Wednesday, May 26, 2021

ប្រជុំដកបទពិសោធន៍ចាក់វ៉ាក់សាំង ភូមិសាស្ត្ររាជធានីភ្នំពេញ នៅកងពលតូចលេខ ៧០

 នៅបញ្ជាការដ្ឋានកងពលតូចលេ៧០ កងទ័ពជើងគោក នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំវេទិការ ពិភាក្សាដកបទពិសោធន៍ជាមួយបណ្តាកងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសាលារាជធានីភ្នំពេញ បន្ទាប់ពីបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ដោយកម្លាំងក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ក្នុងដូសទី១ ត្រូវបានបញ្ចប់ និងបន្តចាក់ដូសទី២បន្ត នៅតាមបណ្តាខណ្ឌទាំង៦ ក្នុងរាជធានីភ្នំពេញ មានខណ្ឌពោធិ៍សែនជ័យ, មានជ័យ, ដង្កោ, កំបូល, ទួលគោក និងខណ្ឌឬស្សីកែវ។

បន្ទាប់ពី នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ ជាប្រធានប្រតិបត្តិយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ បានចូលរួមមតិស្វាគមន៍រួចមក នាយឧត្តមសេនីយ៍ នាង ផាត ក្នុងនាម លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកអគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ ជាប្រធានប្រតិបត្តិយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ.១៩ ព្រមទាំងប្រធានក្រុមការងារដឹកនាំអនុវត្តផ្ទាល់ និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ១៩ របស់កងយោធពលខេមរភូមិន្ទ ក្នុងប្រតិបត្តិការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ទ្រង់ទ្រាយធំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជូនប្រជាពលរដ្ឋ និងកម្មករ និយោជិត។

ទន្ទឹមនឹងភារកិច្ចខាងលើនេះ លោក នាង ផាត បានបន្តជំរុញនឹងអនុវត្តឲ្យមានប្រសិទ្ធិខ្ពស់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងប្រសាសន៍ណែនាំរបស់ លោកឧបនាយករដ្ឋមន្រ្តី ។ ក្នុងកិច្ចប្រជុំ នោះដែរ ក៏បានផ្តល់ឱកាសឲ្យតំណាងស្ថាប័នចូលរួមពិភាក្សាដកបទពិសោធន៍ ពីចំណុចខ្លាំង និងចំណុចខ្វះខាតដែលអង្គប្រជុំបន្តរួមគ្នាកែលម្អរ ធ្វើយ៉ាងណាឲ្យសម្រេចបានជោគជ័យទៅតាមផែនការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ពិសេសអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាស្រោចឲ្យបានជោគជាំនូវវ៉ាក់សាំង ទៅដល់ប្រជាពលរដ្ឋនៅភូមិសាស្ត្ររាជធានីភ្នំពេញ។

លែងប្រាប់អ្នកយកព័ត៌មានក្រោយកិច្ចប្រជុំ លោក ឥត សារ៉ាត់ បានបញ្ជាក់អំពីផែនការចាក់វ៉ាក់សាំងរបស់គ្រូពេទ្យ ខភម គឺត្រូវចាក់វាក់សាំងដល់ប្រជាពលរដ្ឋ ដែលនៅសេសសល់ អោយអស់ នូវដូសទី១ ពីពេលនេះទៅដល់ថ្ងៃទី៣១ ឧសភា។ លោក ក៏បានលើកឡើងពីសារៈសំខាន់ នៃបណ្ណចាក់វាក់សាំង របស់បងប្អូនប្រជាពលរដ្ឋយើងក្រោយពីការចាក់វាក់សាំង។ បណ្ណចាក់វាក់សាំងនេះ គឺបានបង្ហាញអំពីកាតព្វកិច្ចចំពោះពលរដ្ឋ ដែលបានបំពេញភារកិច្ចចាក់វាក់សាំង ក៏ដូចជាការចូលរួមប្រឆាំងការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ៕





No comments:

Post a Comment