Wednesday, June 09, 2021

លោក គួច ចំរើន ចុះពិនិត្យសកម្មភាពនៃការបង្រៀន ការរៀនតាមប្រព័ន្ធ Online និងការធ្វើតេស្ត នៅសាលាវិទ្យាល័យស្ទឹងហាវ

 ព្រះសីហនុ÷ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាន ចុះពិនិត្យសកម្មភាពនៃការបង្រៀន ការរៀនតាមប្រព័ន្ធ Online និងការធ្វើតេស្ត នៅសាលាវិទ្យាល័យស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ក្នុងពិធីនោះ លោក គួច ចំរើន បានកោតសរសើរលោកគ្រូ អ្នកគ្រូដែលបានរៀបចំកម្មវិធីបង្រៀនពីចំងាយដើម្បីផ្តល់ឱកាសអោយសិស្សបានរៀនសូត្រក្នុងដំណាក់កាលដែលសាលាមិនទាន់បានបើកដំណើរការឡើងវិញដោយសារតែជំងឺកូវីដ១៩។

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា​ ទន្ទឹមនឹងការខិតខំរបស់លោកគ្រូ​ អ្នកគ្រូ ការជម្រុញលើកទឹកចិត្តនិងតាមដានមើលការសិក្សាពីសំណាក់មាតាបិតា អាណាព្យាបាលក៏ជាកត្តាសំខាន់មួយទៀតដើម្បីជម្រុញការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អ។
ក្នុងនោះ លោកបានស្នើដល់ផ្នែកពាក់ពន្ធ័ទាំអស់ត្រូវរួមគ្នាជួយជម្រុញតាមគ្រប់លទ្ធភាពនិងមធ្យោបាយក្នុងការពង្រឹងធនធានយុវជនយើងអោយបានខ្លាំងក្លា​ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ក្រសួអប់រំក្នុងការផ្តល់ចំណេះដឹង ជំនាញ និងឥរិយាបទថ្លៃថ្នូរសីលធម៌ល្អក្នុងសង្គម។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានផងដែរដើម្បីជាការលើកទឹកចិត្តក្នុងការខិតខំបំពេញការងារជូនពលរដ្ឋក្នុងមូលដ្ឋាន។

លោក ខែម រ៉ន នាយកវិទ្យាល័យស្ទឹងហាវ បានឱ្យដឹងថា វិទ្យាល័យស្ទឹងហាវ មាន ១៥ថ្នាក់ មានសិស្សសរុប៥៦៦នាក់ ស្រី ២៦៩នាក់ មានលោកគ្រូ អ្នកគ្រូ៣៨នាក់ ស្រី ១៥នាក់ សិស្សានុសិស្សបានចូលរៀនតាមប្រព័ន្ធ Goole Meet ចំនួន ៥១៨នាក់ សិស្សចំនួន ៤៥នាក់ មិនទាន់មានស្មាតហ្វូនប្រើប្រាស់។

ស្របគ្នានោះ សាលាបានបង្កើតក្រុមទំនាក់ទំនងជាមួយសិស្ស និងមាតាបិតាសិស្សតាមរយៈកម្មវិធី ១.Facbook ២.Messenger ៣.Telegram ៤.Google Classroom ។ លោកថាក្រៅពីការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកខាងលើ សាលាក៏មានការប្រើប្រាស់សន្លឹកកិច្ចការតាមបែបប្រពៃណី គឺការបែងចែកលោកគ្រូ អ្នកគ្រូចុះទៅតាមឃុំ ដោយវេចខ្ចប់កិច្ចការបញ្ជូនសន្លឹកកិច្ចការទៅមេឃុំ មេភូមិ ធ្វើការចែកជូនដល់សិស្សដែលគ្មានស្មាតហ្វូន ពេលធ្វើកិច្ចការរួចលោកមេភូមិជាអ្នកទទួលសន្លឹកកិច្ចការពីសិស្សមកសាលារៀនវិញ ម្យ៉ាងទៀតសិស្សដែលនៅជិតសាលាអាចមកយកសន្លឹកកិច្ចការនៅសាលាបាន ពេលធ្វើរួចយកមកសាលាវិញ។

សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុមានវិទ្យាល័យចំនួន៩ អនុវិទ្យាល័យមានចំនួន ១៨ និងសាលាបឋមសិក្សាមានចំនួន ៧២។ សិស្សរៀនតាមប្រព័ន្ធអនឡាញនាដើមឆ្នាំសិក្សា២០២០-២០២១ មានចំនួន ៤២.៩៨១នាក់ ស្រី ២១.៤១១នាក់។ ចំនួនសិស្សរៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិកមាន ចំនួន ៦៧.០៩%៕





No comments:

Post a Comment