Wednesday, December 22, 2021

វិភាគអន្តរជាតិ៖ រុស្ស៊ីកាន់តែស្និទ្ធជាមួយចិន អាមេរិកនឹងជួបបញ្ហាប្រឈមកាន់តែច្រើន


(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងចូលរួមក្នុងកិច្ចប្រជុំមួយនៅក្នុងសប្ដាហ៍នេះ។ សេចក្ដីរាយការណ៍ ជាច្រើននៅក្នុងប្រទេសរុស្ស៊ី បានឱ្យដឹងថានៅក្នុងជំនួបដែលនឹងប្រពឹត្តទៅនៅថ្ងៃពុធសប្ដាហ៍នេះតាមប្រព័ន្ធវីដេអូ មេដឹកនាំនៃប្រទេសទាំង២ នឹងពិភាក្សាពី វោហាសាស្ត្រសម្លុតគំរាមរបស់អង្គការ NATO និងភាពតានតឹងបច្ចុប្បន្ននៅក្នុងតំបន់អឺរ៉ុប។

បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) រុស្ស៊ី និងចិនក៏បានជជែកគ្នារួចហើយដែរពីការវិវត្តស្ថានការណ៍នានាពេលថ្មីៗនេះ នៅក្នុងកិច្ចការអន្តរជាតិ ជាពិសេសពាក់ព័ន្ធនឹងទ្វីបអឺរ៉ុបដែលតម្រូវឱ្យមានកិច្ចពិភាក្សារវាងសម្ពន្ធមិត្ត នោះគឺរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។

ជាការពិតណាស់ នេះគឺជាពេលវេលាដ៏សំខាន់នេះ ពីព្រោះថាគេអាចនឹងមើលឃើញកាន់តែច្បាស់ថាតើរុស្ស៊ី និងចិន នឹងរួមដៃគ្នា ឬក៏សហការគ្នាយ៉ាងដូចម្ដេច ឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក និងអឺរ៉ុប ស្របពេលមហាអំណាចទាំង២ មើលឃើញពីឱកាស និងប្រយោជន៍រៀងៗខ្លួនពីកិច្ចសហប្រតិបត្តិការទប់ទល់ជាមួយ បណ្ដាប្រទេសលោកខាងលិច។ ក្រោយធ្វើសង្រ្គាមប្រយុទ្ធប្រឆាំងនឹងអង្គការភេរវករអស់រយៈពេលរាប់សិបឆ្នាំមកនេះ អាមេរិកបានភ្ញាក់ដឹងខ្លួនដោយងាកមក ប្រជែងជាមួយរុស្ស៊ីផង និងចិនផង។ ប៉ុន្តែ វាមានសំណួរមួយដែលគេត្រូវចោទសួរថាតើការភ្ញាក់ខ្លួននេះ យឺតពេលហើយមែនទេ?

ក្រៅពីស្ថានភាពតានតឹងក្នុងតំបន់អឺរ៉ុប , លោក ពូទីន និងលោក ស៊ី ជិនពីង ក៏នឹងពិភាក្សាដែរលើកិច្ចសហប្រតិបត្តិការស្ដីពីវិស័យថាមពល, ការវិនិយោគ , ពាណិជ្ជកម្ម និងបច្ចេកវិទ្យាជាដើម។ ដោយឡែក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយចិន CGTN បាននិយាយថារុស្ស៊ីបានដកខ្លួនចេញពីសន្ធិសញ្ញា បើកចំហជើងមេឃ (Treaty on Open Skies) ជាផ្លូវការហើយ។ រុស្ស៊ីមានផែនការដកខ្លួនចេញពីសន្ធិសញ្ញានេះតាំងតែពីខែមិថុនាកន្លងទៅមកម្ល៉េះ ដ្បិត សន្ធិសញ្ញានេះ វាលែងមានប្រយោជន៍ទៅហើយ ក្រោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដកសហរដ្ឋអាមេរិកចេញពីកិច្ចសន្ធិសញ្ញានេះកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយចោទថារុស្ស៊ីជាអ្នកបំពានសន្ធិសញ្ញានេះមុន។

ប្រព័ន្ធផ្សព្វផ្សាយចិន CGTN បានកត់សម្គាល់ទៀតថា សន្ធិសញ្ញាដែលបានចូលជាធរមានតាំងតែពីឆ្នាំ២០០២មក បានអនុញ្ញាតឱ្យប្រទេសជាភាគី អាចដឹកនាំ ប្រតិបត្តិការហោះហើរនៃយន្ដហោះស៊ើបការណ៍ដោយមានការជូនដំណឹងជាមុន នៅក្នុងដែនអាកាសនៃប្រទេសជាហត្ថលេខី ដើម្បីប្រមូលទិន្នន័យស្ដីពីកម្លាំង យោធា និងសកម្មភាពយោធា សំដៅកសាងទំនុកចិត្តលើគ្នាទៅវិញទៅមក។ អ្វីដែលសំខាន់នៅត្រង់នេះ នោះគឺវាបានបង្ហាញកាន់តែច្បាស់ពីការធ្លាក់ចុះកាន់តែ ដុនដាបនៃទំនាក់ទំនងទ្វេភាគីរវាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុង ម៉ូស្គូ ហើយវាជាឱកាសមួយឱ្យរុស្ស៊ីកាន់តែខិតទៅរកចិន។

ទំាងចិន និងរុស្ស៊ី នាពេលកន្លងមក ហាក់ដូចជាបានបង្ហាញការគាំទ្រដល់អ៉ីរ៉ង់ ខណៈអ្នកជំនាញជាច្រើនយល់ថាមិនយូរនឹងឆាប់ប្រទេសទាំង៣នេះ អាចនឹង បង្កើតសម្ពន្ធភាពថ្មីមួយដើម្បីទប់ទល់ជាមួយអាមេរិក និងអឺរ៉ុប។ តួយ៉ាង បើតាមស្ថានីយទូរស្សន៍អាមេរិក CNN កាលពីសប្ដាហ៍មុនបានរាយការណ៍ថាក្រមហ៊ុន អាមេរិក Microsoft បានព្រមានថាក្រុម hackers ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន, អ៉ីរ៉ង់, កូរ៉េខាងជើង និងតួកគី បាន និងកំពុងព្យាយាមវាយប្រហារ ព័ត៌មានវិទ្យាលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើននៅជុំវិញពិភពលោក។


សេចក្ដីរាយការណ៍នេះបានលើកឡើងពីឈ្មោះចិន, អ៉ីរ៉ង់, កូរ៉េខាងជើង និងតួកគីដែលនេះមានន័យថាប្រទេសទាំងនេះកំពុងធ្វើការជាមួយគ្នាប្រឆាំងនឹងអាមេរិក ព្រមទាំងបណ្ដាប្រទេសលោកខាងលិច ហើយត្រៀមបញ្ចូលរុស្ស៊ីបន្ថែមនៅក្នុងសម្ពន្ធភាពថ្មីមួយ៕


ប្រភព៖ Jerusalem Post (ថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១)

ដោយៈ Fresh News






No comments:

Post a Comment