចូលរួមដែរ។ ប៉ុន្តែក្រុមការងារគាត់សម្រាប់កិច្ចប្រជុំព្រាងថ្នាក់អគ្គនាយក យើងមិនដឹងថា គាត់ចាត់នរណាចូលរួមទេ។ ជាធម្មតាក្នុងយន្តការអាស៊ាន មុននឹងដល់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស គឺគេមានកិច្ចប្រជុំថ្នាក់ក្រោមទៀត ដូចជាថ្នាក់អគ្គនាយក (Drafting Session) និងថ្នាក់ឧត្តមមន្ត្រី ហើយមីយ៉ាន់ម៉ាចូលរួម ប៉ុន្តែយើងមិនដឹងថា គាត់នឹងបញ្ជូនគណៈប្រតិភូថ្នាក់ក្រោមមកចូលរួម ឬគាត់ចាត់តំណាងស្ថានទូតចូលរួម ក៏យើងអត់ទាន់ដឹងដែរ ព្រោះគេមិនទាន់បញ្ជាក់ទេ»។


សូមជម្រាបថា កាលពីកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នារាជធានីភ្នំពេញ មីយ៉ាន់ម៉ាក៏មិនបានចាត់តំណាងឲ្យមកចូលរួមប្រជុំដែរ ប៉ុន្តែបានចូលស្តាប់តាមតំណរភ្ជាប់មួយ (Link) ៕

No comments:

Post a Comment