Friday, July 22, 2022

វិភាគអន្តរជាតិ៖ ការកំញើញ និងសម្លុតគំរាមរបស់ ពូទីន ចាប់ផ្តើមសម្ដែងឫទ្ធិ លោកខាងលិចស្ទាក់ស្ទើរនៅអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ការស្ទាក់ស្ទើររបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការបញ្ជូនអាវុធស៊េរីទំនើបសំខាន់ៗបន្ថែមទៅឱ្យអ៊ុយក្រែន វាបានបង្ហាញយ៉ាងច្បាស់ថា «ការកំញើញ និងការសម្លុតគំរាម» របស់លោក ពូទីន ចាប់ផ្ដើមសម្ដែងឫទ្ធិ។ បច្ចុប្បន្នកងទ័ពរុស្ស៉ីកំពុងគ្រប់គ្រង ១ភាគ៤ នៃទឹកដីអ៊ុយក្រែន និងកំពុងវាយរុលទៅភាគខាងលិចបន្តិចម្ដងៗ។ ដូច្នេះប្រសិនបើសហរដ្ឋអាមេរិកបរាជ័យក្នុងការផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួន នោះរុស្ស៉ីនឹងបន្តក្រសោបយកទឹកដីអ៊ុយក្រែនបន្ថែម ហើយវាអាចនឹងក្លាយជាការជំរុញលើកទឹកចិត្តឱ្យរុស្ស៉ីធ្វើសង្រ្គាមនៅពេលអនាគត ដោយមិនមានការស្ទាក់ស្ទើរឡើយ។


នៅពេលសង្រ្គាមចាប់ផ្ដើមដំបូងកាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ កងទ័ពអ៊ុយក្រែនបានបង្កភាពភ្ញាក់ផ្អើល ដោយមានសមត្ថភាពពន្យឺតការវាយលុកពី កងទ័ពរុស្ស៉ី និងធ្វើឱ្យកងទ័ពរុស្ស៉ីខាតបង់គួរឱ្យកត់សម្គាល់។ បើតាមក្រុមអ្នកជំនាញយោធាលោកខាងលិច ការវាយទប់ទល់យ៉ាងខ្លាំងរបស់អ៊ុយក្រែន វាបានបង្ហាញពីភាពកម្សោយ និងបញ្ហាភស្ដុភារ ស្មារតី ការបណ្ដុះបណ្ដាល អំពើពុករលួយ ព្រមទាំងការអនុវត្តបទបញ្ជា និងការដឹកនាំនៅក្នុងជួរ ឧត្ដមសេនីយ៍រុស្ស៉ី។


ក៏ប៉ុន្តែសង្រ្គាមសព្វថ្ងៃបានចូលដល់ដំណាក់កាលថ្មីមួយ ដែលគេមើលឃើញថាកងទ័ពរុស្ស៉ីបានជួសជុលកំហុសទាំងនេះ និងកាន់តែមានភាពល្អប្រសើរ ហើយបានបាញ់ស្រោចកាំភ្លើងធំ មីស៊ីល និងបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងសម្បើមលើកងទ័ពអ៊ុយក្រែន។ ខណៈកំពុងផ្ដោតលើការវាយលុក តំបន់ភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន កងទ័ពរុស្ស៉ីបានដណ្ដើមគ្រប់គ្រងតំបន់លូហានស្កិ៍ (Luhansk) និងបន្តការវាយប្រហារលើទីក្រុង ជាច្រើនដូចជា ទីក្រុងស្លូវីយ៉ាន់ស្កិ៍ (Slovyansk) ក៏ដូចជាទីក្រុងបាកមុត (Bakhmut) ក្នុងតំបន់ដូណេត។


ជាការពិតណាស់ កងទ័ពអ៊ុយក្រែនមិនមានសមត្ថភាពតតាំងជាមួយកងទ័ពរុស្ស៉ីឡើយ បើគ្មានជំនួយអាវុធច្រើនជាង ៧ពាន់លានដុល្លារពីអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ទេនោះ។ ប៉ុន្តែស្ទើរតែទាំងអស់នៃអាវុធទាំងនេះសុទ្ធតែជាប្រភេទប្រព័ន្ធអាវុធរយៈចម្ងាយខ្លី តែប៉ុណ្ណោះដែលមិនគ្រប់គ្រាន់ ក្នុងការជួយអ៊ុយក្រែន នៅក្នុងសង្រ្គាមដំណាក់កាលថ្មីសព្វថ្ងៃនេះទេ។ ពោលគឺនៅចំពោះមុខសង្រ្គាមដែលនៅតែបន្តអូសបន្លាយ និងមានការផ្លាស់ប្ដូរ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ក៏គួរណាស់តែផ្លាស់ប្ដូរដែរ ដោយផ្ដល់អាវុធដែលចាំបាច់បន្ថែមឱ្យអ៊ុយក្រែន។ ជាឧទាហរណ៍ ដើម្បីអាចជួយអ៊ុយក្រែន ដណ្ដើមយកទឹកដីដែលរុស្ស៉ីកំពុងកាន់កាប់មកវិញ ច្បាស់ណាស់អ៊ុយក្រែនត្រូវការជាចាំបាច់នូវប្រព័ន្ធអាវុធទំនើបៗដូចជា យន្ដហោះចម្បាំង F-15 និង F-16 យន្ដហោះដ្រូន MQ-1Cs ប្រព័ន្ធមីស៊ីល MGM-140 Army Tactical Missile Systems ដែលអាចបាញ់បានចម្ងាយជាង ៣០០គីឡូម៉ែត្រ ព្រមទាំងរថក្រោះចម្បាំងទំនើបៗជាដើម។


តែបញ្ហាធំ គឺស្ថិតនៅត្រង់ថាតើសហរដ្ឋអាមេរិក ឬ NATO មានឆន្ទៈជួយអ៊ុយក្រែន ឬហ៊ានប្រឈមមុខជាមួយលោក ពូទីនដល់កម្រិតណា? ម្យ៉ាងវិញទៀត រឿងដែលសំខាន់ វាមិនមែនស្ថិតនៅត្រង់ «បរិមាណអាវុធ» នោះទេ ក៏ប៉ុន្តែគឺស្ថិតនៅលើប្រភេទអាវុធ ហើយថាតើអាវុធទាំងនោះត្រូវបានប្រើប្រាស់ដោយ របៀបណា? នៅក្នុងសង្រ្គាមអូសបន្លាយពេលជាង ៥ខែមកនេះ អ៊ុយក្រែនបានបាត់បង់យន្ដហោះចម្បាំងស៊េរីសូវៀតយ៉ាងហោច ៣៥គ្រឿង នៅក្នុងចំណោមយន្ដហោះចម្បាំងដែលមានមិនដល់ ១៥០គ្រឿងផង។ ម្លោះហើយ បើមិនមានការបំពេញចន្លោះខ្វះខាតទំាងនេះទេ អ៊ុយក្រែននឹងបាត់បង់ សមត្ថភាពការពារដែនអាកាសរបស់ខ្លួន និងវាយប្រហារលើកងទ័ពរុស្ស៉ីនៅលើដី។


តែយ៉ាងណាក៏ដោយ រដ្ឋបាលលោក ចូ បៃដិន នៅតែស្ទាក់ស្ទើរក្នុងការបំពេញតម្រូវការដែលអ៊ុយក្រែនត្រូវការ ក្រោមហេតុផលធំ ២ម្យ៉ាង ហើយដែល ហេតុផលទាំង២ នេះមិនងាយត្រូវបានបញ្ចុះបញ្ចូលឡើយ។ ម្យ៉ាង ក្រុមមន្ត្រីអាមេរិក រួមទាំងលោក ចូ បៃដិន បារម្ភថាការផ្ដល់អាវុធទំនើបៗបន្ថែមឱ្យ អ៊ុយក្រែនអាចនឹងបង្កឱ្យជម្លោះរាលដាលកាន់តែធំដែលអាចនឹងរុញឱ្យរុស្ស៉ី និងណាតូ (NATO) មានជម្លោះនឹងគ្នាដោយផ្ទាល់។ ប៉ុន្តែ មែនទែនទៅ សង្រ្គាម របស់លោក ពូទីននៅអ៊ុយក្រែន វាជាការបង្កើនជម្លោះរួចបាត់ទៅហើយ ដោយរុស្ស៉ីបានប្រើប្រាស់អាវុធធម្មតាទូទៅស្ទើរតែទាំងអស់នៅក្នុងឃ្លាំងអាវុធរបស់ ខ្លួនដើម្បីប្រឆាំងនឹងអ៊ុយក្រែន។ អ៊ុយក្រែន កំពុងព្យាយាមប្រយុទ្ធតតំាងជាមួយកងទ័ពរុស្ស៉ីដើម្បីការពារខ្លួនឯង ហើយបរាជ័យក្នុងការផ្ដល់មធ្យោបាយ ការពារខ្លួនដល់់ទីក្រុងកៀវ នោះច្បាស់ណាស់អ៊ុយក្រែនមិនមានសមត្ថភាពការពារខ្លួនទៀតទេ។


នេះហើយជាហេតុផលមួយដែលលោក ពូទីន តែងតែបង្កើនការសម្លុតគំរាមពីការធ្វើឱ្យសង្រ្គាមរាលដាលកាន់តែធំ ហើយការសម្លុតគំរាមបែបនេះត្រូវបានគេ មើលឃើញថាក៏ធ្លាប់ទទួលបានជោគជ័យផងដែរតាំងតែពីសម័យដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលស្ទើរតែមិនបានធ្វើអ្វី ទាំងអស់ បន្ទាប់ពីរុស្ស៉ីក្រសោបយកតំបន់គ្រីមៀ រហូតដល់បង្កឱ្យមានការប្រឈមមុខដាក់គ្នាក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនកាលពីឆ្នាំ២០១៤ និងការធ្វើអន្តរាគមន៍យោធារបស់រុស្ស៉ី នៅក្នុងប្រទេសស៊ីរី។


ដោយសារតែដឹងច្បាស់ថាសហរដ្ឋអាមេរិកមានភាពស្ទាក់ស្ទើរបែបនេះឯង ទើបលោក ពូទីន យកអាវុធនុយក្លេអ៊ែរមកសម្លុតគំរាមកុំឱ្យលោកខាងលិច ធ្វើអន្តរាគមន៍យោធា ឬជួយអ៊ុយក្រែនពេញទំហឹង។ បើតាមលោក សេត ចូន (Seth Jones) ជាអនុប្រធានជាន់ខ្ពស់ និងជានាយកកម្មវិធីសន្តិសុខអន្តរជាតិ មកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ (CSIS) មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីតោន សហរដ្ឋអាមេរិកមិនគួរចាញ់ការសម្លុតគំរាមនេះទេ ព្រោះវាមានតែធ្វើឱ្យលោក ពូទីន បានចិត្តតែប៉ុណ្ណោះ។ លោកបន្ថែមថាជំនួសមកវិញ សហរដ្ឋអាមេរិកគួរតែបង្រួបបង្រួមមតិសកលលោក ដោយចាប់ផ្ដើម មុនគេនៅក្នុងមហាសន្និតបាតអង្គការសហប្រជាជាតិ ដើម្បីឱ្យពិភពលោកដឹងពីផលវិបាកនៃការបំពានបម្រាមពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ។ លោក ពូទីន អាចនឹងត្រូវបានកំញើញ ប្រសិនបើគេអាចធ្វើឱ្យលោកគិតថាការប្រើអាវុធនុយក្លេអ៊ែរ មានន័យស្មើនឹងការបំផ្លាញសេដ្ឋកិច្ចរុស្ស៉ីទាំងស្រុង ឬធ្វើឱ្យរុស្ស៉ី ក្លាយជា «រដ្ឋឥតបានការ» លែងមានអ្នករាប់រក ឬក៏មានការជំរុញជាអន្តរជាតិឱ្យលោកចុះចេញពីអំណាច។


ចំណែកឯ ហេតុផលទី២ ដែលធ្វើឱ្យរដ្ឋបាលលោក ចូ បៃដិនស្ទាក់ស្ទើរនោះគឺ នោះគឺការចំណាយពេលយូរ ក្នុងការបណ្ដុះបណ្ដាលកងទ័ពអ៊ុយក្រែនពីរបៀប ប្រើអាវុធទំនើបៗ។ នេះហាក់ដូចជាការបារម្ភហួសហេតុពេក។ បើតាមមន្ត្រីកងទ័ពអាកាសអាមេរិកចូលនិវត្តន៍ជាច្រើននាក់ ពីឡុតអ៊ុយក្រែនម្នាក់ដែលមាន សមត្ថភាពបើកយន្ដហោះចម្បាំងសម័យសូវៀត ត្រូវការពេលវេលា ២ ទៅ៣ខែ ដើម្បីរៀនចេះបើកយន្ដហោះចម្បាំង F-15 និង F-16 ហើយដូចគ្នាដែរ កងទ័ពអ៊ុយក្រែនក៏មានសមត្ថភាពរៀនចេះក្នុងរយៈពេលខ្លី ពីរបៀបប្រើអាវុធទំនើបដទៃ ដូចជាយន្ដហោះដ្រូន MQ-1C Gray Eagles ផងដែរ។ តែបញ្ហាធំ គឺ នៅត្រង់សហរដ្ឋអាមេរិកមានការស្ទាក់ស្ទើរ តែម្ដង។


ខណៈសហរដ្ឋអាមេរិកកាន់តែស្ទាក់ស្ទើរពីមួយថ្ងៃទៅមួយថ្ងៃ រុស្ស៉ីក៏កាន់តែជោគជ័យនៅក្នុងសមរភូមិសង្រ្គាមពីមួយថ្ងៃទៅមួយថ្ងៃដែរ។ ប្រសិនបើអាចទទួល បានជ័យជម្នះក្នុងសង្រ្គាមអ៊ុយក្រែនពិតមែន នោះទៅថ្ងៃមុខ រុស្ស៉ីប្រហែលជានឹងមិនស្ទាក់ស្ទើរទេ ក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហា ហើយនឹងធ្វើឱ្យសមត្ថភាពកំញើញរបស់អាមេរិក ឬណាតូកាន់តែចុះខ្សោយ។ សង្រ្គាមនៅអ៊ុយក្រែន វាមិនមែនបង្កហានិភ័យដល់ត្រឹមតែអឺរ៉ុបប៉ុណ្ណោះទេ តែការស្ទាក់ស្ទើររបស់អាមេរិកនៅថ្ងៃនេះ នឹងបញ្ជូនសារទៅកាន់ទីក្រុងប៉េកាំងថាទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តលោកខាងលិចប្រហែលជានឹងនៅតែបន្ត ស្ទាក់ស្ទើរចាត់វិធានការឆ្លើយតប ក្នុងករណីដែលចិនប្រើកម្លាំងយោធាលើតៃវ៉ាន់៕ ដោយ Fresh News

No comments:

Post a Comment