Tuesday, September 28, 2021

អភិបាលខេត្តកំពង់ចាម ដាក់គោលការណ៍ ៧ ចំណុចដល់អាជ្ញាធរក្រុង-ស្រុក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

(កំពង់ចាម)៖ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២១ បន្ទាប់ពីមានការឆ្លងជំងឺកូវីដ១៩ ទៅលើអាជីវករលក់ដូរ ក្នុងផ្សារស្ពឺ និងផ្សារថ្នល់បែក ក្នុងស្រុកចំការលើ ជាបន្តបន្ទាប់ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំដាក់គោលការណ៍បន្ទាន់៧ ចំណុច ដើម្បីឲ្យអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធយកទៅអនុវត្ត ក្នុងទិសដៅទប់ស្កាត់ការឆ្លងរាលដាលកាន់តែធំ នៃជំងឺកូវីដ១៩ ។

វិធានការទាំង ៧ ចំណុចដែល លោក អភិបាលខេត្តកំពង់ចាម បានដាក់ចេញក្នុងអង្គប្រជុំនោះគឺ ៖         

ទី១ ៖ ត្រូវបង្កើនការផ្សព្វផ្សាយ សារអប់រំរបស់ក្រសួងសុខាភិបាលបន្ថែមទៀត នៅតាមមូលដ្ឋាន ជាពិសេសតាមទីប្រជុំជនដូចជា ទីផ្សារជាដើម ។ 

ទី២ ៖ ត្រូវពង្រឹងផ្នែកប្រជាពលរដ្ឋធ្វើចត្តាឡីស័ក ជាពិសេសការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនិងអ្នកវិជ្ជមានប្រភេទ ដែលតា ត្រូវឲ្យពួកគាត់ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ។ 

ទី៣ ៖ សូមឱ្យផ្នែកសុខាភិបាលធ្វើយ៉ាងណា ព្យាបាលអ្នកជំងឺកូវីដ១៩ នៅតាមផ្ទះ ឲ្យបានហ្មត់ចត់ និងហាមដាច់ខាត អ្នកជំងឺមកអង្គុយលេងផ្ទះអ្នកជិតខាង ។ 

ទី៤ ៖ ត្រូវអនុវត្តច្បាប់ទៅលើជនខិលខូចទាំងឡាយ ដែលព្យាយាមគេចវេសពីការព្យាបាល បូករួមទាំងការមិនគោរពទៅតាមវិធានការការពារជំងឺឆ្លងនេះ ត្រូវតែអនុវត្តច្បាប់តាមបទល្មើសជាក់ស្ដែង ។ 

ទី៥ ៖ ត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវអំពីអ្នកចំណូលស្រុក ជាពិសេសអ្នកចំណូលស្រុកមកពីតំបន់ ដែលមានហានិភ័យខ្ពស់ ត្រូវតែឲ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ១៤ថ្ងៃ ។ 

ទី៦ ៖ ត្រូវជំរុញនៃការបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីប្រជុំជន ជាពិសេសតាមទីផ្សារ ។

ទី៧ ៖ ចំពោះសាលារៀន ត្រូវពិនិត្យមើលបើមានវិជ្ជមានកូវីដ១៩ ក្នុងថ្នាក់ណា ត្រូវធ្វើការព្យាបាល និងសិស្សពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កចំពោះតែថ្នាក់នោះ ពោល គឺមិនមែនបិទសាលានោះទេ ៕






No comments:

Post a Comment