Friday, July 22, 2022

វិភាគអន្តរជាតិ៖ សត្រូវរបស់សត្រូវខ្ញុំ


(តូក្យូ)៖ សហរដ្ឋអាមេរិកបាននិយាយថាខ្លួនកំពុងប្រកួតប្រជែង ដើម្បីរក្សាតំណែងជា «កំពូលមហាអំណាចផុតលេខ» ក្នុងស.វទី២១នេះជាមួយចិនដែលមានរបបដឹកនាំ នយោបាយដោយគណបក្សកម្មុនិស្ដតែមួយគត់ ដែលទីក្រុងវ៉ាស៊ីនតោនតែងតែចោទថាគាបសង្កត់លើសារព័ត៌មាន ក្រុមអ្នករិះគន់ កេងចំណេញពាណិជ្ជកម្ម និងមានប្រព័ន្ធ សេដ្ឋកិច្ចដឹកនាំដោយរដ្ឋ។


ដើម្បីជាជំនួយក្នុងការប្រកួតប្រជែងនេះ សហរដ្ឋអាមេរិកបានបោះដៃទៅរកវៀតណាម ដែលមានរបបដឹកនាំនយោបាយដោយគណបក្សកម្មុយនិស្ដតែមួយគត់ ហើយដែល ទីក្រុងវ៉ាស៊ីនតោន ក៏តែងតែចោទផងដែរថាគាបសង្កត់លើសារព័ត៌មាន ក្រុមអ្នករិះគន់ កេងចំណេញពាណិជ្ជកម្ម និងមានប្រព័ន្ធសេដ្ឋកិច្ចដឹកនាំដោយរដ្ឋ។ នៅក្រោយ នៅសង្រ្គាម អ៊ុយក្រែនផ្ទុះឡើង រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្យាយាមប្រមូលផ្ដុំកម្លាំងពីបណ្ដាប្រទេសប្រជាធិបតេយ្យក្នុងគោលបំណងទប់ទល់ជាមួយចិន និងរុស្ស៉ី ដែលលោក បៃដិន ចាត់ទុកថាជាប្រទេសផ្ដាច់ការ។ ក៏ប៉ុន្តែ នៅក្នុងចំណោមប្រទេសជាដៃគូរបស់សហរដ្ឋអាមេរិក ក៏មានប្រទេសមួយដែលមានប្រព័ន្ធនយោបាយស្រដៀងគ្នា ទៅនឹងចិន ជាងប្រទេសណាទាំងអស់នៅក្នុងតំបន់ផងដែរ នោះគឺវៀតណាម។


នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងមកកាន់តំបន់អាស៊ី កាលពីខែឧសភាកន្លងទៅ ក្នុងនាមជាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលើកឡើងថាកិច្ចខិតខំប្រឹងប្រែង របស់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិចក្នុងការផ្ដល់ជំនួយ ក៏ដូចជាការគាំទ្រដល់អ៊ុយក្រែនដើម្បីប្រយុទ្ធតតាំងជាមួយកងទ័ពរុស្ស៉ី គឺការប្រជែងរវាង «របបប្រជាធិបតេយ្យ និងរបបផ្ដាច់ការ»។ ថ្លែងនៅឯកិច្ចប្រជុំនៃក្រុមប្រទេសក្វាដ (Quad) ក្នុងទីក្រុងតូក្យូ ជាមួយមេដឹកនាំឥណ្ឌា អូស្ត្រាលី និងជប៉ុន ក្នុងគោលបំណងបង្ហាញពី សាមគ្គីភាពនៃប្រជាធិបតេយ្យប្រឆាំងនឹងរបបផ្ដាច់ការ ដែលលោកចង់សំដៅដល់រុស្ស៉ី និងចិន លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «យើងទាំងអស់គ្នាជាមហាអំណាច ឥណ្ឌូប៉ាស៊ីហ្វិក ...ដូចដែលខ្ញុំធ្លាប់បាននិយាយ យើងនឹងឈរជាមួយអ្នកទាំងអស់គ្នា ដៃគូប្រជាធិបតេយ្យដ៏ជិតស្និទរបស់យើង ហើយយើងនឹងឈរដើម្បីគុណតម្លៃរួម ព្រមទាំង ចក្ខុវិស័យរួមដែលយើងទាំងអស់គ្នាមាន»។


នៅក្រោមអាណត្តិដឹកនាំរបស់លោក លោក បៃដិន បានសន្យាថានឹងតម្កល់ «គុណតម្លៃប្រជាធិបតេយ្យ» នៅចំកណ្ដាលបេះដូងនៃនយោបាយការបរទេស និងការទូតអាមេរិក ហើយងាកចេញឆ្ងាយពីយុទ្ធសាស្ត្ររបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលត្រូវបានគេមើលឃើញថាមិនសូវអើពើនឹងសិទ្ធិមនុស្ស និងព្យាយាមសាង ទំនាក់ទំនងល្អជាមួយមេដឹកនាំដែលអាមេរិកហៅថាផ្ដាច់ការដូចជាលោក ពូទីន និងលោក គីម ជុងអ៊ុន។ ក៏ប៉ុន្តែ ការបង្កើតទំនាក់ទំនងទឹកឃ្មុំជាមួយវៀតណាម វាបាន និងកំពុង បង្កឱ្យមានការចោទសួរឡើងវិញថា «តើអ្វីទៅជាហ្គេមបញ្ចប់របស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ី ហើយថាតើសហរដ្ឋអាមេរិក កំពុងរក្សាគុណតម្លៃប្រជាជាធិបតេយ្យ ឬក៏ការពារ អនុត្តរភាពរបស់ខ្លួននៅក្នុងតំបន់»?


មែនទែនទៅ ការសាងទំនាក់ទំនងល្អជាមួយប្រទេសកម្មុយនិស្ដដែលមិនធ្លាប់ស្គាល់អ្វីទៅជាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសេរីពហុបក្សដូចជាវៀតណាម វាមិនមែនរឿងភ្ញាក់ផ្អើលធំដុំអ្វីនោះទេ។ ដ្បិតថាជារឿយៗ នយោបាយការបរទេសរបស់សហរដ្ឋអាមេរិកតែងតែងបង្កឱ្យមានការចោទសួរឡើងរវាង «ផលប្រយោជន៍ និងគុណតម្លៃប្រជាធិបតេយ្យ» ជានិច្ច។ នេះជាការយល់ឃើញរបស់លោក អាន់ឌ្រូ យ៉ូ (Andrew Yeo) ជាអ្នកជំនាញជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន ប្រ៊ូកឃីង (Brookings) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោនប្រាប់សារព័ត៌មាន Nikkei។


*ការចាប់ផ្ដើមនៃរាត្រីទឹកឃ្មុំ


ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម បានត្រឡប់មករកស្ថានភាពកាន់តែល្អប្រសើរ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើត្រឡប់ទៅរកប្រវិត្តសាស្ត្រ នរណាៗ ក៏ដឹងដែរថាសហរដ្ឋអាមេរិក និងវៀតណាម ធ្លាប់ជាគូសត្រូវស៊ីសាច់ហុតឈាម ក្នុងសម័យសង្រ្គាមវៀតណាម ហើយកាលពីជាងកន្លះទសវត្សរ៍មុន វៀតណាមនៅតែស្ថិតនៅ ក្រោមការដាក់ទណ្ឌកម្មនាំចូលអាវុធពីសំណាក់សហរដ្ឋអាមេរិក នៅឡើយ។ ប៉ុន្តែ ទណ្ឌកម្មនេះត្រូវបានដកចេញកាលពីឆ្នាំ២០១៦ នៅក្រោយការបំពេញទស្សនកិច្ចរបស់មន្ត្រី ជាន់ខ្ពស់វៀតណាម ក្នុងនោះរួមមានទាំងលោក ង្វៀន ភូទ្រុង (Nguyen Phu Trong) ដែលជាអគ្គលេខាធិការបក្សកុម្មុនិស្តវៀតណាមដំបូងបំផុតដែលបានបំពេញទស្សនកិច្ច ទៅកាន់សេតវិមាន កាលពីឆ្នាំ២០១៥។


ទំនាក់ទំនងនេះកាន់តែល្អប្រសើរឡើង នៅពេលលោកស្រី កាម៉ាឡា ហារីស បានក្លាយជាអនុប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងដំបូងគេបំផុត ដែលបំពេញទស្សនកិច្ចនៅ វៀតណាម កាលពីខែសីហា ឆ្នាំ២០២១។ ក្នុងដំណើរទស្សនកិច្ចនៅហាណូយ លោកស្រី ហារីស បាននិយាយត្រង់ៗថាសហរដ្ឋអាមេរិកមានបំណងផ្ដល់នាវាល្បាតអាមេរិកដែល ជាគ្រឿងទី៣ ជាអំណោយដល់ទីក្រុងហាណូយ ហើយបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងមកបំពេញទស្សនកិច្ចនៅឯកំពង់ផែវៀតណាម ដើម្បីពង្រឹងសន្តិសុខសមុទ្រ។


ក្នុងឆ្នាំ២០២១នោះដែរ ក្រសួងហិរញ្ញវត្ថុអាមេរិកថែមទាំងបានដកវៀតណាមចេញពីបញ្ជីនៃក្រុមប្រទេសដែលបញ្ចុះតម្លៃរូបិយប័ណ្ណ ដើម្បីកេងចំណេញការធ្វើពាណិជ្ជកម្មទៀត ផង ដោយក្រុមមន្ត្រីអាមេរិកនៅពេលនោះបានហៅថានេះជាកាយវិការល្អរបស់រដ្ឋបាលលោក បៃដិន ក្នុងការស្ដារទំនាក់ទំនងការបរទេសឡើងវិញ។ កាន់តែពិសេសទៅទៀត នៅពេលចេញផ្សាយនូវគោលការណ៍ណែនាំយុទ្ធសាស្ត្រសន្តិសុខជាតិបណ្ដោះអាសន្ន (Interim National Security Strategic Guidance) ក្នុងឆ្នាំដដែលនោះសហរដ្ឋអាមេរិក ក៏បានបញ្ចូលវៀតណាម ទៅក្នុងយុទ្ធសាស្ត្ររួមជាមួយប្រទេសជាដៃគូប្រជាធិបតេយ្យដ៏សំខាន់ដទៃរបស់ខ្លួនផងដែរ។ ក្រៅតែពីជាដៃគូពាណិជ្ជកម្ម វៀតណាមក៏ចាប់ផ្ដើម ស្រឡាញ់ចូលចិត្តវប្បធម៌អាមេរិកដែរ ដោយបានបញ្ជូននិសិ្សតទៅសិក្សាបន្តនៅសហរដ្ឋអាមេរិកកាន់តែច្រើន។ តែទោះជាបែបនេះក្ដី កត្តាធំដែលគេមើលឃើញថាទាញអាមេរិក និងវៀតណាមរត់រកគ្នា នោះគឺប្រទេសទាំង២ មាន «សត្រូវរួម»។


*សត្រូវរបស់សត្រូវខ្ញុំ


ទោះជាមានប្រព័ន្ធដឹកនាំនយោបាយ និងមានមនោគមន៍វិជ្ជាកុម្មុនិស្តស្រដៀងគ្នាក៏ដោយ ក៏វៀតណាមនៅតែបារម្ភពីចិនដដែល ដែលធ្លាប់លើកទ័ពវាយលុកវៀតណាម ក្នុងឆ្នាំ១៩៧៩ ហើយមកទល់នឹងបច្ចុប្បន្ន ទីក្រុងហាណូយ រឹតតែបារម្ភចំពោះចិនកាន់តែខ្លាំងឡើង នៅពេលនិយាយដល់ជម្លោះដែនទឹកនៅឯតំបន់សមុទ្រចិនខាងត្បូងជាទីដែល ចិន និងវៀតណាម អះអាងធ្វើជាសកម្មសិទ្ធិរៀងៗខ្លួនលើតំបន់ទីប្រជុំកោះស្រ្កាត់លី (Spratly) និងបារ៉ាសែល (Paracel)។ វៀតណាម និងចិនក៏ធ្លាប់បានផ្ទុះអាវុធនឹងគ្នាដែរ នៅឯទីប្រជុំកោះ Johnson South Reef ក្នុងឆ្នាំ១៩៨៨ ជាពេលដែលនាវាចម្បាំងចិនផ្ដាច់ជីវិតទាហានម៉ារីនវៀតណាម ៦៤នាក់។


ដោយសារតែបារម្ភខ្លាចចិននេះឯង បានជំរុញឱ្យវៀតណាម សុខចិត្តលាក់ទុកគំនុំប្រវត្តិសាស្ត្រនៅក្នុងពោះ ដោយងាកទៅរកសហរដ្ឋអាមេរិក។ សង្រ្គាមវៀតណាមនៅទសវត្សរ៍ ឆ្នាំ១៩៥០ រវាងវៀតណាមខាងជើងគាំទ្រដោយចិន និងសូវៀត និងវៀតណាមខាងត្បូងគាំទ្រដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានបិទបញ្ចប់ទៅដោយសហរដ្ឋអាមេរិកត្រូវ សម្រេចចិត្តដកកងទ័ពចេញពីឥណ្ឌូចិនទាំងអាម៉ាស់នៅឆ្នាំ១៩៧៣ ហើយវៀតណាមខាងត្បូងដួលរលំនៅឆ្នាំ១៩៧៥។


ការអះអាងរបស់ចិនពី «ខ្សែបន្ទាត់ចំនួន៩ចំណុច» (nine-dash line) ដែលចិនប្រើដើម្បីបង្ហាញពីការទាមទារអធិបតេយ្យនៅដែនសមុទ្រចិនខាងត្បូង ព្រមទាំង «គំនិតផ្ដួចផ្ដើម ខ្សែក្រវាត់ និងផ្លូវ» ដែលត្រូវដាក់ឱ្យដំណើរការដោយលោកប្រធានាធិបតី ស៊ី ជិនពីង កាលពីឆ្នាំ២០១៣ បានបង្កើត «ក្ដីកង្វល់រួម» សម្រាប់ទីក្រុងហាណូយ និងវ៉ាស៊ីនតោន ដែល យល់ថាត្រូវតែទុករឿងអតីតកាលមួយឡែកសិន ហើយរួមដៃគ្នាដើម្បីទប់ទល់ជាមួយចិន។ «បើទោះជាមានភាពខុសគ្នាខាងប្រព័ន្ធនយោបាយក៏ដោយ ក៏វៀតណាម និងអាមេរិក នៅតែមានផលប្រយោជន៍រួមគ្នានៅក្នុងតំបន់»។ នេះបើតាមលោក ង្វៀន ថាញ់ ទ្រុង (Nguyen Thanh Trung) ជាអ្នកវិទ្យាសាស្រ្តនយោបាយម្នាក់មកពីសាកលវិទ្យាល័យ ហ្វូលប្រាយវៀតណាម (Fulbright University Vietnam) ជាមួយការបន្ថែមថាសហរដ្ឋអាមេរិកកាន់តែមានភាពប្រាកដប្រជា ក្នុងការទទួលយកនយោបាយវៀតណាម និងឈប់ និយាយពីការផ្លាស់ប្ដូររបបដឹកនាំ ហើយមិនតែប៉ុណ្ណោះ វាជាផលប្រយោជន៍សម្រាប់អាមេរិក ដែលមិនធ្វើដាក់ប្រទេសទាំងអស់ដោយប្រើវិធីសាស្ត្រតែមួយ។


ខណៈឥទ្ធិពលចិននៅក្នុងតំបន់កាន់តែធំ សហរដ្ឋអាមេរិកត្រូវការជាចាំបាច់ការគាំទ្រពីប្រទេសក្នុងតំបន់ តែមិនមែនគ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់ សុទ្ធតែទទួលបានការចាប់ អារម្មណ៍ជាពិសេសពីសហរដ្ឋអាមេរិកនោះទេ។ ជាឧទាហរណ៍ បើតាមអ្នកជំនាញមកពីមជ្ឈមណ្ឌលសិក្សាសហរដ្ឋអាមេរិក (United States Studies Center) មានមូលដ្ឋានក្នុង ទីក្រុងស៊ីដនី ថៃដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល លោក ប្រាយុទ្ធ និងឥណ្ឌូណេស៊ី បានបង្ហាញចំណាប់អារម្មណ៍តិចតួចប៉ុណ្ណោះក្នុងការចូលរួម ឬជួយអាមេរិក ក្នុងការប្រកួតប្រជែងជាមួយចិន។ ដោយឡែក វៀតណាមវិញ គឺជាប្រទេសដែលទាក់ទាញចំណាប់អារម្មណ៍ពីសហរដ្ឋអាមេរិក នោះគឺដោយសារតែវៀតណាម ស្ថិតនៅចំទីតាំង ភូមិសាស្ត្រយុទ្ធសាស្ត្រដែលអាមេរិក ត្រូវការដើម្បីខ្ទប់ឥទ្ធិពលចិន។


ជាការពិតណាស់ ការជំទាស់របស់សហរដ្ឋអាមេរិកចំពោះការទាមទាររបស់ចិនក្នុងតំបន់សមុទ្រចិនខាងត្បូង នឹងកាន់តែមានប្រសិទ្ធភាពប្រសិនបើភាគីដែលមានជម្លោះដែនទឹក ជាមួយប៉េកាំង ដូចជាវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ ព្រុយណេ និងឥណ្ឌូណេស៊ីជាដើម អាចរួបរួមគ្នាជាធ្លុងមួយជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែ សព្វថ្ងៃក្នុងចំណោមភាគី ជម្លោះទាំងនេះ មានតែវៀតណាមតែមួយគត់ដែលត្រូវបានគេមើលឃើញថាមានជំហរប្រឆាំងនឹងចិនខ្លាំងជាងគេ ដែលនេះធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន យកភ្នែកមើលធ្ងន់ជាងគេលើ វៀតណាមជាដៃគូមិនអាចខ្វះបានរបស់ខ្លួន៕ ដោយ: Fresh News

No comments:

Post a Comment