Friday, August 13, 2021

ពិធីជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈឧបត្ថម្ភដល់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ក្នុងស្រុកទឹកផុស

កំពង់ឆ្នាំង៖ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល គណៈអភិបាលខេត្តកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកស្រី ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាលដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តបាន នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនអ្នកជំងឺកូវីដ-១៩នៅមណ្ឌលកម្រឹតស្រាល ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

លោក សូត្រ សង់ អភិបាលស្រុកទឹកផុស បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាព អ្នកជំងឺ-១៩ កម្រិតស្រាល ដែលកំពុងសម្រាកក្នុងមណ្ឌលព្យាបាលសព្វថ្ងៃនៅស្រុកទឹកផុសមានចំនួន ៤៤នាក់ ស្រី២២នាក់ ក្នុងនោះមានពលករថ្មីមកពីថៃចំនួន០៧នាក់ ស្រី ០៣ និងមកពីស្រុករលាប្អៀរ ២០ ស្រី១២ ក្រុងកំពង់ឆ្នាំង ០២ ស្រុកកំពង់លែង ០៣ ស្រី០១ ស្រុកទឹកផុស ១៨ ស្រី០៩ និងស្រុកកំពង់ត្រឡាច ០១ ស្រី០ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងតំណាងរាស្រ្ត តែងតែគិតគូរ និងកៀរគរកជំនួយពីសប្បុរសជននានាដើម្បីយកផ្គត់ផ្គង់តម្រូវការចាំបាច់ក្នុងខេត្ត ពិសេសតាមមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលក្នុងខេត្តដែលកំពុងមានបញ្ហាប្រឈមសម្រាប់ចាត់ចែងក្នុងមណ្ឌល ជូនប្រជាពលរដ្ឋសម្រាកព្យាបាលនិងធ្វើចត្តាឡីស័ក។

លោក ស៊ុន សុវណ្ណារិទ្ទិ បានអំពាវនាវឱ្យបងប្អូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលត្រូវខិតខំថែទាំសុខភាពអោយបានល្អ អនុវត្តការព្យាបាលអោយបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ព្រមទាំងអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ដើម្បីឆាប់ជាសះស្បើយ វិលទៅជួបជុំក្រុមគ្រួសារវិញ។

ក្នុងពេលនោះឯកឧត្តម លោកស្រី ក៏បានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈសម្រាប់ការពារជំងឺកូវីដ១៩ របស់រដ្ឋបាលខេត្តដល់មណ្ឌលព្យាបាលអ្នកជំងឺកម្រិតស្រាលស្រុកទឹកផុសមាន៖ អង្ករចំនួន ១តោន, ត្រីខ០៣ កេស, ទឹកសុទ្ឌ ១០កេស, មី ១០ កេស, ម៉ាស់ ២កេសធំ ស្មើ៥០០០ម៉ាស់, អាល់កុល ៦០លីត្រ, ទឹកអំពិល ១០កេស, ភេសជ្ជៈវីហ្គើ១០កេស ផងដែរ ៕





 

No comments:

Post a Comment