Wednesday, May 26, 2021

កងទ័ពមួកខៀវចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី២ ជូនពលរដ្ឋក្នុងខណ្ឌទួលគោក

កងទ័ពមួកខៀវ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃនេះបានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន២នៃខណ្ឌទួលគោក  ខណៈតំបន់ក្រហមមានប្រជាពលរដ្ឋជិត៨០ម៉ឺននាក់ បានចាក់វ៉ាក់សាំង។ 


នៅថ្ងៃទី២៥ ខែឧសភា ក្រុមគ្រូពេទ្យកងទ័ពមួកខៀវ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្សារដើមគ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយទីតាំងចាក់វ៉ាក់សាំងស្ថិតក្នុងសាលាបឋមសិក្សាបឹងសាឡាង។ ក្នុងដំណើរការចាក់ដូសទី២នេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចុះពិនិត្យអំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្រោមកិច្ចសហការ រវាងក្រុមគ្រូពេទ្យកងទ័ពមួកខៀវ ជាមួយអាជ្ញាធរមូលដ្ឋាន បានធ្វើឲ្យការរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបដោយសណ្តាប់ធ្នាប់ និងអនុវត្តនូវវិធានការសុខាភិបាលយ៉ាងខ្ពស់ ដើម្បីបង្ការពីការឆ្លងជំងឺកូវីដ១៩។


លោក សែម សុវណ្ណនី បានបញ្ជាក់ថា៖ ថ្ងៃនេះជាការចាប់ផ្តើមចាក់វ៉ាក់សាំងដូសទី២ ជូនប្រជាពលរដ្ឋក្នុងសង្កាត់ចំនួន២ និងទីតាំងតែមួយប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋសរុបដែលនឹងត្រូវចាក់វ៉ាក់សាំងមានចំនួនជាង ២ម៉ឺននាក់។ លោក បានកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនោះបានប្រែក្លាយមកជាតំបន់មិនមានហានិភ័យខ្ពស់ក៏ដោយ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវទទួលដូសទី២ សូមមេត្តាទៅទទួលតាមកាលបរច្ឆេទកំណត់ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃវ៉ាក់សាំង។


យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហម ក្នុងខណ្ឌចំនួន៦ នៃរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី២៥ ខែឧសភានេះមានប្រជាពលរដ្ឋជិត៨០ម៉ឺននាក់ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងប្រជាពលរដ្ឋកំពុងបន្តចាក់ដូសទី២ ចំនួនជិត៤០ម៉ឺននាក់ ខណៈប្រជាពលរដ្ឋសរុបដែលត្រូវចាក់វ៉ាក់សាំងចំនួនប្រមាណ១លាននាក់ ៕





No comments:

Post a Comment