Wednesday, July 21, 2021

ក្រសួងក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីបំភ្លឺចំពោះតម្លៃទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល ជាពិសេសបញ្ហាថ្លៃសាច់ជ្រូកនាំចូលធៀបនឹងថ្លៃលើទីផ្សារក្នុងស្រុក និងថ្លៃនៅប្រទេសជិតខាង

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីបំភ្លឺចំពោះតម្លៃទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល ជាពិសេសបញ្ហាថ្លៃសាច់ជ្រូកនាំចូលធៀបនឹងថ្លៃលើទីផ្សារក្នុងស្រុក និងថ្លៃនៅប្រទេសជិតខាងប្រទេសកម្ពុជា ។

ក្រសួងក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មតិសាធារណៈមួយចំនួនមិនបានឆ្លុះបញ្ចាំងពីតួនាទី និងភារកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងពាណិជ្ជកម្មសូមបំភ្លឺជូនសាធារណជន និង ប្រជាពលរដ្ឋ ដូចខាងក្រោម៖

១. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឱ្យរដ្ឋអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលមានកំណត់ក្នុងច្បាប់ ហើយត្រូវយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិតកម្ម ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។ ផ្អែកតាមគោលការណ៍គ្រឹះនេះ ក្រសួងពាណិជ្ជកម្មបានចរចាបើកច្រកទីផ្សារក្រៅប្រទេសដោយមិនចាំបាច់បង់ពន្ធ បានជួយសម្រួលដល់យន្តការទីផ្សារឱ្យមានការនាំចេញ-នាំចូលនូវមធ្យោបាយផលិតកម្ម និងទំនិញនានា ដោយសេរី និងគ្មានដាក់វិធានការរំខានណាមួយដែលគ្មានកំណត់ក្នុងច្បាប់នោះឡើយ។ ជាទូទៅ ការអនុវត្តយន្តការផ្សារសេរីនេះ ក៏មានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងអាស៊ានផងដែរ។ ក្នុងករណី ប្រទេសណាមួយដាក់វិធានការរិតត្បិតលើការនាំចូលណាមួយ ប្រទេសនោះត្រូវកំណត់នៅក្នុងលិខិតបទដ្ឋានច្បាប់ក្នុងស្រុក ហើយជូនដំណឹងអំពីវិធានការនោះដោយមានតម្លាភាព និងកំណត់នីតិវិធីច្បាស់លាស់។

២. ដោយឡែក ការនាំចូលសាច់ជ្រូក និងជ្រូករស់ គឺត្រូវស្ថិតក្រោមការធ្វើនិយ័តកម្មស្របតាមច្បាប់ និងអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឱ្យសុំអាជ្ញាប័ណ្ណអនុញ្ញាតការនាំចូលជ្រូក ពីអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកិច្ចការនេះមិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មទ្បើយ។ ការធ្វើតុល្យភាពនៃសេចក្តីត្រូវការក្នុងស្រុកជាមួយនឹងផលិតកម្មក្នុងស្រុក ព្រមទាំងការអនុញ្ញាតឱ្យនាំចូលក្នុងបរិមាណណាមួយ គឺជាសិទ្ធិសម្រេចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ១៧ អនក្រ.បក។

៣. ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល មិនដែលបានអនុវត្ត ឬដាក់ចេញនូវយន្តការ និងវិធានការណាមួយសម្រាប់គ្រប់គ្រងតម្លៃទំនិញ (price control) នាំចូល ឬទំនិញដែលធ្វើចរាចរក្នុងទីផ្សារកម្ពុជានោះទ្បើយ តែបរិមាណផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារទេ ដែលជាកត្តាកំណត់តម្លៃទំនិញ។លើកលែងតែ ក្នុងករណីមានរបាយការណ៍ស៊ើបអង្កេតដែលអាចបញ្ជាក់បានថា មានមុខទំនិញនាំចូលជាក់លាក់ណាមួយ ត្រូវបានលក់បង្ខូចថ្លៃ (លក់ទាបជាងថ្លៃដើមផលិតកម្ម) ឬមានការធ្វើឧបត្ថម្ភធនដោយប្រទេសនាំចេញ ឬទំនិញនាំចូលនោះត្រូវបាននាំចូលដោយមានការកើនទ្បើងដោយគំហុកនោះ ក្រសួងពាណិជ្ជកម្មនឹងធ្វើការស៊ើបអង្កេត និងឈានទៅអនុវត្តវិធានការនានា រួមទាំងការកំហិតបរិមាណ និងដំឡើងពន្ធនាំចូលផងដែរ ដូចមានចែងក្នុងច្បាប់ជាធរមាន សំដៅការពារ និងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមានមកលើកសិករ ឬឧស្សាហកម្មកម្ពុជា។

៤. សូមបញ្ជាក់ជូនផងដែរថា ពាក់ព័ន្ធនឹងការបោះផ្សាយនូវសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ៍នានា ដែលក្រសួងពាណិជ្ជកម្មបាននិងអនុវត្តកន្លងមក មិនមែនជាការកំណត់ថ្លៃលក់រាយនៃប្រេងឥន្ធនៈនៅកម្ពុជានោះទេ តែនេះគឺជាយន្តការមួយ ដែលជួយផ្សព្វផ្សាយដោយតម្លាភាពនូវការឡើងចុះនៃថ្លៃនៃប្រេងឥន្ទនៈ ដែលមានការប្រែប្រួល រត់តាមការប្រែប្រួលថ្លៃនៃប្រេងឥន្ទនៈនៅក្នុងទីផ្សារអន្តរជាតិ ដោយក្រសួងគ្រាន់តែយកកត្តានានាទាក់ទងនឹងថ្លៃ មកគណនាតាមរូបបមន្តទូទៅ ហើយបញ្ចេញឱ្យសាធារណជនជ្រាបអំពីថ្លៃប្រេងឥន្ទនៈ ដែលក្រុមហ៊ុនប្រេងក្នុងស្រុកកំពុងប្រកបអាជីវកម្មនៅកម្ពុជាតែប៉ុណ្ណោះ។

៥. ចំពោះការធ្វើសន្ទស្សន៍ថ្លៃទំនិញចរាចរក្នុងទីផ្សារកម្ពុជាជាប្រចាំ ក្រសួងពាណិជ្ជកម្មមានភារកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រឹមតែស្រង់សន្ទស្សន៍ថ្លៃទំនិញទូទៅ ដើម្បីប្រើប្រាស់ជាស្ថិតិសម្រាប់ការងារស្រាវជ្រាវ ការវិភាគ និងតាមដានអត្រាអតិផរណា សំដៅដាក់ចេញនូវវិធានការណាមួយ ដែលអាចជួយសម្រួលដល់លំហូរទំនិញនៅក្នុងស្រុក និងនាំចេញ-នាំចូល តាមយន្តការទីផ្សារសេរីតែប៉ុណ្ណោះ។
៦. ពាក់ព័ន្ធនឹងសំណូមពរឱ្យមានយន្តការសម្រាប់ស្រង់ និងសម្របសម្រួលលើបរិមាណ និងថ្លៃលក់មុខទំនិញយុទ្ធសាស្រ្តណាមួយនៅលើទីផ្សារ នោះក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសុំឱ្យមានកិច្ចប្រជុំពិភាក្សាក្រោមក្របខ័ណ្ឌគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល លើបញ្ហានេះ។

សេចក្តីដូចបានបំភ្លឺជូនខាងលើ សូមសាធារណជន និងបណ្តាញសារព័ត៌មាននានា មេត្តាជ្រាបជាព័ត៌មាន៕No comments:

Post a Comment