Tuesday, June 15, 2021

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាព របស់ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ។ នេះបើតាមសារលិខិត ដែលទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ។

ក្នុងសារលិខិតរំលែកទុក្ខលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែនបានលើកឡើងថា «ខ្ញុំ និងភរិយា មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ បានទទួលមរណភាពក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ នាវេលាម៉ោង០០៖២០ រំលងអាធ្រាត ថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

ក្នុងវេលាប្រកបដោយសមានទុក្ខនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយស្រណោះ អាឡោះអាល័យ ចំពោះការបាត់បង់ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ដែលជាការបាត់បង់នូវម្ដាយ ជីដូន ប្រកបដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត និងជាព្រឹទ្ធាចារ្យសិល្បការិនីដ៏ឆ្នើម ដែលជាមរតកមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យ។ ពេញមួយជីវិតរបស់គាត់ ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត បានលះបង់ពេលវេលាដ៏មានតម្លៃ រួមចំណែកលើកស្ទួយ និងថែរក្សាសិល្បៈវប្បធម៌ដ៏រុងរឿងរបស់ជាតិយើង។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឧបាសិកាព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ» ៕



No comments:

Post a Comment