Wednesday, June 09, 2021

ពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំបូរ

 ក្រចេះ÷ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំបូរ ត្រូវបានធ្វើពិធីកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តក្រចេះ និងលោកស្រី ហឹង ណារី។

ថ្លែងក្នុងឱកាសនោះ លោក វ៉ា ថន បានឲ្យដឹងថាអគារទីសា្នក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសំបូរ ជាអគារដ៏ថ្មីស្រឡាង និងជាសមិទ្ធិផលទី៦ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ក្នុងចំណោមអនុសាខាទាំង៦ក្រុងស្រុក ដែលមានទំហំ ៩ គុណ ១២ ម៉ែត្រ រួមជាមួយការចាក់សាបមុខអគារ និងធ្វើរបងទ័ព្ធជុំវិញ ចំណាយថវិកាអស់ចំនួន ៣១.៥០០ ដុល្លារអាមេរិក ក្នុងនោះថវិកាផ្ទាល់របស់លោក វ៉ា ថន និងលោកស្រី ចំនួន ២៥.០០០ដុល្លារ និងថវិការបស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះចំនួន ៦.៥០០ដុល្លារផងដែរ ដើម្បីពន្លឿនក្នុងកិច្ចប្រតិបត្តិការការងារមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របនឹងពាក្យស្លោក « កាកបាទក្រហមកម្ពុជាមានគ្រប់ទីន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល » ដែលបានឆ្លុះបញ្ជាំងអំពីសមានចិត្តដ៏ជ្រះថ្លាគាំទ្រខ្លាំងក្លាដល់សកម្មភាពកាកបាទក្រហម ក្រោមការដឹកនាំរបស់លោកស្រី ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកស្រីតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការងារមនុស្សធម៌ ជួយគាំទ្រដល់វិស័យសង្គមកិច្ច រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

ជាមួយគ្នានោះ ប្រធានបានជំរុញ និងបង្កលក្ខណៈដល់ថ្នាក់សាខា-អនុសាខា អនុវត្តឲបានស៊ីជម្រៅនៅតួនាទីភារកិច្ចជួយសង្រ្គោះប្រជាជននៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពជាប្រចាំ។

ក្នុងឱកាសនោះដែរ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីសម្ពោធចំនួន ៦០នាក់ លោកអភិបាលខេត្ត បានឧបត្ថម្ភនូវ សាប៊ូ១ដុំ និងថវិកា ៣០០០០រៀលក្នុងម្នាក់ៗផងដែរ៕







No comments:

Post a Comment