Wednesday, June 09, 2021

សកម្មភាពដ៏មមាញឹកនៃការស្តារពើកនៅកសិន្ធុខាងលិចនៃក្រុងអង្គរធំរបស់មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា

 សៀមរាប៖ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កំពុងបង្ហាញសកម្មភាពដ៏មមាញឹកក្នុងការងារស្តារពើកស្មៅដ៏ក្រាស់ៗ ដែលកកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹក ដូចជា៖ កំប្លោក ស្លែរ កកនៅក្នុងទឹករយៈពេលយូរនៅក្នុងកសិន្ធុខាងលិចក្រុងអង្គរធំ។

មុនពេលមានសកម្មភាពស្តារពើកស្មៅនេះ ស្ថានភាពទឹកកសិន្ធុខាងលិចនៃក្រុងអង្គរធំ មើលទៅស្ទើតែមិនឃើញផ្ទៃទឹកសោះ ដោយសារមានពើកស្មៅដ៏ក្រាស់ៗដុះជុំជិតនៅទីនោះ តែពេលនេះប្រែមកជាស្រស់ស្អាតឡើងវិញបណ្តើៗហើយ ព្រោះតែការយកចិត្តទុកដាក់ថែទាំរបស់អាជ្ញាធរជាតិអប្សរា។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ចាប់តាំងពីថ្ងៃអនុវត្តការងារស្តារពីកជំហានដំបូង កាលពីថ្ងៃទី២៦ ខែមេសា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមការងាបានធ្វើការងារស្តារពើកស្មៅបានចំនួនជាង១៥០០០ម៉ឺនម៉ែត្រក្រឡា ពោលគឺអាចបញ្ចប់នារយៈពេល៣ខែខាងមុខ បើសិនជាមិនមានបញ្ហារាំងស្ទះណាមួយកើតឡើង។ ការងារនេះមិនអាចធ្វើលឿនទៅបាន ដោយសារពើកមានសភាពក្រាស់ ធ្ងន់ និង មានសត្វអាសិរពិស និងសត្វឈ្លើងនៅក្នុងពើក ដែលជាបញ្ហាប្រឈមខ្លះៗ សម្រាប់ក្រុមការងារចុះកាប់ពើក។

លោកបន្តទៀតថា ក្រោយពេលការងារស្តារពើកស្មៅដ៏ក្រាសនេះ រួចរាល់ រំពឹងថាបរិស្ថាន និងសោភ័ណភាពនៅបរិវេណកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងប្រែជាស្រស់ស្អាតឡើងវិញ ហើយក៏ជាទីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅទីនោះ។

សូមជម្រាបផងដែរថា ការងារស្ដារពើកជាជំហានដំបូងនេះ ធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា ក្រោមគំនិតផ្តួចផ្តើមនិងជួយឧបត្ថម្ភ ដោយលោកឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ភឿង សកុណា ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៏ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងសប្បុរសជនមួយចំនួនទៀត៕






No comments:

Post a Comment