Tuesday, September 28, 2021

ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់ចាំនៅវត្តមណីរង្សីវេស្សវ័ណ

ក្រចេះ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ  លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងភរិយា បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តមណីរង្សីវេស្សវ័ណ ហៅវត្តកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ ដើម្បីផ្គត់ផ្គង់ទ្រទ្រង់ព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ខណៈពិធីសម្រាប់ឆ្នាំនេះត្រូវបានផ្អាកដោយសារវិបត្តិជំងឺកូវីដ-១៩ឆ្លងរីករាលដាល ។

នាឱកាសនោះ លោក ហឿ ស៊ីយ៉ែម មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តតែងតែរៀបចំពិធីកាន់បិណ្ឌ នៅតាមវត្តមួយក្នុងក្រុងក្រចេះ និងស្រុកមួយចំនួន ប៉ុន្តែសម្រាប់ឆ្នាំនេះ ដោយសារតែមានការព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល និង រដ្ឋបាលខេត្ត សម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ រដ្ឋបាលខេត្តមិនអាចប្រារព្ធពិធីកាន់បិណ្ឌតាមបែបទំនៀមទម្លាប់បានឡើយ ដូច្នេះមានតែនាំយកថវិកា និងស្បៀងអាហារ ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងពិធីកាន់បិណ្ឌ។

ជាមួយគ្នានេះដែរ លោកបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខចំពោះព្រះចៅអធិការនិងព្រះសង្ឃ សូមមានការយោគយល់ ព្រមទាំងចូលរួមទាំងអស់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហមន៍របស់យើង ក្នុងអំឡុងពេលនេះ ជាពិសេសត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត និងវិធានការនានារបស់ក្រសួងសុខាភិបាល ក៏ដូចជា វិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕





No comments:

Post a Comment