Wednesday, July 21, 2021

លោកស្រី ដួង វណ្ណា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់

ស្វាយរៀង៖ នៅថ្ងៃទី២០ ខែកក្កដា  ឆ្នាំ ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តយសសាខា អមដំណើរដោយ លោកស្រី ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា និងសហការី   បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ កន្លងទៅនៅក្រុងស្វាយរៀង ប៉ះពាល់ ៦ សង្កាត់ រងគ្រោះចំនួន ២៥ ខ្នង ស្រុកស្វាយជ្រំ ប៉ះពាល់ ១២ ឃុំ រងគ្រោះចំនួន ៤៣ ខ្នង និងស្រុកកំពង់រោទិ៍ ប៉ះពាល់ ២ ឃុំ រងគ្រោះចំនួន ៧ ខ្នង សរុប ៧៥ (ក្នុងនោះរងគ្រោះទាំងស្រុង ចំនួន  ១៣ ខ្នង មធ្យមចំនួន ២០ ខ្នង និងតិចតួចចំនួន ៤២ ខ្នង) ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋទាំងអស់នាឱកាសនោះ លោកស្រី ដួង វណ្ណា បានពាំនាំប្រសាសន៍របស់លោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក និងក្តីអាណិតអាសូរ ជាពិសេសក្តីព្រួយបារម្ភ ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ដែលប្រឈមទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិ ដែលកើតឡើងដោយមិនអាចស្មានបាន។

លោកស្រី បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវចិញ្ចឹមសត្វ បង្កើនការដាំដំណាំផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ ចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណាដើម្បីការពារ ពីការឆ្លងនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកផងដែរ។

អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះទាំងស្រុង និងមធ្យមសរុបចំនួន ៣៣ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) ដោយឡែកគ្រួសាររងគ្រោះទាំងស្រុងចំនួន ៥ គ្រួសារ ទទួលបានបន្ថែម ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយសម្លរ ២ និងថវិកាចំនួន ២០០.០០០ រៀល ។ សម្រាប់គ្រួសាររងគ្រោះស្រាល ៤២ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន ថវិកា ៦០,០០០ រៀល  សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ៕





 

No comments:

Post a Comment