Monday, July 19, 2021

រដ្ឋបាលខេត្តកំពង់ចាម នាំយកសម្ភារៈ និងភេសជ្ជៈ ចែកជូនក្រុមគ្រូពេទ្យប្រចាំការ នៅមណ្ឌលព្យាបាលជម្ងឺកូវីដ ១៩

កំពង់ចាម៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំខេត្ត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ ១៩ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយជាសម្ភារៈ និងភេសជ្ជៈ របស់រដ្ឋបាលខេត្ត ប្រគល់ជូនក្រុមគ្រូពេទ្យប្រចាំការ នៅមន្ទីរពេទ្យមេគង្គ និងវិទ្យាល័យព្រះសីហនុ ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

គួររំលឹកថា បន្ទាប់ពីការគម្រាមកំហែង ដោយព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចយកអតីតសណ្ឋាគារមេគង្គ ប្រែក្លាយជាមន្ទីរពេទ្យ សម្រាប់ព្យាបាលជម្ងឺកូវីដ ១៩ ក្នុងម្រិតធ្ងន់ ។ រីឯ វិទ្យាល័យព្រះសីហនុ ធ្វើជាមន្ទីរពេទ្យព្យាបាលជម្ងឺកូវីដ ១៩ ក្នុងម្រិតស្រាល ។ បច្ចុប្បន្ន មណ្ឌលព្យាបាលជម្ងឺទាំង ២កន្លែង នេះ កំពុងទទួលការព្យាបាលអ្នកជម្ងឺ យ៉ាងមមាញឹក និងការយកចិត្តទុកដាក់បំផុត ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ស្របពេលទៅនឹងជម្ងឺ ដ៏កាចសាហាវនេះ កំពុងគម្រាមកំហែង ដល់ប្រជាពលរដ្ឋយើង ជារៀងរាល់ថ្ងៃនោះ ។

បើតាមមន្ត្រីរបស់រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចំពោះការការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ ដែលកំពុងមមាញឹកក្នុងការបំពេញភារកិច្ចព្យាបាលជម្ងឺកូវីដ ១៩ ជូនប្រជាពលរដ្ឋ ដែលបានមកសម្រាកព្យាបាលជារៀងរាល់ថ្ងៃ  លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ បានផ្ដល់អំណោយ ជូនដល់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងមន្ទីរពេទ្យវិទ្យាល័យព្រះសីហនុ  ដោយក្នុងមួយមន្ទីរពេទ្យ ទទួលបាន ៖ ទឹកក្រូចចំនួន ២៥កេស ជែលលាងដៃចំនួន ៥កេស និងម៉ាស ចំនួន ១៥.០០០ម៉ាស ។

ជាមួយនឹងការនាំអំណោយផ្ដល់ជូនមន្ទីរពេទ្យទាំង ២កន្លែង ខាងលើនៅក្នុងឱកាស ថ្ងៃដដែលនោះដែរ លោក អ៊ុន ចាន់ដា និងមន្ត្រីអមដំណើរ ក៏បានចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារច្រាំងទន្លេ នៅចំណុចខាងមុខមន្ទីរពេទ្យមេគង្គ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលបច្ចុប្បន្ននេះ ក្រុមជាងកំពុងមមាញឹក ដើម្បី ធ្វើការជួសជុលកែលម្អ ឲ្យប្រសើរឡើងវិញ បន្ទាប់ពីរងការខូចខាត ដោយសារទឹកជំនន់ កាលពីឆ្នាំកន្លងទៅនោះ ៕






No comments:

Post a Comment