Monday, August 23, 2021

លោក ទូ សាវុធ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាល និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

កោះកុង÷ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្នុងស្រុកគិរីសាគរ។

ក្នុងនោះ លោកអភិបាលរងខេត្ត សូមឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ជម្រុញការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានជាពិសេសរាយការណ៍ជាប្រចាំអំពីអ្នកពាក់ព័ន្ធ និងអ្នកជំងឺត្រូវធ្វើសំណាករហ័ស និងធ្វើចត្តាឡីស័កឱ្យបានសមស្របតាមគោលការណ៍ណែនាំនានារបស់ក្រសួងសុខាភិបាល។ មួយវិញទៀតត្រូវទប់ស្កាត់រាល់ការឆ្លងដែនគ្រប់ច្រកមកពីប្រទេសថៃតាមទូកនេសាទទាំងអស់ និងទប់ស្កាត់ និងរាយការណ៍បន្ទាន់អំពីបងប្អូនដែលបានចូលមកក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីមន្ត្រីសុខាភិបាលធ្វើការស្រាវជ្រាវ រឺយកសំណាកកុំឱ្យមានការឆ្លងបន្ត ក្នុងករណីពួកគាត់បានឆ្លងជំងឺកូវីដ-១៩។ 

បន្ថែមពីនោះ លោកក៏បានសុំអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ពិនិត្យឡើងវិញចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលវ៉ាក់សាំងកូវីដ-១៩ ដើម្បីអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ខេត្តកោះកុង នឹងរៀបចំយុទ្ធនាការចាក់ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង នៅពេលខាងមុខ ដើម្បីឈានទៅដល់ការបិទបញ្ចប់ការចាក់ដូសទី១ នៅខេត្តកោះកុង៕








No comments:

Post a Comment