Thursday, July 21, 2022

វិភាគអន្តរជាតិ៖ តើ «ប្រជាធិបតេយ្យ» របស់សហរដ្ឋអាមេរិក លែងជាគំរូសម្រាប់ពិភពលោក មែនទេ?

(តូក្យូ)៖ កាលពីជាង៣០ឆ្នាំមុន សហភាពសូវៀតបានដួលរំលំ ដោយសារតែបណ្ដារដ្ឋមួយភាគធំ ដែលស្ថិតក្រោមដែនឥទ្ធិពលរបស់ខ្លួនបាត់បង់ជំនឿចិត្ត និងងាកមក ជឿជាក់ថាការដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យ និងនីតិរដ្ឋតាមបែបលោកខាងលិច គឺល្អប្រសើរជាងរបបកុម្មុយនិស្ដសូវៀត។ នៅពេលនោះ ស្ថាប័ននយោបាយ ដ៏រឹងមាំ និងប្រកបដោយការបើកចំហរបស់សហរដ្ឋអាមេរិក ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីមនុស្សរាប់លាននាក់ ដែលប្រាថ្នាចង់រស់នៅក្រោមប្រព័ន្ធនយោបាយ មួយជាទីដែលមេដឹកនាំត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតដោយស្របច្បាប់ សេរី និងយុត្តិធម៌។

ផ្អែកលើហេតុផលជាច្រើន បច្ចុប្បន្នសហរដ្ឋអាមេរិក នៅតែជាកំពូលមហាអំណាចលេខ១ នៅលើពិភពលោក ដោយមានប្រភពធនធានធម្មជាតិដ៏មហាសាល, មានសេដ្ឋកិច្ចដ៏រស់រវើក ប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំ បច្ចេកវិទ្យាស្ដង់ដារពិភពលោក ព្រមទាំងមានយោធាខ្លាំងក្លាដែលជះឥទ្ធិពលទៅកាន់គ្រប់តំបន់ទាំងអស់នៅលើ ពិភពលោក។ ក៏ប៉ុន្តែ ប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកបែរជាកំពុងផុយស្រួល និងរងការគំរាមកំហែង ហើយសម្ព័ន្ធមិត្តអាមេរិកបានត្រឹមតែបង្ហាញការខកចិត្ត តែប៉ុណ្ណោះ។

ជាការពិតណាស់ វាមិនមែនជារឿងសាមញ្ញទេ ដែលប្រធានាធិបតីអាមេរិកម្នាក់កំពុងកាន់អំណាចមានប្រជាប្រិយភាពអន់បំផុត។ បើតាមការស្ទង់មតិចេញផ្សាយកាលពី ពេលថ្មីៗនេះ ប្រជាជនអាមេរិកមានត្រឹមតែ ៣៩ភាគរយដែលគាំទ្រការដឹកនាំរបស់លោក ចូ បៃដិន ហើយនេះគឺជាអត្រាគាំទ្រទាបជាងលោក ដូណាល់ ត្រាំ ទៅទៀត បើគិតត្រឹមរយៈពេលដឹកនាំប្រទេសដូចគ្នា។ មួយវិញទៀត តាមរយៈអត្រាគាំទ្រដ៏ទាបនេះ លោក បៃដិន ពិបាកនឹងរំពឹងថាគណបក្សប្រជាធិបតេយ្យរបស់លោកអាចនឹង ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារតែអតិផរណា ការកើនឡើងនៃឧក្រិដ្ឋកម្ម និងភាពចលាចល នៅឯតំបន់ព្រំដែនរវាងអាមេរិក និងម៉ិកសិកជាដើម។

តែនេះគ្រាន់តែជាបញ្ហាបន្ទាប់ផ្សំប៉ុណ្ណោះ ដ្បិតបញ្ហាធំគឺស្ថិតនៅត្រង់ដំបៅផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកខ្លួនឯង។ មានព្រឹត្តិការណ៍ធំៗចំនួន២ ក្នុងនោះរួមមានសំណុំរឿង លោក ដូណាល់ ត្រាំ និងការលុបចោលសិទ្ធិរំលូតកូនរបស់ស្ត្រីអាមេរិក ដែលបាន និងកំពុងធ្វើឱ្យនយោបាយអាមេរិកបែកបាក់ បំផ្លាញសុចរិតភាពនៃស្ថាប័ននយោបាយ និងបង្កឱ្យមានការខឹងសម្បារនៅទូទាំងសហរដ្ឋអាមេរិក ហើយដែលនេះនាំឱ្យមានការភ័យខ្លាចថាជម្លោះ ឬចលាចលកាន់ខិតជិតមកដល់។ កាលពីប៉ុន្មានសប្ដាហ៍មុន គណៈកម្មាធិការមួយនៃសភាតំណាងរាស្ត្រអាមេរិក ដែលទទួលស៊ើបអង្កេតលើកុបកម្មដ៏ហិង្សានៅឯវិមានកាពីតូល កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ បានបង្ហាញ ភស្ដុតាងដែលអាចបញ្ជាក់ថាអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាអ្នកញុះញង់ឱ្យក្រុមអ្នកគាំទ្ររូបលោកសម្រុកចូល និងវាយប្រហារលើវិមានកាពីតូល ដើម្បីរារាំងការប្រកាសជ័យជម្នះរបស់លោក ចូ បៃដិន។

ជាងនេះទៅទៀត ភស្តុតាងក៏បានបង្ហាញដែរថាលោក ត្រាំ មិនត្រឹមតែចង់សម្រេចបំណងដោយចោទថាការបោះឆ្នោតត្រូវបានលួចបន្លំប៉ុណ្ណោះទេ ពោលគឺលោកក៏បាន ព្យាយាមសម្រេចបំណងដោយប្រើកម្លាំងបាយផងដែរ។ តែទោះជាបែបនេះក្ដី គ្មានមនុស្សណាម្នាក់ក្នុងទីក្រុងវ៉ាស៊ីនតោនមានជំនឿចិត្តថាលោក ដូណាល់ ត្រាំ និងមនុស្ស ជំនិតមួយចំនួនរបស់លោកនឹងត្រូវបាននាំខ្លួនឡើងតុលាការ ឬក៏ទទួលខុសត្រូវនៅចំពោះមុខច្បាប់ឡើយ។ ផ្ទុយទៅវិញ ការស្ទង់មតិបែរជាបង្ហាញថាលោក ត្រាំ នៅតែមាន ឥទ្ធិពលធំនៅក្នុងគណបក្សសាធារណរដ្ឋ ហើយអាចនឹងជាប់ឈ្មោះជាបេក្ខជនប្រធានាធិបតីសាជាថ្មីទៀតផងសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤ខាងមុខ ប្រសិនបើ លោកសម្រេចចិត្តចូលរួមប្រកួតប្រជែង។

ម្លោះហើយថាតើប្រជាជនអាមេរិកាំងអាចរំពឹងបានទេថា ប្រជាជនដទៃនៅជុំវិញពិភពលោកនឹងនៅតែមានជំនឿលើប្រជាធិបតេយ្យអាមេរិក នៅពេលដែល ៧០ភាគរយ នៃអ្នកគាំទ្រគណបក្សសាធារណរដ្ឋមិនទទួលស្គាល់លោក ចូ បៃដិនជាប្រធានាធិបតីស្របច្បាប់ ហើយភាគច្រើនក្នុងចំណោមពួកគេថែមទាំងនិយាយថាត្រៀមខ្លួន ជាស្រេចដើម្បីបោះឆ្នោតគាំទ្រមនុស្សម្នាក់ដូចជាលោក ត្រាំ ដែលញុះញង់ឱ្យមានកុបកម្ម និងអំពើហិង្សានៅតាមកញ្ចក់ទូរទស្សន៍ទៅវិញ?

ដូច្នេះ វាមានហេតុផលត្រឹមត្រូវជាច្រើននៅពីក្រោយការភ័យខ្លាចថាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ អាចនឹងបង្កឱ្យមានអំពើហិង្សានៅក្នុងសហរដ្ឋអាមេរិក ហើយ ប្រជាជនអាមេរិកមួយភាគធំ នឹងច្រានចោលភាពស្របច្បាប់នៃការបោះឆ្នោត មិនថាបេក្ខជនរូបណាឈ្នះនៅក្នុងការបោះឆ្នោតនេះនោះទេ។ ពោលគឺប្រសិនបើលោក ត្រាំ សម្រេចចិត្តចូលរួមប្រកួតប្រជែង ហើយលោកទទួលបរាជ័យ ឬក៏បេក្ខជនដែលគាំទ្រដោយលោក ត្រាំទទួលបរាជ័យ នោះច្បាស់ណាស់ក្រុមអ្នកស្មោះស័្មគ្រ និងគាំទ្រ លោក ត្រាំ នឹងស្រែកតវ៉ាថាការបោះឆ្នោតត្រូវបានលួចបន្លំ ខណៈក្រុមមន្ត្រីគាំទ្រលោក ត្រាំ នៅតាមរដ្ឋនីមួយៗអាចនឹងបដិសេធទទួលស្គាល់ ឬអាចព្យាយាម រកមធ្យោបាយកែប្រែលទ្ធផលបោះឆ្នោត។

ដោយឡែក ប្រសិនបើលោក ត្រាំ ឬបេក្ខជនគាំទ្រដោយលោក ត្រាំ ទទួលបានជ័យជម្នះវិញ នោះក្រុមមនុស្សដែលស្អប់លោក ត្រាំ អាចនឹងនាំគ្នាតវ៉ាប្រឆាំងនឹងលទ្ធផល បោះឆ្នោត ដោយចោទថាការបោះឆ្នោតត្រូវបានលួចបន្លំ។ ក្នុងន័យនេះ ទោះជាលោក ត្រាំ ឬលោក បៃដិន មិនមែនជាបេក្ខជនប្រធានាធិបតីក៏ដោយ ក៏អាមេរិកនឹងនៅតែ ប្រឈមមុខនឹងបញ្ហាភាពស្របច្បាប់នៃការបោះឆ្នោតដដែល។

ចំណែកឯ ព្រឹត្តិការណ៍ធំមួយទៀត នោះគឺ «ការលុបចោលសិទ្ធិរំលូតកូនរបស់ស្ត្រីអាមេរិក» ពីសំណាក់តុលាការកំពូលអាមេរិក។ ការសម្រេចចិត្តដ៏ចម្រូងចម្រាសនេះ បាន នាំឱ្យមានការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងទាំងពីប្រជាជនអាមេរិក ព្រមទាំងពីបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តអាមេរិក ហើយប្រជាជនអាមេរិកដល់ទៅ ២ភាគ៣ ត្រូវបានគេរាយការណ៍ថាបានជំទាស់នឹងការសម្រេចចិត្តរបស់តុលាការកំពូល។ កាន់តែសំខាន់ជាងនេះទៅទៀត ការសម្រេចចិត្តរបស់តុលាការកំពូលអាមេរិកបានបង្កភាព រង្គោះរង្គើរខាងនយោបាយ ដែលអាចនឹងនាំឱ្យមានការបែកបាក់គ្នានៅទូទាំងសហរដ្ឋអាមេរិក។ ការស្ទង់មតិបានបង្ហាញថាការសម្រេចចិត្តនេះអាចនឹងបំផ្លាញសុចរិតភាព នៃតុលាការកំពូលអាមេរិក ក្នុងនាមជាស្ថាប័នមួយដែលធ្លាប់តែទទួលបានការគាំទ្រពីប្រជាជនអាមេរិក ខ្លាំងជាងប្រធានាធិបតី ឬសភាទៅទៀត ហើយមិនតែប៉ុណ្ណោះវា ក៏អាចនឹងបង្កឱ្យមានអំពើហិង្សាផងដែរ។

តួយ៉ាង កាលពីខែមិថុនាកន្លងទៅ បុរសម្នាក់រស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានចោទប្រកាន់ពីបទព្យាយាមសម្លាប់ចៅក្រមតុលាការកំពូលអាមេរិក លោក ប្រេត កាវ៉ាន់ណាស់ (Brett Kavanaugh)។ ក្រុមរដ្ឋអាជ្ញាបានឱ្យដឹងថា បុរសរូបនេះមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការសម្រេចចិត្តលុបចោលសិទ្ធិរំលូតកូនរបស់ស្ត្រី អាមេរិក ហើយរូបគេបារម្ភខ្លាចថាលោក កាវ៉ាន់ណាស់ អាចនឹងបន្ធូបន្ថយច្បាប់គ្រប់គ្រងកាំភ្លើង។

មែនទែនទៅ សំណុំរឿងកុបកម្មកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ វាបានបង្ហាញរួចទៅហើយពីហានិភ័យថាការចោទសួរពីភាពស្របច្បាប់នៃស្ថាប័ននយោបាយ នឹងបង្ក ទៅជាអំពើហិង្សា។ ក្រសួងសន្តិសុខមាតុភូមិអាមេរិក បានព្រមានឱ្យមន្ត្រីប៉ូលិសនៅតាមតំបន់នានា និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនដោះស្រាយការកើនឡើងអំពើហិង្សាជ្រុលនិយមរបស់ក្រុមអ្នកស្ដាំ និងឆ្វេងនិយម បន្ទាប់ពីការសិក្សាថ្មីមួយរកឃើញថាយុវជនអាមេរិកជិត ៤០ភាគរយ បង្ហាញការគាំទ្រក្នុងការចូលរួម «ធ្វើបដិវត្តន៍នយោបាយ» បើទោះជាបង្កឱ្យមានអំពើហិង្សាក៏ដោយ។

ខណៈសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការបែកបាក់នយោបាយយ៉ាងជ្រៅជាងពេលណាៗទាំងអស់ ដែលបង្កឱ្យមានការខឹងសម្បារ និងបញ្ហាប្រឈមជាច្រើនដល់ ភាពស្របច្បាប់នៃស្ថាប័ននយោបាយអាមេរិក ពិភពលោកទាំងមូលកំពុងភ័យខ្លាចថាប្រជាធិបតេយ្យអាមេរិក អាចដូចអ្វីដែលអតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រីហ្គិន បានលើកឡើង នោះគឺ «ទីក្រុងដ៏ចែងចាំងមួយនៅភ្នំ បែរជាកំពុងស្ថិតនៅក្រោមការគំរាមកំហែងទៅវិញ»៕ ដោយ៖ Fresh News









No comments:

Post a Comment