Wednesday, July 07, 2021

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៦៦គ្រួសារ នៅឃុំសុភាស ស្រុកស្ទឹងត្រង់ ទទួលបានអំណោយកាកបាទក្រហម

 កំពង់ចាម៖ ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាកប្រជាពលរដ្ឋ លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោកស្រីអនុប្រធានអចិន្ត្រៃយ៍សាខា និងមន្ត្រីក្រោមឱវាទ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន ៦៦គ្រួសារ នៅឃុំសូភាស ស្រុកស្ទឹងត្រង់ ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី៤ កក្កដា កន្លងទៅខណៈពេលដែល កំពុងភ្លៀងធ្លាក់ខ្លាំង និងមានខ្យល់កន្ត្រាក់បក់គួច ធ្វើឲ្យប៉ះពាល់ផ្ទះលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ចំនួន ៦៦គ្រួសារ ក្នុងនោះ នៅភូមិអង្កោល ១២គ្រួសារ ភូមិសូភាស ១០គ្រួសារ និងនៅភូមិស្រប ៤៤គ្រួសារ ។ ទោះយ៉ាងណា គ្រោះធម្មជាតិនេះ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។

នាឱកាសនោះ លោក អ៊ុន ចាន់ដា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពីសេស លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ព្រមទាំង ការចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះ ឧប្បត្តិហេតុ ដែលកើតឡើងដោយស្មានមិនដល់នេះ និងបង្កឲ្យមានការខូចខាត ដល់លំនៅដ្ឋានបងប្អូន ផងដែរ ។ លោកមានប្រសាសន៍ថា ដោយការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ប្រធានគណៈកម្មាធិការសាខា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នទ្វេរដងជាងមុន ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ហើយចូលរួមទប់ស្កាត់ ការឆ្លងរាលដាល នៃវីរុសបម្លែងថ្មី កូវីដ-១៩ ដោយត្រូវអនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង គឺ ៖ ការលាងសម្អាតដៃជាប្រចាំ ការពាក់ម៉ាស់ ឬប្រើក្រម៉ា ត្រូវអនុវត្តកាតព្វកិច្ចគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ពិសេស ការចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ” ទាំងអស់គ្នា ។ ក្រៅពីនោះ ដោយសាររដូវនេះ ជារដូវវស្សា លោក អ៊ុន ចាន់ដា ក៏បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋ ខិតខំរក្សាអនាម័យលំនៅដ្ឋាន បំបាត់ប្រភពដង្កូវទឹក កាប់ឆ្ការព្រៃស៊ុបទ្រុបជុំវិញផ្ទះ គេងនៅក្នុងមុង ដើម្បី ការពារជំងឺរាតត្បាតផ្សេងៗ ពិសេស ជម្ងឺគ្រុនឈីក និងជំងឺគ្រុនឈាម ជាដើម ពីព្រោះថា “ភូមិស្អាត ផ្ទះស្អាត គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈីក គ្មានគ្រុនឈាម” ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនពលរដ្ឋរងគ្រោះ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង ឃីត ១ និង អាវយឺត ចំនួន ៤ ។ ដោយឡែក ចំពោះ ថវិកា ក៏បានផ្តល់ជូន តាមទំហំខូចខាត គឺ អ្នកដែលរងការខូចខាតធ្ងន់ ៩គ្រួសារ ផ្តល់ជូនក្នុង ១គ្រួសារចំនួន ៣០០,០០០រៀល ហើយ អ្នកដែលរងការខូចខាតស្រាល ៥៧គ្រួសារទៀត មួយគ្រួសារ ទទួលបាន ១០០,០០០ រៀល ។

ជាមួយនោះ លោក ហ៊ុន ណេង ក៏បានចាត់អោយ តំណាង នាំយកសម្ភារ អំណោយ ផ្តល់ជូន បងប្អូនរងគ្រោះ ទាំង ៦៦គ្រួសារ ក្នង ១គ្រួសារ ទទួលបាន អង្ករ ១០គក្រ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ និង ថវិកា ១៣០,០០០ រៀល ផងដែរ ៕






No comments:

Post a Comment