Thursday, July 22, 2021

កាកបាទក្រហមក្រុងស្វាយរៀង បានចែកអំណោយមនុស្សធម៌ ជូនដល់គ្រួសារ ដែលមានជីវភាពខ្វះខាត

ស្វាយរៀង៖ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២១ លោក ណុប ចំរើន អភិបាលក្រុង និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀង និងលោក ជួន ចាន់ឫទ្ធី អភិបាលរងក្រុង និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង ព្រមទាំងសហការី បានចែកអំណោយមនុស្សធម៌របស់អនុសាខាក្រុងស្វាយរៀង ជូនដល់គ្រួសារក្រីក្រ ដែលមានជីវភាពខ្វះខាតនៅក្រុងស្វាយរៀង ក្នុងនោះសង្កាត់ស្វាយតឿមានចំនួន ៣ គ្រួសារ និងសង្កាត់ចេក ២ គ្រួសារ សរុប ០៥ គ្រួសារ ។

ក្នុងឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា  បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក  ។ លោកបានលើកឡើងថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា  ជាក់ស្តែងដូចជាពេលនេះ  គឺការជួយរបស់កាកបាទក្រហមកម្ពុជា  ដោយមិនប្រកាន់ពីនិន្នាការនយោបាយ  ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ។
លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់  បង្កើនការប្រុងប្រយត្ន័បន្ថែមទៀតបើគ្មានការចាំបាច់កុំចេញក្រៅផ្ទះ  និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា    គឺ៖  ៣ការពារ   និង  ៣ កុំ  ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩  ទាំងអស់គ្នា  ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុងមួយគ្រួសាររួមមាន៖
ក្នុងមួយគ្រួសារទទូលបានសម្ភារៈ និងថវិការួមមាន៖ អង្ករ ៣០គ.ក្រ មី ៣០ កញ្ចប់ ទឹកស៊ីអ៊ីវ ៣ ដប ត្រីខ ១០ កំប៉ុង ទឹកត្រី ៣ ដប កាធុនញ៉ូម ១ ចានស្រាក់ ១ ម៉ាស់ ២ និងថវិកា ៥០.០០០៛ ៕



 

No comments:

Post a Comment