Monday, April 12, 2021

ដកស្រង់ប្រសាសន៍ សារសំឡេងស្នើឲ្យប្រជាពលរដ្ឋនឹងនរចិត្ត ដោយរដ្ឋនឹងចាក់ជូនបងប្អូនទៅតាមលំដាប់អាទិភាពនៅពេលវ៉ាក់សាំងមកដល់


 ជូនថ្នាក់ដឹកនាំរបស់យើងគ្រប់ថ្នាក់

អ្វីដែលខ្ញុំវាយតម្លៃ ហើយដែលថ្នាក់ដឹកនាំយើងមួយចំនួនដឹង គឺនៅត្រង់ថា ការវាយតម្លៃរបស់ខ្ញុំ ពិតជាបានត្រឹមត្រូវ។ មុននេះ ជាពិសេសនៅថ្ងៃទី ៤ ខែមីនា ពេលទើបទទួលបានវ៉ាក់សាំង ពេលនោះ ខ្ញុំបានគិតថា ពេលវេលានេះ គឺពួកវានឹងរារាំងការចាក់វ៉ាក់សាំង ប៉ុន្តែដល់ពេលវេលាមួយ​ ពួកវានឹងជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង។

ពិតប្រាដកណាស់ (ពួកគេបានធ្វើ)ការបំផុសបំផុលឱ្យប្រជាជន(កុំ)មកទទួលវ៉ាក់សាំង ហើយឃោសនាថា វ៉ាក់សាំងចិនជាវ៉ាក់សាំងចាក់ដើម្បីសម្លាប់ប្រជាជន។ ថ្ងៃនេះ (ពួក)វាបែរជាសរសើរវ៉ាក់សាំងរបស់ចិន។ នេះជាវិធីរុញទូកបណ្ដោយទឹក មិនមែនដើម្បីសេចក្ដីសុខរបស់ប្រជាជនទេ ក៏ប៉ុន្តែគោលបំណងធំបំផុតរបស់វា គឺដើម្បីជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង ក្នុងពេលដែលយើងមានវ៉ាក់សាំងមិនគ្រប់។ នេះជាចំណុចដែលខ្ញុំបានវិភាគតាំងពីជាងមួយខែមុនថា អាចោរចង្រៃនេះ នឹងចេញមកតាមទិសដៅហ្នឹងហើយ។​ ឥឡូវនេះ គឺពិតប្រាកដណាស់ (វាបាន)ចេញមកតាមទិសដៅហ្នឹងមែន។ ដូច្នេះ ទាមទារឱ្យយើងត្រូវអនុវត្តតាមផែនការមេរបស់យើងជាក់លាក់។ គោលបំណងវាឱ្យចាក់វ៉ាក់សាំងចិន មិនមែនជាគោលបំណងដែលវាមានពិតប្រាកដក្នុងចិត្តទេ ក៏ប៉ុន្តែជាគោលបំណងជំរុញឱ្យប្រជាជនមកដណ្ដើមវ៉ាក់សាំង ក្នុងពេលដែលវ៉ាក់សាំងរបស់យើងមានមិនគ្រប់។

យើងដឹងហើយថា យើងត្រូវការចាក់(វ៉ាក់សាំង)ឱ្យប្រជាជនចំនួន ១០ លាននាក់យ៉ាងតិច ដែលត្រូវការ ២០ លានដូស។ កុំថាឡើយការផ្គត់ផ្គង់វ៉ាក់សាំង សូម្បីតែសមត្ថភាពនៃការចាក់វ៉ាក់សាំងក្នុងមួយខែ យើងអាចចាក់បានត្រឹមតែ ១ លានដូសតែប៉ុណ្ណោះ។ ដូច្នេះ យើងត្រូវការជិត ២០ ខែទើបអាចចាក់អស់ចំនួនវ៉ាក់សាំង(ដែលត្រូវការ) បើសិនយើងមានវ៉ាក់សាំងគ្រប់ ២០ លានដូស។ (ការ)ជំរុញឱ្យប្រជាជន(មកទទួលវ៉ាក់សាំង) មិនមែនជាបំណងល្អរបស់វាទេ។ ទិសដៅរបស់វា មានចំណុចផ្សេង គឺជំរុញឱ្យប្រជាជនមកទទួលវ៉ាក់សាំងក្នុងពេលតែមួយ ដែល(នោះ)ជាចំណុចដ៏អាក្រក់នៃពូជក្បត់ជាតិមួយនេះ។

មុននេះ ខ្លួនវាផ្ទាល់ បានឱ្យមនុស្សរបស់វាបំផុស(ថា) វ៉ាក់សាំង(ចិនសម្រាប់យកមក)សម្លាប់ប្រជាជន។ ថ្ងៃនេះ វាសរសើរវ៉ាក់សាំងចិន មិនមែនជាបំណងល្អរបស់វាទេ។ គោលដៅគឺនៅម្ខាងទៀត នោះគឺការដណ្ដើម​វ៉ាក់សាំងរបស់ប្រជាជន ក្នុងពេលដែលយើងមានវ៉ាក់សាំងមិនគ្រប់គ្រាន់។ ខ្ញុំសូម​ស្នើ​ឱ្យ​ប្រ​ជាពលរដ្ឋរបស់យើងនឹងនរចិត្ត។ រាជរដ្ឋាភិបាលនឹងចាក់ជូនទៅតាមលំដាប់អាទិភាព។ នៅពេលដែលវ៉ាក់សាំងមកដល់ យើងនឹងពិនិត្យក្រុមណាត្រូវចាក់មុន និងក្រុមណាដែលនៅចាក់ក្រោយ។ យើងក៏មានការចែងចែកទៅតាមអាយុ។ (វ័យ) ៥៩ ឆ្នាំចុះ ត្រូវទទួលវ៉ាក់សាំង Sinopharm, អាយុពី ១៨ ឆ្នាំឡើងលើ ទទួល Sinovac និងអាយុ ៦០ ឆ្នាំឡើងលើទទួល AstraZeneca។ នេះជាផែនការមេរបស់យើង ដែលប្រជាជនយើងមិនត្រូវជ្រួលច្របល់មកទទួលយកវ៉ាក់សាំងនោះទេ។

(សូមបញ្ជាក់ថាការបំផុសនេះ)មិនមែនជាបំណងល្អរបស់ (ដែលខ្ញុំនិយាយធ្ងន់បន្តិចចុះ) កូនអាក្បត់ជាតិនេះ(នោះទេ)។ គឺមិនអាចទទួលយកនូវផែនការរបស់វាបានទេ។ ដូច្នេះ យើងនៅតែដំណើរការចាក់វ៉ាក់សាំងទៅតាមការគ្រោងទុករបស់យើង និងលទ្ធភាពនៃការផ្គត់ផ្គង់ ដែលយើងនឹងទទួលវ៉ាក់សាំងក្នុងឆ្នាំនេះ និងបន្តបន្ទាប់ទៅទៀត រហូតដល់យើងទទួលគ្រប់តាមផែនការរបស់យើង។

ប្រជាជនក៏មិនត្រូវសម្រុកមកទីកន្លែងដែលគ្មានការរៀបរយនោះដែរ។ ថ្ងៃនេះ ល្បិច(ពួកវា)បានចេញមកហើយ។ អ្វីដែលខ្ញុំព្យាករជាងមួយខែមុន គឺច្បាស់លាស់ថា (ពួកវា)ចាប់ផ្ដើមពីការរារាំង និងរុញឱ្យប្រ​ជាជនមកទទួលវ៉ាក់សាំងតែម្ដង។ ដូច្នេះ យុទ្ធសាស្រ្តនេះ វាមិនអាចរំលងទៅលើភ្នែករបស់ ហ៊ុន សែន ដែលបានវាយតម្លៃគ្រប់ជំហានដ៏អាក្រក់របស់អ្នកឯងបានទេ។

ដូច្នេះ សូមប្រជាពលរដ្ឋរបស់យើង និងមន្រ្តីការងារចាក់វ៉ាក់សាំងរបស់យើង បន្តដំណើរការទៅតាមការគ្រោងទុកនៃផែនការមេរបស់យើង។ សូមអរគុណ៕

No comments:

Post a Comment