Wednesday, June 16, 2021

លោក ទៀ បាញ់ អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៥

 ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតូ ប៉ាឌូកា សឺរីហាជី អេវ៉ាង ហាលប៊ី ប៊ីនហាជី យូសូ ទូមីនីច (Pehin_Datu Lailaraja Major General (Retired) Dato Paduka Seri Haji Awang Halbi Bin Haji MD Yussoftumimich) រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រ៊ុយណេដារូសាឡាំ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី-១៥ អេ ឌី អិម អិម (15 ADMM) -កិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិអាស៊ាន-បូក លើកទី ៨ (8″ ADMM-Plus) និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-ចិន ពីថ្ងៃទី១៥ ដល់១៦ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (online )។

ថ្លែងបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី-១៥ លោកអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រ៊ុយណេដារូសាឡាម បានសម្ដែងមោទនភាពចំពោះប្រទេសប៊ុ្រយណេ ដែលបានធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំនេះ បើទោះបីជាមានការប្រឈមនៅក្នុងតំបន់ក៏ដោយ ក៏យើងនៅតែបន្តកិច្ចប្រជុំនេះដែរ។ លោកសង្ឃឹមថា កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី-១៥ បានជំរុញឲ្យមានការជួបជុំគ្នា បង្កើននូវកិច្ចសហប្រតិបត្តិការបានល្អជាងមុន បើទោះបីជាជំងឺកូវីដ-១៩ បានធ្វើឲ្យមានបញ្ហាប៉ះពាល់ដល់ការងារទាំងឡាយ ដែលយើងកំពុងធ្វើទាំងអស់គ្នាក៏ដោយ ប៉ុន្តែទោះជាយ៉ាងណានៅក្នុងតំបន់នេះពួកយើងបន្តពង្រឹង ក៏ដូចជាព្យាយាមប្រយុទ្ធ ប្រឆាំងនឹងបញ្ហាទាំងអស់នេះ។

នៅក្នុងកិច្ចប្រជុំនាឱកាសនោះ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចូលរួមអនុម័ត ឯកសារទស្សនទានចំនួន ៤ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន និងសេចក្ដីប្រកាស បេដាសេរីបេហ្គាវ៉ាន់ ក្នុងការប្រារព្ធខួបលើកទី១៥ របស់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ឆ្ពោះទៅកាន់ការត្រៀមជាស្រេច សំរាប់អនាគត សន្តិភាព និងវិបុលភាពអាស៊ាន។

ថ្លែងទៅកាន់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី-១៥ លោក ទៀ បាញ់ បានសំដែងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប៊្រុយណេដាររូសាឡឹម ក្នុងការដោះស្រាយការងារដែលប្រកបដោយភាពប្រឈមទាំងឡាយ ក្នុងអំឡុងពេលនៃការធ្វើជាប្រធានឆ្នាំនេះ។ ក្នុងនោះ លោកបានថ្លែងអំណរគុណដល់ឧត្តមមន្ត្រីការពារជាតិ អាស៊ាន និងក្រុមការងារ ឧត្តមមន្ត្រីការពារជាតិអាស៊ាន សម្រាប់ការ ព្យាយាមជម្រុញរាល់គំនិតផ្តួចផ្តើមនានា ដើម្បីពង្រឹងឯកភាពអាស៊ាន និងមជ្ឈភាពអាស៊ាន និងសម្រេចបានកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់យើង។

កម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះឯកសារ ទស្សនទាន ដែលបានអនុម័តទាំងអស់ ជាឯកសារមានសារៈសំខាន់សម្រាប់ការថែរក្សា និម្មាបនកម្មសន្តិសុខ ដែលមានអាស៊ានជាមូលដ្ឋាន និងកិច្ចសហការ ជាមួយដៃគូខាងក្រៅ។

លើសពីនោះ កម្ពុជា ក៏សូមថ្លែងអំណរគុណដល់ភាពជាប្រធាន ដ៏ជំនាញរបស់ប៊្រុយណេដារូសាឡឹម ការជួយគ្នា និងការយោគយល់គ្នា ទៅវិញទៅមករបស់យើងទាំងអស់គ្នា ដើម្បីជម្នះរាល់ឧបសគ្គ ទាំងអស់នេះ។ តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី-១៥ លោក ទៀ បាញ់ បានបញ្ជាក់ថា៖ នៅពេលធ្វើជាប្រធាន អេ ឌី អិម អិម ( ADMM ) និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំក្រោយ កម្ពុជានឹងពិចារណាលើគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីចែករំលែក ជាមួយបងប្អូនអាស៊ាន ដោយមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កងកម្លាំងការពារជាតិអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងការគម្រាមកំហែងរួម លើកកម្ពស់ឯកភាពអាស៊ាន និងធានានិរន្តភាពនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់យើង។

លោក ទៀ បាញ់ បានបញ្ជាក់បន្ថែមថា៖ កម្ពុជា យល់ឃើញថា កិច្ចខិតខំប្រឹងប្រែងរួមរវាងកងកម្លាំងការពារជាតិអាស៊ាន ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតឆ្លងព្រំដែន គឺជាវិធានការសន្តិសុខ ចាំបាច់មួយ ក្នុងចំណោមវិធានការជាច្រើនទៀត។ កម្ពុជា ក៏ពិចារណាលើសំណើរឱ្យមានការគាំទ្រយន្តការលើកកម្ពស់ស្ត្រីអាស៊ាន ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ កម្ពុជា ស្នើសុំការពិចារណា និងស្វែងរកការគាំទ្រពីរដ្ឋសមាជិកអាស៊ានផ្សេងទៀត លើគំនិតផ្ដួចផ្ដើមទាំងអស់នេះ៕





No comments:

Post a Comment