Wednesday, May 26, 2021

ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នាំយកអំណោយចែកជូនគ្រួសាររងគ្រោះខ្យល់ដោយសារកន្រ្តាក់

បន្ទាយមានជ័យ៖លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកស្រី នួម សោភ័ណ អ្នកតំណាងរាស្ត្រ និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត អមដំណើរដោយអាជ្ញាធរស្រុក ឃុំ បានអញ្ជើញនាំយកអំណោយមនុស្សធម៌ របស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់បងប្អូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីពេលថ្មីៗនេះ ចំនួន ៥៨គ្រួសារ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។


ក្នុងនាមសាខាកាកបាទក្រហមកម្ពុជា លោក អ៊ុ រាត្រី មានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ជានិច្ចកាលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចអាជ្ញាធរខេត្ត មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់មានបញ្ហា ដោយការដាច់ស្បៀងហូបចុកនោះឡើយ។


លោក អ៊ុ រាត្រី បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការ ការពារជំងឺឆ្លងកូវីដ- ១៩នាពេលបច្ចុប្បន្ននេះ គ្រប់សាខា និងអនុសាខាតែងតែបានអនុវត្តតាមការណែនាំ របស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដោយបានបន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយជាប្រចាំ ពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់ អំពីអនាម័យ និង វិធានការនានាក្នុងការថែទាំសុខភាព ដើម្បីជៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងកើតឡើងនៅលើ  ប្រទេសទូទាំងពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជាយើងដែរ។


ក្នុងឱកាសនោះ លោក អ៊ុ រាត្រី បានមានប្រសាសន៍បន្តទៀតថាៈ ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះ ប្រទេសកម្ពុជាក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះ ប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាព និងរក្សាអនាម័យ និងចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តឲ្យបានតាម អនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីបហ៊ុន សែន គឺ៣ការពារ និង ៣កុំ។


អំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម

ត្រីខ ១០កំប៉ុង មី០១កេសតូច ទឹកស៊ីអុីវ៣ដប មុង០១ ភួយ០១ សារុង០១ ក្រមា០១ អាវយឺត០១ និងទឹកបរិសុទ្ធ០១ យួរ៕






No comments:

Post a Comment