Wednesday, July 21, 2021

អភិបាលខេត្តកំពង់ចាម សម្ដែងនូវការអបអរសាទរ ចំពោះស្ត្រីដែលជាប់លេខរៀងទី ៦លាន ក្នុងការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ដោយទទួលបានថវិកាលើកទឹកចិត្ត ពីលោកនាយករដ្ឋមន្ត្រី

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ ១៩ ចូលរួមសម្ដែងនូវសេចក្ដីអបអរសាទរ ចំពោះស្ត្រីម្នាក់ ដែលជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានជាប់លេខរៀងទី ៦លាន ក្នុងការមកទទួលវ៉ាក់សាំងការពារកូវីដ ១៩ ដោយស្ម័គ្រចិត្ត និងទទួលបានថវិកាថវិកាលើកទឹកចិត្ត ចំនួន ១០លានរៀល និងសម្ភារៈផ្សេងៗទៀត ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ។ ការថ្លែងយ៉ាងអបអរនេះ គឺធ្វើឡើងនៅក្នុងឱកាស ដែលលោកដឹកកិច្ចប្រជុំរបស់គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ ។

នាឱកាសនោះ លោក  អ៊ុន ចាន់ដា មានប្រសាសន៍ថា នេះគឺជាកិត្តិយសរបស់ខេត្តកំពង់ចាម ពីព្រោះថា ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នឹងត្រូវបញ្ចប់នៅត្រឹមលេខរៀងទី ១០លាន ប៉ុន្តែ ជាព្វសំណាង ស្រាប់តែលេខរៀងទី ៦លាន គឺបានទៅលើប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម របស់យើង ។ លោកបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែ គិតគូអំ ពីអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ តាមរយៈ ដាក់ចេញនូវ «យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើតឲ្យមានភាពស៊ាំ និងទប់ទល់នឹងការឆ្លងរីករាករាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងសហគមន៍ ប៉ុណ្ណោះទេ ក៏ប៉ុន្តែ រាជរដ្ឋាភិបាល បានផ្ដល់ការលើកទឹកចិត្តជាប្រាក់រង្វាន់ ទៅដល់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងលេខរៀងទីលានៗ ក្រោយពីមកទទួលវ៉ាក់សាំងបង្ការជម្ងឺកូវី ១៩ រួចហើយ ផងដែរ ។ ឯកឧត្ដមបញ្ជាក់ដែរថា យ៉ាងណាមិញ នៅថ្ងៃនេះ ផងដែរ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ នឹងដឹកនាំគណៈប្រតិភូ ដើម្បី នាំថវិកាលើកទឹកចិត្តរបស់លោកនាយករដ្ឋមន្ត្រី មកផ្ដល់ជូនបងស្រី ផេង សឿន នៅស្រុកចំការ ផងដែរ ។

 សូមបញ្ជាក់ថា បើតាមសារនៅក្នុងផេកផ្លូវការ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរថា  ៖ «មកដល់ថ្ងៃនេះ កម្ពុជាយើង បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ៦លាននាក់ ស្មើនឹង ៦០ភាគរយ នៃប្រជាជន ១០លាននាក់ ដែលត្រូវចាក់ ។ លេខរៀងទី ៦លាន បានទៅលើប្អូនស្រី ផេង សឿន អាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ ។ លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា ១០លានរៀល និងសម្ភារៈផ្សេងៗទៀត ដែលជាជំនួយរបស់ខ្ញុំ ទៅប្រគល់ជូនដោយផ្ទាល់ ។
  បើតាមរបាយការណ៍ របស់រដ្ឋបាលសាលាខេត្តកំពង់ចាម ស្ដីពីស្ថានភាពជម្ងឺកូវីដ ១៩ នៅក្នុងខេត្តកំពង់ចាម មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ចាម មានករណីឆ្លងសរុប ចំនួន ៣.២៨៧ករណី ស្រី ២.១៧៤នាក់ ជាសះស្បើយ ២.៣៣៥នាក់ ស្រី ១.៦៨០នាក់ និងករណីស្លាប់ ៦១នាក់ ស្រី ៤០នាក់ ។ បច្ចុប្បន្ន ករណីឆ្លងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន ៨៩១នាក់ ស្រី ៤៥៤នាក់ ។

 ជាការឆ្លើយតបទៅនឹងបញ្ហានេះ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងថ្នាក់ខេត្ត ដោយមានការយកចិត្តទុដាក់ ពីលោកនាយករដ្ឋមន្ត្រី ក៏បានដំណើរការចាក់វ៉ាក់សាំងបង្ការជូនប្រជាពលរដ្ឋ ចំនួន ២លើក គឺ ៖ លើកទី១ ក្នុងដូសទី១ ដើម្បី ចាក់ជូនប្រជាពលរដ្ឋ ១ក្រុង និងស្រុក ៤ សម្រេចបានចំនួន ២៣៤.៨១៥នាក់ ស្មើនឹង ៧០% ។ និងលើកទី២ ក្នុងដូសទី១ កំពុងចាក់ជូនប្រជាពលរដ្ឋ ចំនួន ៥ស្រុក រហូតមកដល់ពេលនេះ សម្រេចបានចំនួន ៨១.៥៣៤នាក់ ស្មើនឹង ៣០,២០% នៃផែនការ ។ ហើយក្រុមគ្រូពេទ្យជំនាញ ក៏កំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋយើង ជារៀងរាល់ថ្ងៃ ផងដែរ ៕





No comments:

Post a Comment