Monday, April 12, 2021

លោកទេសរដ្ឋមន្ត្រី គន់ គីម ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ដែលកំពុងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យខេត្តប៉ៃលិន

 ប៉ៃលិន៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការអតីយុទ្ធជន និងជនពិការ និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អម ដំណើរ ដោយលោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានអញ្ជើញ ចុះ ជួបសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជន ដែលមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិន។

នាយឧត្តមសេនីយ៍ គន់ គីម បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ លោលនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដល់អតីតយុទ្ធជនទាំង អស់ក្នុងខេត្តប៉ៃលិន អោយខិតខំយកចិត្តទុកដាក់រក្សាការពារសុខភាព និងត្រូវអនុវត្តន៍នូវវិធានការការពារពីជំងឺកូវីត-១៩ ៣ការពារ ៣កុំ ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុង សហគមន៍ និងប្រទេសជាតិទាំងមូលផងដែរ។

លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍លើកឡើងថា ទុកលំបាក និងកង្វល់របស់បងប្អូនអតីត យុទ្ធជន គឺជាកាព្វកិច្ចរបស់ យើង ទាំងអស់គ្នា ជាពិសេសអាជ្ញាធរដែនដី ត្រូវចូលរួមសហការគ្នាជួយដោះស្រាយជូនពួកគាត់អោយបានទាន់ពេល វេលា ដោយមិនទុក ពួកគាត់ចោលនោះទេ ហើយជាក់ស្តែងនៅពេលនេះ រាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានយកចិត្តទុកដាក់ និងគិតគូដល់អតីតយុទ្ធជន ដោយផ្តល់ឱកាសឱ្យទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដំណាក់កាលទី២នេះ។

ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ជំរុញដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិនគ្រប់ថ្នាក់ និងគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ត្រូវបន្ត យកចិត្តទុកដាក់ដល់ ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ជាពិសេសមន្ត្រី ជំនាញពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ត្រូវរួមគ្នា ចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលជួបគ្រោះអាសន្ននានាទាំងកត្តាធម្មជាតិ និងកត្តាផ្សេងៗ ឱ្យបានទាន់ ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

សូមបញ្ជាក់ថា បច្ចុប្បន្នអតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន មានចំនួនសរុប ១៣៧៩ នាក់ ក្នុងនោះពិការ ចំនួន ៨១៧នាក់ និវត្តន៍ជន ចំនួន ៣៧១នាក់ បាត់បង់ ចំនួន ១៥នាក់ ពលី ១៤០នាក់ មរណៈចំនួន ៣៦នាក់ ក្នុងនោះមុខសញ្ញាដែលគ្មានដី គ្មានផ្ទះ និងរស់នៅលើដីសាធារណៈសរុប ៣៦គ្រួសារ៕






No comments:

Post a Comment