Tuesday, December 21, 2021

វិភាគអន្តរជាតិ៖ លោក ចូ បៃដិន, ពីប្រធានាធិបតីមានការគាំទ្រ ភ្លូកទឹកភ្លូកដី ក្លាយជាប្រធានាធិបតីបាត់បង់ការគាំទ្រ ភ្លូកទឹកភ្លូកដី


(សិង្ហបុរី)៖ លោក ចូ បៃដិន បានផ្ដួលលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២០ ដោយទទួលបានចំនួនអង្គបោះឆ្នោត ភ្លូកទឹកភ្លូកដី ហើយនៅពេលលោកចាប់ផ្ដើមអាណត្តិជាប្រធានាធិបតី កាលពីខែមករា ដើមឆ្នាំ២០២១កន្លងទៅនេះ អត្រាគាំទ្ររបស់លោកមានដល់ទៅ ៥៧ភាគរយ។


ប៉ុន្តែ បច្ចុប្បន្ន អត្រាគាំទ្ររបស់លោក បៃដិន បានដាំក្បាលចុះក្រោមយ៉ាងគំហុក មកនៅត្រឹមតែ៤៣ភាគរយប៉ុណ្ណោះ រីឯប្រជាជនអាមេរិក ៧១ភាគរយ យល់ថា ប្រទេសរបស់ខ្លួនកំពុងដើរនៅលើផ្លូវខុស។ តើមានមូលហេតុអ្វី ទើបធ្វើឱ្យលោក បៃដិន ដែលទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដី បែរជាស្រុតចុះ ប្រជាប្រិយភាពដូចទឹកបាក់ទំនប់ ទៅវិញ?


*ស្ថានភាព COVID-19 កាន់តែអាក្រក់


ការផ្ទុះឡើងនូវវីរុសបំប្លែងថ្មី Delta កាលពីខែកក្កដា ឆ្នាំ២០២១នេះ នៅក្នុងសហរដ្ឋអាមេរិក វាបានធ្វើឱ្យករណីឆ្លង COVID-19 ប្រចាំថ្ងៃហក់ឡើងខ្ពស់ជាថ្មី ទោះបីជារដ្ឋបាលលោក បៃដិន សម្រេចបាននូវអត្រាចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ។ ការកើនឡើងករណីឆ្លងនេះឯង បានជំរុញឱ្យប្រជាជនអាមេរិកដែលរំពឹងខ្ពស់ ថាពួកគេអាចនឹងត្រឡប់ទៅរកជីវភាពធម្មតាវិញ បានបាត់បង់ជំនឿចិត្តលើសមត្ថភាពដឹកនាំរបស់លោក បៃដិន។


តួយ៉ាង ការស្ទង់មតិរបស់សារព័ត៌មាន Axios បានបង្ហាញថាកាលពីខែមិថុនាកន្លងទៅថា ប្រជាជនអាមេរិក១ភាគ៣ គិតថាជីវភាពរស់នៅរបស់ពួកគេនឹងត្រឡប់ ទៅរកភាពប្រក្រតី នៅក្នុងរយៈពេល ៦ខែ ប៉ុន្តែនៅត្រឹមខែតុលា ចំនួននេះបានថយមកនៅត្រឹម១៣ភាគរយប៉ុណ្ណោះ។ បន្ថែមពីលើនេះ ការឆ្លើយតបទៅនឹង ការកើនឡើងករណីឆ្លង COVID-19 នៅក្នុងសហរដ្ឋអាមេរិក បែរជាត្រូវបានប្រើប្រាស់ក្នុងចេតនានយោបាយទៅទៀត។ ទាំងខាងបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានបែកបាក់គ្នាយ៉ាងខ្លាំងពាក់ព័ន្ធនឹងកាតព្វកិច្ចចាក់វ៉ាក់សាំង, កាតព្វកិច្ចពាក់ម៉ាស រួមទាំងវិធានការរឹតត្បិតជាច្រើនទៀត។


ម្លោះហើយ COVID-19 នៅតែបន្តឆ្លងរាតត្បាត ការបែកបាក់នៅក្នុងសហរដ្ឋអាមេរិកកាន់តែមានសភាពធ្ងន់ធ្ងរ ហើយវាចៀសមិនរួចនោះទេដែលប្រជាជន អាមេរិកយល់ថាលោក បៃដិន ត្រូវតែទទួលខុសចំពោះការបែកបាក់នេះ។


*ការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក បៃដិន


បញ្ហាធំមួយទៀតដែលធ្វើឱ្យលោក បៃដិន បាត់បង់ប្រជាប្រិយភាព នោះគឺការគ្រប់គ្រង និងដោះស្រាយបញ្ហាសេដ្ឋកិច្ច។ សេដ្ឋកិច្ច ត្រូវបានគេចាត់ទុកថាជាកត្តា ដ៏ចម្បងមួយដែលអាចកំណត់ពីជោគវាសនារបស់ប្រធានាធិបតីអាមេរិកនៅក្នុងបោះឆ្នោត។ កាលពីនៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត, ប្រជាជនអាមេរិក ភាគច្រើនគិតថាលោក ដូណាល់ ត្រាំ មានសមត្ថភាពដោះស្រាយបញ្ហាសេដ្ឋកិច្ចបានល្អប្រសើរជាងលោក បៃដិន។


លោក បៃដិន សព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច គឺអតិផរណានៅក្នុងស្រុក បូករួមទាំងការខូចខាតយ៉ាងធ្ងន់ធ្ងរនៃខ្សែចង្វាក់ផ្គត់ផ្គង់សកលលោក ដោយសារ COVID-19។ អតិផរណាបាន និងកំពុងវាយប្រហារលើប្រជាប្រិយភាពលោក បៃដិន ដោយសារព័ត៌មាន Wall Street Journal កាលពីពេលថ្មីៗនេះ បានរាយការណ៍ថាប្រជាជនអាមេរិកច្រើនជាង ៥៦ភាគរយ មានអារម្មណ៍ថាពួកគេរងគ្រោះដោយសារអតិផរណា ហើយភាគច្រើនក្នុងចំណោម ពួកគេក៏គិតដែរ ថាស្ថានការណ៍នឹងកាន់តែអាក្រក់ឡើង។


គួរបញ្ជាក់ថា លោក ចូ បៃដិន ធ្លាប់បានបញ្ជាក់ពីបំណងឈរឈ្មោះប្រជែងយកតំណែងជាប្រធានាធិបតីមួយអាណត្តិទៀត នៅឆ្នាំ២០២៤។ ប៉ុន្តែ ក្រុមអ្នកជំនាញខ្លះយល់ថា វាពិបាកណាស់ដែលលោក បៃដិន អាចនឹងទទួលបានជ័យជម្នះម្ដងទៀត ស្របពេលដែលនយោបាយការបរទេសរបស់លោក ជាពិសេស គឺបរាជ័យនៅអាហ្វហ្កានីស្ថាន នៅតែបន្តលងបន្លាចរូបលោក និងរូបភាពជាមេដឹកនាំពិភពលោករបស់អាមេរិក៕


ប្រភព៖ CNA (ថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១)

ដោយៈfresh news



No comments:

Post a Comment