Monday, July 19, 2021

លោកស្រី ដួង វណ្ណា សម្តែងការចូលរួមសោកស្តាយគ្រោះមហន្តរាយធម្មជាតិបង្កឱ្យខូចខាតផ្ទះសំបែង និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវស៊ូទ្រាំ លំបាក និងអត់ធ្មត់អនុត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន

ស្វាយរៀង៖ នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការី បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២១ បណ្តាលឲ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋចំនួន ២៩ ខ្នង (ខូចខាតទាំងស្រុង ៧ ខ្នង មធ្យម ១១ ខ្នង ខូចខាតស្រាល ១១ ខ្នង និងរបួសមនុស្ស ១ នាក់ ) ក្នុងស្រុកកំពង់រោទិ៍ នៅឃុំញរ ឃុំខ្សែត្រ និងឃុំសំឡី  ។ 

មានប្រសាសន៍នាឱកាសនោះ លោកស្រី ដួង វណ្ណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ហើយសូមសំដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ។ 

សូមអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខាភិបាល ចំពោះបងប្អូនដែលមិនទាន់បានទទួលវ៉ាក់សាំងសូមប្រញ៉ាប់ទៅចាក់តាមទីតាំងឲ្យបានគ្រប់ៗគ្នា ។ ព្រោះចាប់តាំងពី ព្រឹត្តិការណ៍ ២០ កុម្ភៈ បានផ្ទុះឡើងយើងទាំងអស់គ្នា មានការព្រួយបារម្ភជាខ្លាំង អំពីលទ្ធភាពនៃការរីរាលដាល ជាបន្តបន្ទាប់នៅក្នុងសហគមន៍ នេះជាដំណាក់កាល ដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះជំងឺ ដ៏កាចសាហាវនេះ ហេតុនេះសូមបងប្អូនស៊ូទ្រាំ លំបាក និងអត់ធ្មត់អនុត្តន៍វិធានការសុខាភិបាលក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្តរបស់សង្គមជាតិយើង។ 

អំណោយដែលបានផ្តល់ជូនសម្រាប់គ្រួសាររងគ្រោះទាំងស្រុង និងមធ្យមចំនួន ១៨ គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ៥០.០០០ រៀល សម្រាប់គ្រួសាររងគ្រោះធ្ងន់ទទួលបានបន្ថែម៖ ធុងទឹក ១ កៅស៊ូតង់ ១ ឆ្នាំបាយ-សម្ល ២ ថវិកា ២០០,០០០ រៀល ។ សម្រាប់គ្រួសាររងគ្រោះស្រាល ១១ គ្រួសារ ទទួលបានថវិកា ៦០.០០០ រៀល អ្នករបួស ១ នាក់ ទទួលបានថវិកា ២០០.០០០ រៀល ៕





No comments:

Post a Comment