Monday, February 03, 2020

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ វត្តមានខ្ញុំនៅក្រៅប្រទេសម្តងៗ មានអ្នកស្វាគមន៍ ច្រើនជាងក្រុមប្រឆាំងធ្វើបាតុកម្ម

នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ពេលលោកទៅទីណាក៏ដោយ ជាពិសេសនោះនៅក្រៅប្រទេសម្តងៗ គឺ មានអ្នកស្វាគមន៍ច្រើនជាងក្រុមប្រឆាំងធ្វើបាតុកម្ម។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រពលរដ្ឋ និងពលករ សិស្ស និស្សិត នៅ សាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “ម្សិលមិញថ្ងៃឈប់ ខ្ញុំស្មានតែមានបាតុកម្ម ឬមនុស្សច្រើនជន់លិចទី ក្រុងសេអ៊ូល ទៅហើយ។ តែមិញនេះ ខ្ញុំបើកមើលហ្វេសប៊ុកគេបញ្ជូនមកមានអ្នកស្រែកមួយ ហើយមាន អ្នកស្រែកពីក្រោយ ដោយស្រែកយ៉ាងតិកៗ តែប៉ុន្មាននាក់ ហើយមកធ្វើបាតុកម្មប្រឆាំង ហ៊ុន សែន នោះមិនអាចទៅរួចទេ។”
លោកនាយករដ្ឋមន្ត្រីបានបន្តថា ស្ថានភាពដូចជាមានភាពខុសគ្នា ឆ្ងាយ ទោះបីគេបើកឱ្យធ្វើតែមានចំនួនតិចយ៉ាងនឹងធ្វើអ្វីកើត ជាក់ស្តែងកាលពីម្សិលមិញ ថ្ងៃឈប់គួរមានមនុស្សច្រើន។ លោកបានបន្ថែមថា “ខ្ញុំទៅញូយ៉ក ទឹកដីអាម៉េរិក ក៏នៅតែមាន អ្នកស្វាគមន៍ ហ៊ុន សែន ច្រើនជាង ទៅបារាំងក៏មានអ្នកស្វាគមន៍ ហ៊ុន សែន ច្រើនជាង ទៅ បែលហ្ស៊ិក ក៏មានអ្នកស្វាគមន៍ ហ៊ុន សែនច្រើនជាង។ តែលើកលែងទីក្រុងហ្ស៊ឺណែវទេ ពួក បាតុ ករធ្វើបាតុកម្មអត់មានទាល់តែសោះ មិនដឹងឆុងអ្វីទេ។”
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កាលទៅទីក្រុងហ្ស៊ឺណែវលើកក្រោយ ទាល់តែ ហ៊ុន សែន ចេញបាត់ទើបមានបាតុកម្មកើតឡើង តែបាតុកម្មនេះមិនមានលទ្ធផលអ្វីទេ។ លោកបានបន្ថែមថា សម្រាប់កម្មករ សិស្ស និស្សិត និងប្រជាពលរដ្ឋដែលមានប្តី ប្រពន្ធជាជនជាតិកូរ៉េ មកដល់ពេលនេះមានបញ្ហានោះគឺសឹងនិយាយដន្លងនឹងគ្នាទៅហើយ។
លោកបានថ្លែងបន្ថែមថា “កម្ពុជា និងកូរ៉េ បច្ចុប្បន្ននេះជាដន្លងនឹងគ្នា ទៅហើយ ដោយទាំងស្ត្រី និងបុរសមានមានប្រមាណជាង៨ពាន់នាក់ ដែលមានគ្រួសារជាកូរ៉េ បើអីញ្ចឹង កូនឡើងជាង១ម៉ឺននាក់ហើយ”។ ជាមួយគ្នានោះដែរ លោកបានឱ្យដឹងដែរថា លោកនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកូរ៉េ ដោះស្រាយបញ្ហាកូនៗ ចៅដែលជាកូន កាត់ ដែលគេចេះទាំងភាសារខ្មែរផង និងកូរ៉េផង ហើយបើនិយាយពីការទំនាក់ទំនងកម្ពុជា-កូរ៉េ បានធ្វើការភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៩៦ មកម្លេះ។
បើតាមការបញ្ជាក់របស់ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅ សាធារណរដ្ឋកូរ៉េបានឱ្យដឹងថា បច្ចុប្បន្ននេះមានប្រជាជនជាង៦៥,០០០នាក់ កំពុងរស់នៅ ប្រទេសកូរ៉េ៕















No comments:

Post a Comment