Monday, August 23, 2021

វិភាគអន្តរជាតិ៖ រាត្រីទឹកឃ្មុំសហរដ្ឋអាមេរិក និងវៀតណាម


(ហាណូយ)៖ គេថានៅពេលជួបបញ្ហា ធ្វើឱ្យយើងស្គាល់មិត្តពិតប្រាកដ។ ជំងឺឆ្លង COVID-19 បានផ្ដល់ឱកាសឱ្យយើងបង្ហាញពីការប្ដេជ្ញាចិត្តចំពោះមិត្តភក្តិ ហើយក្នុងន័យនេះដើម្បីងាយយល់ថាតើប្រទេសនីមួយៗមានទំនាក់ទំនងជិតស្និទ ឬក៏កក់ក្ដៅប៉ុនណានៅក្រោមលក្ខខណ្ឌភូមិសាស្ត្រនយោបាយ គេគ្រាន់តែមើលទៅលើចំនួន នៃដំណើរទស្សនកិច្ចកម្រិតខ្ពស់ ឬចំនួនវ៉ាក់សាំង COVID-19 ដែលត្រូវបានផ្ដល់ជាអំណោយ ក៏អាចឱ្យយើងដឹងពីចម្លើយខ្លះៗដែរ។

ដូច្នេះប្រសិនជាយកការអះអាងបែបនេះមកបកស្រាយ នោះវៀតណាមត្រូវបានគេមើលឃើញថានៅជិតបង្កើយនឹងសហរដ្ឋអាមេរិក ហើយនៅដាច់ឆ្ងាយពីចិនជាងគេ ធៀបទៅនឹងបណ្ដាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត។ សហរដ្ឋអាមេរិក និងវៀតណាមបានរៀបចំការបំពេញដំណើរទស្សនកិច្ចកម្រិតខ្ពស់ចំនួន ៣លើករួចមក ហើយ ចាប់តាំងពី COVID-19 ឆ្លងរាតត្បាតខ្លាំងកាលពីដើមឆ្នាំ២០២០ ហើយចំនួនទស្សនកិច្ចបែបនេះនឹងឡើងដល់ ៤ ឆាប់ៗនេះ នៅពេល អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ដែលកំពុងស្ថិតនៅក្នុងប្រទេសសិង្ហបុរី ផ្ដើមបំពេញទស្សនកិច្ចមកកាន់ប្រទេសវៀតណាម នៅថ្ងៃអង្គារ ទី២៤ ខែសីហា ស្អែកនេះ។

កាលពីខែកក្កដាកន្លងទៅ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក៏បានបំពេញទស្សនកិច្ចមកកាន់ទីក្រុងហាណូយផងដែរ ក្រោមក្របខណ្ឌនៃ ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសអាស៊ីគ្នេយ៍ចំនួន៣ បូករួមទាំងសិង្ហបុរី និងហ្វីលីពីន។ កាលពីកុម្ភៈ ឆ្នាំ២០២១កន្លងទៅ ចិនបានបញ្ជូនរដ្ឋមន្ត្រីសន្តិសុខ សាធារណៈ លោក Zhao Kezhi មកបំពេញទស្សនកិច្ចនៅវៀតណាម និងរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe នៅខែមេសា ឆ្នាំដដែល។ តែចាប់តាំងពី COVID-19 ផ្ទុះឡើងខ្លាំង រដ្ឋមន្ត្រីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន លោក វ៉ាង យី រួមទាំងមន្ត្រីការទូតកំពូលចិន លោក Yang Jiechi បានបំពេញទស្សនកិច្ចទៅកាន់ គ្រប់បណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ លើកលែងតែវៀតណាមមួយចេញ។

ការផ្ដល់អំណោយជាវ៉ាក់សាំង COVID-19 ក៏អាចវាស់វែងពីភាពកក់ក្ដៅរវាងប្រទេសទាំងនេះដែរ។ មកទល់បច្ចុប្បន្ន ចិនបានផ្ដល់អំណោយជាវ៉ាក់សាំងដល់វៀតណាម ជាប្រទេសដែលមានប្រជាជនជិត ១០០លាននាក់ ត្រឹមតែ ៧០០,០០០ដូសប៉ុណ្ណោះ ក្នុងនោះមាន ៥០០,០០០ដូសសម្រាប់ពលរដ្ឋចិន ឬប្រជាជនវៀតណាមរស់នៅ តាមបណ្ដោយព្រំដែនជាប់ចិន ឬអ្នកជំនួញត្រូវចេញចូលចិន និង ២០០,០០០ដូសទៀតសម្រាប់កងទ័ពវៀតណាម។ ដោយឡែក ធៀបទៅនឹងប្រទេសឡាវដែលមាន ប្រជាជនសរុប ៧លាននាក់ ចិនបានផ្ដល់វ៉ាក់សាំងជាអំណោយដល់ទៅជិត ៣លានដូសឯណោះ។ ចំពោះវៀតណាម សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយដ៏ធំបំផុតជាមួយ ការផ្ដល់ជំនួយវ៉ាក់សាំងដល់ទៅ ៥លានដូស។

តែទោះជាយ៉ាងនេះក្ដី វៀតណាមមិនដែលបានចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រនោះទេ។ វៀតណាមបានចាត់ទុកប្រទេសចំនួន១៤ គឺជា «ដៃគូយុទ្ធសាស្ត្រ» តែមិនទាន់មានអាមេរិកឡើយ ហើយប្រទេស ៣ផ្សេងទៀត ដូចជា ចិន រុស្ស៊ី និងឥណ្ឌាជា «ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ តើនេះមកពីហេតុអ្វី? ពិតមែនទៅ ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហាណូយមើលពីក្រៅ គឺល្អូកល្អើននឹងគ្នាណាស់ តែមើលឱ្យចំ មានភាពផុយស្រួយ និងស្មុគស្មាញខ្លាំងបំផុតដោយមាន ជាប់ពាក់ព័ន្ធនឹងស្នាមរបួសប្រវត្តិសាស្ត្រ (សង្រ្គាមវៀតណាម), មនោគមន៍វិជ្ជាខុសគ្នា, ប្រព័ន្ធដឹកនាំខុសគ្នា និងប្រព័ន្ធនយោបាយខុសគ្នា។ វៀតណាម និងអាមេរិក នៅតែមើលគ្នាក្នុងផ្លូវប្រុងប្រយ័ត្នរៀងៗខ្លួន ដោយម្ខាងវៀតណាមជាប្រទេសកុម្មុនិស្ដ មិនសូវស្គាល់ទេសិទ្ធិមនុស្ស រីឯម្ខាងអាមេរិកជាប្រទេសប្រឆាំងនឹងកុម្មុយនិស្ដ។

តែប្រទេសទាំងពីរអាចទុកបញ្ហាមនោគមន៍វិជ្ជា និងស្នាមរបួសពីប្រវតិ្តសាស្ត្រនៅមួយឡែក ដោយសារតែកត្តាមួយដ៏សំខាន់ដែលរុញឱ្យពួកគេខិតជិតគ្នាបាន នោះគឺ «ចិន»។ អាមេរិក និងវៀតណាមបានបង្កើនទំនាក់ទំនងទ្វេភាគីនៅឆ្នាំ២០១៤ ជាពេលដែលចិន និងវៀតណាមផ្ទុះជម្លោះនឹងគ្នាយ៉ាងខ្លាំងនៅឯតំបន់សមុទ្រចិនខាងត្បូង ដោយភាគីទីក្រុងហាណូយបានចោទប្រកាន់ថាចិនបានរុករកប្រេងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខរបស់ខ្លួន (EEZ) ហើយចាប់តាំងពីនោះមកទំនាក់ទំនងចិន និងវៀតណាមប្រែជារកាំរកូសដូចសព្វថ្ងៃ។ ចំណែកឯ សហរដ្ឋអាមេរិកវិញ បានចាប់យកឱកាសនេះបង្ហាញការគំាទ្រយ៉ាងពេញទំហឹងចំពោះវៀតណាមជាសាធារណៈ ហើយវាមិនមែនត្រឹមតែជាការគំាទ្រតែពាក្យសម្ដីប៉ុណ្ណោះទេ ដោយរដ្ឋបាលអាមេរិកនៅកាលណោះក្រោមការដឹកនាំរបស់លោក បារ៉ាក់ អូបាម៉ា ថែមទាំងបានលុបចោល ទណ្ឌកម្មលក់អាវុធឱ្យវៀតណាមទៀតផង។

លោក បារ៉ាក់ អូបាម៉ា បានបំពេញទស្សនកិច្ចមកកាន់វៀតណាមនៅឆ្នាំ២០១៦ ដើម្បីបើកទំព័រថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំង២ ដែលជាពេលបក្សកុម្មុយនិស្ដ វៀតណាម ចាប់ផ្ដើមទុកចិត្តលើអាមេរិក ច្រើនជាងចិន។ ប៉ុន្តែបញ្ហានៅតែមាន ដ្បិតមកទល់សព្វថ្ងៃវៀតណាមមិនទាន់បានចាត់ទុកអាមេរិកជាដៃគូរយុទ្ធសាស្ដ្រ ឡើយ។ នៅពេលអគ្គលេខាធិការបក្សកម្មុយនិស្ដចិន លោក Nguyen Phu Trong បំពេញទស្សនកិច្ចទៅកាន់សេតវិមាននៅខែកក្កដា ឆ្នាំ២០១៥ វៀតណាមធ្លាប់ស្នើឱ្យទំនាក់ទំនងជាមួយអាមេរិកក្លាយជា «ភាពជាដៃគូគ្រប់ជ្រុងជ្រោយ» ដូចដែលវៀតណាម និងជប៉ុនបានប្រកាសឡើងកាលពីខែមីនា ឆ្នាំ២០១៤។ តែផែនការនេះមិនត្រូវបានអនុម័តទេ ដោយសារតែអាមេរិកចង់ឱ្យវៀតណាមចាត់ទុកខ្លួនជាដៃគូយុទ្ធសាស្ត្រភ្លាមៗតែម្ដង។

ជាថ្មីម្ដងទៀត លោក Nguyen Phu Trong ធ្លាប់មានផែនការបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីបញ្ហានេះជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីចុងឆ្នាំ២០១៩។ ប៉ុន្តែដំណើរទស្សនកិច្ចនេះត្រូវបានផ្អាកដោយមិនមានពេលកំណត់ បន្ទាប់ពីលោក Trong ត្រូវបានគេរាយការណ៍ថាមាន បញ្ហាសុខភាព។ បើតាមក្រុមអ្នកជំនាញភាគច្រើន ការរារែករបស់វៀតណាម ក្នុងការចាត់ទុកសហរដ្ឋអាមេរិកជា «ដៃគូយុទ្ធសាស្ត្រ» អាចមកពីហេតុផលមួយចំនួនក្នុង នោះជាពិសេសគឺដោយសារតែប្រព័ន្ធនយោបាយ និងផែនការសេដ្ឋកិច្ច ដើយ មើយ (doi moi) របស់វៀតណាមតែម្ដង។ ប្រព័ន្ធនយោបាយវៀតណាមសម្បូរទៅដោយ អ្នកអភិរក្សនិយម និងមិនហ៊ានប្រថុយប្រថាន ដោយពួកគេតែងតែមានការរារែកក្នុងការសម្រេចចិត្តណាមួយដែលអាចនាំឱ្យមានការផ្លាស់ប្ដូរតុល្យភាពនៃទំនាក់ទំនង របស់វៀតណាមជាមួយមហាអំណាចលោកខាងលិច។ ជាឧទាហរណ៍ ដូចជានៅក្នុងគណប្សកុម្មុយនិស្ដវៀតណាម គេឃើញមានឡូកឡំទៅដោយក្រុមអ្នកអភិរក្សនិយម ឬក្រុមអ្នកគាំទ្រចិន, និងក្រុមអ្នកកំណែទម្រង់និយម ឬគាំទ្រលោកខាងលិច ហើយមាននិន្ននាការបែបនេះហើយទើបធ្វើឱ្យពួកគេរារែកនៅពេលធ្វើការសម្រេចចិត្ត។

មួយវិញទៀត ផែនការសេដ្ឋកិច្ច doi moi ដែលតម្រូវឱ្យវៀតណាមប្រកាន់ខ្ជាប់ «គោលការណ៍គ្មានចំនួន ៤» នោះគឺ គ្មានសម្ព័ន្ធភាពយោធា, គ្មានសម្ព័ន្ធភាពជាមួយប្រទេសណាមួយ ដើម្បីប្រឆាំងប្រទេសដទៃ, គ្មានមូលដ្ឋានយោធាបរទេសនៅលើទឹកដីវៀតណាម និងគ្មានការបង្ខំ ឬការគំរាមកំហែងប្រើប្រាស់កម្លាំងបាយនៅក្នុងទំនាក់ទំនងអន្តរជាតិ។ គោលនយោបាយទាំងនេះ គឺវៀតណាមចង់ឱ្យប្រាកដថាខ្លួននៅតែអាចរក្សាទំនាក់ទំនងពិសេសរបស់ខ្លួនជាមួយរុស្ស៊ី និងរក្សាឱ្យបាននូវ កិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយចិនផង រួមទាំងប្រទេសដទៃ ក្នុងនោះមានទាំងអាមេរិកផង។

តែយ៉ាងណាក៏ដោយ ឈរលើវត្ថុបំណងរួម ក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បូករួមទាំងកំពុងមានជម្លោះដែនទឹកជាមួយចិន ចង់ ឬមិនចង់ ទំនាក់ទំនងរវាងអាមេរិក និងវៀតណាមអាចនឹងក្លាយជា «ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ក្នុងរយៈពេលខ្លី ឬមធ្យម អាស្រ័យលើសកម្មភាពរបស់ ចិន ឬទំនាក់ទំនងរវាងចិន និងវៀតណាមដែរ។ មានន័យថាប្រសិនបើទំនាក់ទំនងរវាងចិន និងវៀតណាមមានស្ថិរភាព ឬភាគីទាំង២ អាចដោះស្រាយការខ្វែងគំនិតគ្នា បាន នោះទីក្រុងហាណូយក៏នឹងមិនចូលជិតអាមេរិកពេកនោះដែរ និយាយឱ្យងាយស្ដាប់ អាមេរិក និងវៀតណាមអាចសាងរាត្រីទឹកឃ្មុំដូចសព្វថ្ងៃ ក៏ដោយសារតែចិន ដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែមីនា ឆ្នាំ២០២១នេះបានប្រកាសចាត់បញ្ចូលវៀតណាមទៅក្នុងបញ្ជីឈ្មោះនៃប្រទេសដែលស្ថិតនៅក្នុង យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិន។ ក្រុមអ្នកវិភាគជាច្រើនយល់ថានយោបាយអាមេរិកបច្ចុប្បន្នគឺមានលក្ខណៈ សាច់ការណ៍និយម ឬគិតតែពីលទ្ធផល ជាជាងមនោគមន៍វិជ្ជា។ បានន័យថាអាមេរិកផ្ដោតសំខាន់តែទៅលើលទ្ធផល លែងសូវខ្វល់ពីបញ្ហាសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យ ដូចមុនទៀតទេ ហើយការយល់ឃើញបែបនេះគឺគេអាចយកវៀតណាមដែលកំពុងល្អូកល្អើនជាមួយអាមេរិកមកធ្វើឧទាហរណ៍បាន។ ពោលគឺអំណេះតទៅ អាមេរិក ធ្វើយ៉ាងណាឱ្យយុទ្ធសាស្ត្រខ្ទប់ឥទ្ធិពលចិនមានប្រសិទ្ធភាពលេចចេញជាលទ្ធផលតែប៉ុណ្ណោះ៕

ប្រភព៖ Diplomat (ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១)

(ដោយ៖ Fresh News)






No comments:

Post a Comment