Monday, August 23, 2021

អភិបាលខេត្តក្រចេះ បានចុះពិនិត្យយកសំណាកធ្វើតេស្តទៅលើអាជីវករលក់ដូរក្នុងផ្សារសាមគ្គី

ក្រចេះ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ លោក  វ៉ា ថន អភិបាលខេត្ត បានដឹកនាំក្រុមការងារចម្រុះខេត្ត និងក្រុមគ្រូពេទ្យបានចុះរៀបចំដាក់ទីតាំងនៅមុខផ្សារសាមគ្គីក្រុងក្រចេះ ប្រមូលអាជីវករលក់ដូរក្នុងផ្សារទាំងអស់មកទទួលការយកសំណាក ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដើម្បីអស់មានការមន្ទិលសង្ស័យនិងដើម្បីសុខសុវត្ថិភាព សុខភាព និងដើម្បីកាត់ផ្ដាច់ចរន្តនៃការចម្លងមេរោគកូវីដ-១៩ ពីម្នាក់ទៅម្នាក់ ទៅលើបងប្អូនអាជីវករលក់ដូរក្នុងផ្សារសាមគ្គីក្រុងក្រចេះ ។ 

លោក  វ៉ា ថន មានប្រសាសន៍ថា ដើម្បីបញ្ចៀសពីការសង្ស័យក្នុងនោះក្រែងមានបងប្អូនណាមានផ្ទុកនូវវីរុសកូវីដ-១៩ បើទោះបីជាបានការចាក់វ៉ាក់សាំងការពារបង្ការ ហើយក៏ដោយប្រសិនបើសុខភាពរបស់យើងខ្សោយវានឹងអាចឆ្លងបាន អញ្ចឹងហើយបានជាមានការរៀបចំយកសំណាកធ្វើតេស្ត ជូនបងប្អូនដោយមិនគិតថ្លៃ។ 

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការចុះមកយកសំណាកធ្វើតេស្តទៅលើបងប្អូនអាជីវករផ្សារសាមគ្គីក្រុងក្រចេះ នាពេលនេះ គឺមិនតម្រូវឲ្យមានការបិទផ្សារនោះទេ ព្រោះថាការបិទផ្សារម្ដងវាមានផលប៉ះពាល់ ខាតបង់ពេលវេលាប្រាក់កាក់ របស់បងប្អូនអាជីវករ និងមានផលលំបាកដល់បងប្អូនដទៃទៀត ដែលត្រូវមកទិញអាហារហូបចុក។ 

លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនរស់នៅតាមផ្ទះជុំវិញផ្សារសាមគ្គីក្រុងក្រចេះ ត្រូវមកធ្វើតេស្តរកមេរោគកូវីដ-១៩ អោយគ្រប់គ្នា ដើម្បីឲ្យអស់មានការមន្ទិលសង្ស័យ ដើម្បីសុខសុវត្ថិភាព សុខភាព ព្រោះថាការធ្វើតេស្តនេះមិនមានការឈឺចាប់ទេ សូមកុំខ្លាចសូម្បីតែកងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័នក៏គេធ្វើតេស្តរកមេរោគកូវីដ-១៩ ជាប្រចាំផងដែរ។ 

ជាចុងក្រោយឯកឧត្តម បានបញ្ជាក់ថា  កាលណាទៅយើងបានធ្វើតេស្តទាំងអស់គ្នាហើយ យើងនឹងអស់មានការមន្ទិលសង្ស័យពីព្រោះបើយើងរកឃើញអ្នកវិជ្ជមានកូវីដ-១៩ភ្លាម យើងនឹងបញ្ជូនទៅព្យាបាលដោយមិនត្រូវទុកឱ្យជ្រុលនោះទេកាលណាបើយើងទុកវាជ្រុលដោយមិនបានធ្វើតេស្តនោះ វាអាចនាំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ អាចបាត់បង់អាយុជីវិត៕







No comments:

Post a Comment