Monday, May 02, 2022

បេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងសមាជិកបក្សប្រជាធិបតេយ្យមូលដ្ឋានជាង១០០នាក់ ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន

 (រតនគិរី)៖ បេក្ខជនឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ លេខរៀងទី៤ របស់គណបក្សភ្លើងទៀន នៅឃុំប៉ាតេ និងអ្នកគាំទ្រនៅស្រុកអូរយ៉ាដាវ និងស្រុកលំផាត់ចំនួន១១៩នាក់ និងសមាជិកគណបក្ស ប្រជាធិបតេយ្យមូលដ្ឋានចំនួន១៦នាក់ នៅខេត្តរតនគិរី បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

អតីតអ្នកគាំទ្រគណបក្សភ្លើងទៀន និងគណបក្សប្រជាធិបតេយ្យមូលដ្ឋានទាំងនោះមកពីឃុំល្បាំង១ និងឃុំល្បាំង២ នៃស្រុកលំផាត់ និងមកពីឃុំប៉ាតេ នៃស្រុកអូរយ៉ាដាវ។

លោក សេវ ផូន បេក្ខជនឈរឈ្មោះបោះឆ្នោតលេខរៀងទី៤ របស់គណបក្សភ្លើងទៀន បានបញ្ជាក់ថា មូលហេតុដែលគាត់ និងសកម្មជនរបស់បក្ស សម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់អស់ជំនឿចំពោះមេដឹកនាំគណបក្សខ្លួន ហើយពេញចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោកបានបន្តថា ពួកគាត់បានមើលឃើញពីភាពដឹកនាំពិតប្រាកដ និងត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព សេរីភាព និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និយាយជារួម និងជានិយាយដោយឡែក សម្រាប់ខេត្តរតនគិរី ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។

បន្ថែមពីនេះពួកគាត់បានគូសបញ្ជាក់ថា «ការសម្រេចចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺគ្មានការបង្ខិតបង្ខំនោះឡើយ ដោយសារតែពួកគាត់បានឃើញការសន្យាពិត និយាយពិត និងធ្វើពិតរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សដ៏ប៉ិនប្រសប់ និងឆ្នើមមួយរូប»៕

No comments:

Post a Comment