Tuesday, September 28, 2021

រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ដែលធ្វើឱ្យប្រាក់ឈ្នួលទាបបំផុតឡើងដល់១៩៤ដុល្លារ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីប្រកាសមួយ ដំឡើងប្រាក់ឈ្នួលជូនដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា ចំនួន២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) របស់កម្មករកើនដល់សរុប ១៩៤ដុល្លារ ទោះបីជាកម្ពុជារងផលប៉ះពាល់ដោយជំងឺកូវីដ១៩ក៏ដោយ។

ការប្រកាសដំឡើងប្រាក់ឈ្នួលនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានប្រជុំលើកចុងក្រោយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីបោះឆ្នោតកំណត់តួលេខដំឡើងប្រាក់ឈ្នួល លើតួលេខ៣ដែលស្នើដោយភាគីពាក់ព័ន្ធ មានដូចជា ១៨៨ដុល្លារ, ២០៤ដុល្លារ និង១៩២ដុល្លារ ដោយក្នុងនោះតួលេខប្រាក់ឈ្នួល ១៩២ដុល្លារ ទទួលបានសំឡេងគាំទ្រច្រើនជាងគេ គឺ៤៥សំឡេង លើ៥១សំឡេង។
តាមសេចក្តីប្រកាសរបស់ក្រសួងការងារ បាន បញ្ជាក់ឱ្យដឹងថា «ដូចនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានស្នើតួលេខចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការពិនិត្យសម្រេចលើប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២២»។
ក្រសួងបានបន្តថា «យោងរបាយការណ៍របស់លោករដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតនៅក្នុងបរិការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចនិងសង្គម ជាពិសេសទៅលើបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ លោកនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ (ពីរ) ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារ អាម៉េរិក។ ដូច្នេះចាប់ ពីថ្ងៃ ទី១ ខែមករា ឆ្នាំ២០២២ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ (មួយរយកៅសិបបួន) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៩២ (មួយរយកៅសិបពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ ចំពោះកម្មករនិយោជិត សាកល្បង»។
បើតាមក្រសួងការងារ ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុក នៅដដែល មានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាម៉េរិក ក្នុងមួយខែ, ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២ ០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ, និងប្រាក់រង្វាន់ អតីតភាពការងារចំនួនពី ២ដុល្លារអាម៉េរិក ដល់ ១១ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិតដែល បានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។ ដូចនេះ ជា មធ្យមកម្មករនិយោជិតម្នាក់ៗនឹងទទួលបានប្រាក់បៀវត្សយ៉ាងតិច ចំនួនពី ២១១ (ពីររយដប់មួយ) ដុល្លារអាម៉េរិក ដល់ ២២២ (ពីររយម្ភៃពីរ) ដុល្លារអាម៉េរិក ក្នុងមួយខែ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង គឺទទួលបានប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនសរុប ១៩២ ដុល្លារអាមេរិកក្នុងមួយខែ ទោះបីជាប្រឈមនឹងការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ ដោយក្នុងពេលរៀបចំដំឡើងនោះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានស្នើសម្រេចផ្ដល់ឱ្យ ១៩០ ដុល្លារ ចំណែក ២ ដុល្លារទៀត គឺត្រូវបានបន្ថែមដោយលោកនាយករដ្ឋមន្ត្រីនៃ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕












No comments:

Post a Comment