Thursday, July 22, 2021

លោកស្រី បាន ស្រីមុំ ៖ ក្រើនរំលឹកដល់ពលករមកពីក្រៅប្រទេស និងកំពុងធ្វើចត្តាឡីស័កទាំងអស់ សូមប្រកាន់ភ្ជាប់វិធានការពារសុខភាពឱ្យបានត្រឹមត្រូវបំផុត

ប៉ៃលិន៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក និងកងកម្លាំងសមត្ថកិច្ច ព្រមទាំងក្រុមគ្រូពេទ្យជំនាញប្រចាំការ នៅមណ្ឌលចត្តាឡីស័កអតីតវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ស្ថិតក្នុងឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍ក្រើនរំលឹកដល់ ពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងកំពុងតែធ្វើចត្តាឡីស័កទាំងអស់ សូមប្រកាន់ភ្ជាប់ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវបំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍ការពាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ«៣ការពារ ៣កុំ» ដើម្បីឆាប់បានត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ហើយមិនចម្លងជម្ងឺកូវីដ-១៩ ទៅកាន់ក្រុមគ្រួសារសាច់ញាតិ និងសហគមន៍ដែលយើងរស់នៅ។

លោកស្រីអភិបាលខេត្ត បានលើកឡើងថា ដោយអនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស។

នៅក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ ក៏បានមានប្រសាសន៍ថ្លែងការកោតសរសើ និងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាម មណ្ឌលចត្តាឡីស័កក្នុងខេត្ត ប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា នៅមណ្ឌលចត្តាឡីស័កអតីតវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ មានប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ចំនួន ៣០៣នាក់ ស្រី ១២៧នាក់ (ជាពលករមកពីប្រទេសថៃ) ហើយលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានរៀបចំជូនអាហារ ៣ពេលជាប្រចាំថ្ងៃ និងភេសជ្ជៈផងដែរ៕





 

No comments:

Post a Comment