Thursday, July 22, 2021

មេរោគបំប្លែង​ខ្លួន​“ដែលតា”​ ដែល​ជា​មេរោគ​ឆ្លង​លឿន​ខ្លាំង នឹងក្លាយ​ជាវីរុស​ដែល​គ្រប​ដណ្តប់​នៅទូទាំង​សកល

 នៅពេល​ធ្វើបច្ចុប្បន្នភាពកូវីដ១៩​ប្រចាំ​សប្តាហ៍​ អង្គការ​សុខភាព​ពិភពលោក​បានឲ្យដឹងថា​ មេរោគ​ដែលតា​អាច​ប្រជែងយកឈ្នះ​ជាមួយ​មេរោគ​ដទៃទៀត​រួមមាន​មេរោគបំប្លែងខ្លួនអាល់ហ្វា​ បេតា​ និង​ហ្កាំម៉ា​បាន​យ៉ាង​ឆាប់រហ័ស​ ហើយវានឹង​ក្លាយជា​មេរោគ​ដែលធ្វើ​ចរាចរខ្លាំងជាងគេទូទាំងពិភពលោកក្នុងរយៈពេល​ប៉ុន្មានខែ​ខាងមុខ​។


ឥឡូវនេះ​ ជាង៧៥%​ នៃករណីឆ្លងកូវីដ​នៅក្នុងប្រទេសជាច្រើន​សុទ្ធតែ​បង្កឡើង​ដោយ​មេរោគដែលតា​។ ប្រទេសទាំងនោះ​រួមមាន​ អូស្ត្រាលី​ បង់ក្លាដែស​ បុតស្វាណា​ អង់គ្លេស​ ចិន​ ដាណឺម៉ាក​ ឥណ្ឌា​ ឥណ្ឌូណេស៊ី​ អ៊ីស្រាអែល​ ព័រទុយហ្កាល់​ រុស្ស៊ី​ សង្ហិបូរី​ និង​អាហ្វ្រិកខាងត្បូង​។

យោងតាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ មាន​ភ័ស្តុតាង​កាន់តែច្រើនបង្ហាញ​ថា​ មេរោគបំប្លែងខ្លួនដែលតា​ចម្លងជំងឺកូវីដ​កាន់តែខ្លាំង​ ប៉ុន្តែ​ថា​តើវា​អាច​ចម្លង​មេរោគបាន​លឿនរហ័ស​និង​ខ្លាំង​បាន​ដូច​ម្តេចនោះ​គេ​នៅទាន់​យល់​ច្បាស់​នោះទេ​។

គួរ​ជម្រាបជូនថា​ រយៈពេលជាង​១៨ ខែ​ចាប់តាំង​ផ្ទុះឡើង​ដំបូង​នៅចិន​ ជំងឺកូវីដ​នៅបន្ត​ធ្វើ​ចរាចរគួរឲ្យបារម្ភ​ក្នុង​ពិភពលោក​ដដែល​។ ជាក់ស្តែង​នាពេលថ្មីៗនេះ​ ករណីឆ្លងកូវីដ​បង្កឡើងដោយ​មេរោគដែលតា​បានចាប់​រីករាលដាល​នៅក្នុង​បណ្តា​ប្រទេសជាច្រើន​រួមទាំង​ប្រទេសដែល​បាន​ចាក់វ៉ាក់សាំងជូន​ប្រជាជន​បាន​ច្រើន​ហើយ​ក៏ដោយ​។

មូលហេតុនេះ​ធ្វើឲ្យគេប៉ាន់ប្រមាណថា​ ចំនួន​ករណី​ឆ្លង​កូវីដនៅ​ទូទាំងពិភពលោក​អាចនឹងកើន​លើស​ ២០០ លាននាក់​ក្នុងរយៈពេល ៣ សប្តាហ៍ខាងមុខ​។ អង្គការសុខភាព​ពិភពលោក​ បាននិយាយថា​ ករណីឆ្លងកូវីដ​បានកើនឡើងមកវិញខ្លាំង​ទំនងជា​បណ្តាលមកពី​កត្តាសំខាន់ៗចំនួន៤​ ដែលក្នុងនោះ​រួមមាន​៖ មេរោគបំប្លែងខ្លួនដែលឆ្លងខ្លាំង​និង​លឿនរហ័ស​ ការ​បន្ធូរបន្ធយ​វិធានការ​សុខភាពសាធារណៈ​ ការប្រមូលផ្តុំ​គ្នា​របស់​ប្រជាជន​លែងគោរព​តាម​គោលការណ៍សុវត្ថិភាព​ និង​ចុងក្រោយគេ​គឺ​ប្រជាជន​ដែលនៅ​មិនទាន់​បាន​ចាក់វ៉ាក់សាំងបង្ការកូវីដ១៩​ នៅតែមានចំនួនច្រើននៅឡើយ​៕



No comments:

Post a Comment