Monday, April 12, 2021

នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ជំនួយម៉ាសចំនួន ២លាន និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយចំនួនដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបសន្ទនាតាមប្រព័ន្ធវីដេអូ (Video Conference) ជាមួយលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ក្នុងជំនួបព្រឹកមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ ដែលទើបត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោក បានសម្ដែងនូវការជឿជាក់ថាផ្អែកលើបទពិសោធន៍ដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏រឹងមាំ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងសម្រេចបានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកាន់តែល្អប្រសើរ និងវិបុលភាពជូនប្រជាជនឡាវ។ 


នាយករដ្ឋមន្ត្រីទាំងពីរ បានសម្ដែងនូវការពេញចិត្តទៅវិញទៅមកចំពោះទំនាក់ទំនងល្អជិតស្និទ្ធដោយឈរលើមូលដ្ឋានចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញបញ្ចប់ឲ្យបានឆាប់នូវសេចក្តីព្រៀងផែនការសកម្មភាពសម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា វិស័យនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌។


ប្រមុខដឹកនាំនៃប្រទេសទាំងពីរ មានសេចក្តីរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ដែលបានកើនឡើងពីត្រឹម១០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៩ រហូតដល់ ១០៤លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០។ ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពន្លឿនការចរចារលើ «កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា»។ 


ចំពោះស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលឡាវក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ នាយករដ្ឋមន្ត្រីឡាវ ក៏បានថ្លែងអំណរគុណដ៏ស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ជំនួយម៉ាសចំនួន ២លាន និងគ្រឿងបរិក្ខារវេជ្ជសាស្ត្រមួយចំនួន ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅប្រទេសឡាវ។ នាយករដ្ឋមន្ត្រីទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់ក្នុងការពង្រឹងកិច្ចសហការរួមដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃជំងឺនេះ។


ក្រៅពីសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានផ្លាស់ប្ដូរគំនិត និងប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការពហុភាគីនានា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឡាវ ដែលបានគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM លើកទី១៣ នៅចុងឆ្នាំ២០២១ និងជាប្រធានអាស៊ាន នៅឆ្នាំ២០២២។ 


ក្នុងឱកាសដ៏មហានក្ខត្តឬក្សនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឡាវ ដែលនឹងប្រព្រឹត្តទៅក្នុងពេលតែមួយ នាយករដ្ឋមន្រ្តីទាំងពីរ បានជូនពរគ្នាទៅវិញទៅមកឲ្យទទួលបានសុខភាពល្អ វិបុលភាព និងសុភមង្គលដល់ប្រជាជនកម្ពុជា និងឡាវ។


នៅចុងបញ្ចប់នៃការសន្ទនាតាមវីដេអូខុនហ្វឺរ៉ែន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញលោកនាយករដ្ឋមន្រ្តី ផនខំា វីផាវ៉ាន់ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ។ ដូចគ្នានេះដែរ នាយករដ្ឋមន្រ្តី ផនខំា វីផាវ៉ាន់ ក៏បានអញ្ជើញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតាមពេលវេលាសមស្របណាមួយ៕






No comments:

Post a Comment