Wednesday, June 16, 2021

លោកស្រី មិថុនា ភូថង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង និងនាយករដ្ឋបាលសាលាស្រុកមណ្ឌលសីមា

 កោះកុង÷ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង និងនាយករដ្ឋបាលសាលាស្រុកមណ្ឌលសីមា។

លោកស្រីអភិបាលខេត្ត បានលើកឡើងថា ដើម្បីរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុក បំពេញក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុកមណ្ឌលសីមាដែលទើបតែទទួលបានការតែងតាំងថ្មី លោកស្រីជឿជាក់ថា លោកអភិបាល លោក លោកស្រីអភិបាលរងស្រុក និងលោកនាយករដ្ឋបាល ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍ស្រុកមណ្ឌលសីម៉ា ឲ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។

ក្នុងនោះដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការបំពេញការងារក្នុងអង្គភាព លោកស្រីស្នើសុំដល់ក្រុមប្រឹក្សា គណៈអភិបាល ស្រុកមណ្ឌលសីមា ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការសំខាន់ៗដូចខាងក្រោម៖
ទី១. ការបន្តថែរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ
រាជរដ្ឋាភិបាលកម្ពុជាដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ បានផ្តល់គុណតម្លៃខ្ពស់បំផុតចំពោះការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សម្រាប់ជាមូលដ្ឋានក្នុងការជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកស្ទួយសិទ្ធិសេរីភាពក្នុងសង្គមស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។

ទី២. ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាកិច្ចការដែលមានការពាក់ព័ន្ធនឹងសកម្មភាពរបស់មនុស្សគ្រប់ៗរូបក្នុងសង្គម។

ទី៣. ការដោះស្រាយបញ្ហាទំនាស់ដីធ្លី
បច្ចុប្បន្នបញ្ហាទំនាស់ដីធ្លី នៅតែបន្តកើតមានខ្លះៗនៅឡើយក្នុងភូមិសាស្រ្តក្រុង-ស្រុក។ ពាក់ព័ន្ធនឹងបញ្ហាទំនាស់ដីធ្លី អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលស្រុក ត្រូវខិតខំព្យាយាមសម្របសម្រួលដោះស្រាយប្រកបដោយភាពអត់ធ្មត់ និងត្រូវមានវិធានការទប់ស្កាត់ ដើម្បីជៀសវាងកុំឲ្យបញ្ហានេះ បន្តកើតមានកាន់តែច្រើនឡើងដែលអាចបង្កភាពស្មុគស្មាញ និងកាន់តែមានការលំបាកក្នុងការដោះស្រាយ។

ទី៤. អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់ ឲ្យដំណើរការដោយរលូន ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត បានផ្តល់វគ្គតម្រង់ទិសដល់រដ្ឋបាលក្រុង ស្រុកជាបន្តបន្ទាប់ ក្នុងនោះរួមមាន អំពី ការដឹកនាំ។

ទី៥. អំពីការផ្តល់សេវាសាធារណៈ រដ្ឋបាលស្រុកត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោកស្រីអភិបាលខេត្ត ក៏បានស្នើដល់ក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោកមេឃុំ ត្រូវយកចិត្តទុកដាក់ចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងសេចក្តីណែនាំនានារបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានហ្មត់ចត់ និងឲ្យមានប្រសិទ្ធភាពខ្ពស់៕





No comments:

Post a Comment