Wednesday, December 22, 2021

វិភាគអន្តរជាតិ៖ ទោះមិនអាចឈ្នះ, តែអ៊ុយក្រែនអាចធ្វើឱ្យរុស្ស៊ីរបួសធ្ងន់


(ម៉ូស្គូ)៖ ក្រុមអ្នកវិភាគជាច្រើនជឿជាក់ថាទោះបីជាកងទ័ពអ៊ុយក្រែន មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតស៊ូប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ដែលជាមហាអំណាចយោធា លេខ២ នៅលើពិភពលោកក៏ដោយ តែយ៉ាងហោចណាស់ អ៊ុយក្រែនអាចនឹងបង្កការខាតបង់ធ្ងន់ធ្ងរដល់កងទ័ពរុស្ស៊ី។ ការខាតបង់ធ្ងន់ធ្ងរនេះឯងអាចនឹងធ្វើឱ្យ


លោក ពូទីន ពិចារណា ២ ទៅ៣ដងដែរ មុននឹងសម្រេចចិត្តបើកការវាយលុកទ្រង់ទ្រាយធំចូលអ៊ុយក្រែន។


បើតាមក្រុមអ្នកវិភាគយោធាលោកខាងលិច ដូចជាលោក Ben Hodges មកពីមជ្ឈមណ្ឌលសម្រាប់ការវិភាគគោលនយោបាយអឺរ៉ុប កងទ័ពអ៊ុយក្រែនទទួលបានការ បណ្ដុះបណ្ដាលយ៉ាងល្អ និងត្រូវបានបំពាក់អាវុធទំនើបៗ ក្រោមការគាំទ្ររបស់សហរដ្ឋអាមេរិក ចាប់តាំងពីរុស្ស៊ីក្រសោបយកតំបន់ឧបទ្វីបគ្រីមៀ កាលពីឆ្នាំ២០១៤មក ហើយនេះអាចនឹងធ្វើឱ្យលោក ពូទីន ស្ទាក់ស្ទើរនៅក្នុងចិត្ត។ លោក Ben Hodges បានលើកឡើងដូច្នេះថា «យើងនឹងមិនឃើញព្រួញក្រហមដ៏ធំមួយឆ្លងកាត់ចូល អ៊ុយក្រែនឡើយ។ ខ្ញុំមិនជឿទេថារុស្ស៊ីមានសមត្ថភាពវាយកាន់កាប់អ៊ុយក្រែនបានទាំងស្រុង ហើយគ្រប់គ្រងប្រទេសទាំងមូល។ ខ្ញុំក៏មិនជឿនោះដែរថារុស្ស៊ីមានបំណង ធ្វើរឿងបែបនេះ»។


លោកបន្ថែមថា ជាជម្រើសមួយផ្សេង រុស្ស៊ីអាចនឹងជំរុញឱ្យតំបន់ភាគខាងត្បូង និងភាគខាងលិចនៃតំបន់ Donbass ស្ថិតនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ដែលកាន់កាប់ដោយកងកម្លាំងគាំទ្រដោយរុស្ស៊ីរួចទៅហើយនោះ ភ្ជាប់ជាមួយតំបន់គ្រីមៀ និងសមុទ្រខ្មៅ។ ប៉ុន្តែ ការធ្វើបែបនេះក៏នឹងអាចបង្កជាជម្លោះនឹងធ្វើឱ្យកងទ័ព រុស្ស៊ីរបួស និងស្លាប់ផងដែរ។


ជាការពិតណាស់ បើគិតពីកម្លាំងយោធាដោយមិននិយាយពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ អ៊ុយក្រែនមិនមែនជាដៃគូរបស់រុស្ស៊ីទេ ហើយសូម្បីតែអាមេរិក ឬ NATO ក៏មិនប្រាកដថានឹងធ្វើអន្តរាគមន៍យោធាចូលជួយអ៊ុយក្រែន ដែលមិនមែនជាសមាជិក NATO ឬក៏ស្ថិតនៅក្នុងសន្ធិសញ្ញាណាមួយដែលតម្រូវឱ្យអាមេរិកចេញមុខការពារ ដោយកម្លាំងយោធានោះដែរ។


បើតាមវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) មានមូលដ្ឋានក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ត្រឹមចំនួនកងទ័ពរុស្ស៊ី ២៨០,០០០នាក់ វាគឺមានចំនួន ច្រើនជាងកងទ័ពអ៊ុយក្រែនដល់ទៅ ២ដង ហើយកងទ័ពរុស្ស៊ីសរុបជាង ៩០០,០០០នាក់ គឺមានចំនួនច្រើនជាងកងទ័ពអ៊ុយក្រែនដល់ទៅ៤ ឯណោះ ខណៈគិតត្រឹមពី

ឆ្នាំ២០១០ ដល់ឆ្នាំ២០២០ អ៊ុយក្រែនបានចំណាយត្រឹមតែ ៤.៣ពាន់លានដុល្លារ ឬស្មើត្រឹមតែ ១ភាគ១០តែប៉ុណ្ណោះនៃកញ្ចប់ថវិកាយោធារុស្ស៊ី។


គួរបញ្ជាក់ថា អ៊ុយក្រែន បានចោទប្រកាន់ថារុស្ស៊ីបានដាក់ពង្រាយកងទ័ព ៩២,០០០នាក់ នៅក្បែរតំបន់ព្រំដែនរបស់ខ្លួន ស្របពេលមន្ត្រីចារកម្មអាមេរិកព្រមានថាចំនួន កងទ័ពនេះអាចនឹងកើនដល់ ១៧៥,០០០នាក់ ហើយរុស្ស៊ីអាចនឹងបើកការវាយប្រហារនៅខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។ ប៉ុន្តែ ទីក្រុងម៉ូស្គូ បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថាកងទ័ពរុស្ស៊ី ធ្វើសកម្មភាពតែក្នុងទឹកដីខ្លួនឯងតែប៉ុណ្ណោះ រីឯអ៊ុយក្រែន និង NATO ទៅវិញទេដែលជាអ្នកធ្វើឱ្យមាន ភាពតានតឹង និងគំរាមកំហែងដល់សន្តិសុខជាតិរុស្ស៊ី៕


ប្រភព៖ Reuters (ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១)

ដោយៈ Fresh News










No comments:

Post a Comment